ការប្រកួតរវាងក្រុម Juventus និង Salernitana បានបញ្ចប់ទៅក្នុងលទ្ធផល ២-២ ខណៈដែលលើទីលាននៅចុងម៉ោងនោះមានការប៉ះទង្គិចគ្នាច្រើនរហូតកាតក្រហមដល់ទៅ៤នាក់ឯណោះ។
សម្រាប់ការប្រកួតនេះដែរក្រុមភ្ញៀវ Salernitana ធ្វើបានល្អនៅតង់ទី១ ដោយរកគ្រាប់បាល់នាំមុខទៅលើក្រុមម្ចាស់ផ្ទះ Juventus បានដល់ទៅ២គ្រាប់ឯណោះ។ ខណៈដែលចូលដល់តង់ទី២វិញ ក្រុមសេះបង្កង់ក៏រកគ្រាប់បាល់តាមស្មើ២គ្រាប់បានវិញ ហើយនៅចុងម៉ោងនោះកីឡាករ Arkadiusz Milik ក៏រកបានគ្រាប់បាល់ជ័យជម្នះបានទៀត ប៉ុន្តែចុងក្រោយត្រូវអាជ្ញាកណ្ដាលបដិសេធវិញ។ កន្លែងនេះហើយ ទើបបណ្ដាលឱ្យមានកាតក្រហមកើតឡើង។ ដោយខាង Juventus បានកាតក្រហម៣នាក់គឺ កីឡាករ Arkadiusz Milik , Juan Cuadrado និងអ្នកចាត់ការ Massimilano Allegri។ សម្រាប់ក្រុម Salernitana វិញមានម្នាក់ដែរគឺកីឡាករ Federico Fazio ។
ក្រុម Juventus នារដូវកាលថ្មីនេះមានទម្រង់លេងមិនសូវល្អនោះទេ។ ពួកគេទើបរកបាន១០ពិន្ទុប៉ុណ្ណោះឆ្លងកាត់៦ប្រកួតមកនេះ ដោយឈរនៅចំណាត់ថ្នាក់លេខ៨ក្នុងតារាង Serie A ។ ដោយក្រុមលេខ១នាពេលបច្ចុប្បន្ននេះ គឺ Napoli ដែលឆ្លងកាត់៦ប្រកួតដូចគ្នាមាន១៤ពិន្ទុ៕


