Barcelona បញ្ចប់​កំណត់ត្រាខកខានឈ្នះ ១៦ ឆ្នាំ តែ​ក្រុម​ចាញ់ Cadiz ជា​អ្នក Assist ជីវិត​អ្នក​គាំទ្រ

លើស​ពី​ប្រកួត​ដើម្បី​តែ​លទ្ធផល​គ្រាប់​បាល់ ក៏​ប៉ុន្តែ​នៅ​ជំនួប​រវាង​ Cadiz ជា​ម្ចាស់ផ្ទះ ទល់​ក្លឹប​ភ្ញៀវ Barcelona យប់មិញ បាន​បន្សល់​ទុក​នូវ​ហេតុការណ៍​ដ៏​រន្ធ.ត់ និង​ទង្វើ​គួរ​ឲ្យ​គោរព ដល់​ទទួល​បាន​ការ​សាទរ​យ៉ាង​ធំធេង​ពី​អ្នក​គាំទ្រ​ក្នុង​កីឡដ្ឋាន។

អ្នក​មាន​បុណ្យ​បាន​យក​ឈ្នះ ជាមួយ​លទ្ធផល​បញ្ចប់ ៤-០ តែ​មុន​នោះ ការ​ប្រកួត​ត្រូវ​បាន​ផ្អាក​ជិត​មួយ​ម៉ោង ដោយ​ហេតុការណ៍​តក់.ស្លុត​បាន​កើត​ឡើង​នៅ​នាទី ៨២ កំឡុង​ពេល​ក្រុម​ដឹកនាំ​ដោយ​លោក Xavi Hernandez បើក​ការ​នាំ​មុខ​មុនពីរគ្រាប់។ ភ្លាមៗ​ស្រាប់​តែ​មាន​អ្នក​គាំទ្រ​វ័យ​ចំណាស់​ម្នាក់ មិនស្គាល់​អត្តសញ្ញាណ បាន​ដួល​សន្លប់​នៅ​តំបន់​អង្គុយ​ទស្សនា ហើយ​ភាព​ចលាចល​ក៏​បន្លឺ​សំឡេង​ឡើង ដល់​កីឡាករ​លើ​ទីលាន ប្រញាប់​ស្រែក​ប្រាប់​បន្ត​ទៅ​កាន់​អាជ្ញាកណ្ដាល ឲ្យ​ផ្អាក​ការ​ប្រកួត។

ក្នុង​កីឡដ្ឋាន Estadio Nuevo Mirandilla ពេល​នោះ បាន​ស្ងប់ស្ងាត់​មួយ​រំពេច ដោយ​មានការសហការដើម្បីជួយ​សង្គ្រោះ​អ្នក​គាំទ្រ ដែល​កំពុង​មាន​អាការៈ​គាំង​បេះដូង ប៉ុន្តែ​ភ្លាមៗ​មិន​មាន​ឧបករណ៍​គ្រប់គ្រាន់​ក្នុង​ដៃ​នោះ​ទេ។ ឃើញ​បែប​នេះ អ្នកចាំទី​ក្លឹប Cadiz កីឡាករ Jeremias Ledesma ក៏​មិន​បង្អែបង្អង់​យូរ ហើយ​ស្ទុះ​វឹង​រត់​ទៅ​យក​ប្រអប់​សង្គ្រោះ​បន្ទាន់ Defibrillator ពី​ជ្រុង​ម្ខាង​ទៀត​ក្នុង​កីឡដ្ឋាន ពីក្រុមសង្រ្គោះ ហើយ​ក៏​បានរត់​យ៉ាងលឿន សំដៅបោះ​បញ្ជូន​ប្រអប់​នោះ ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ។

រូបភាព​មួយ​សន្លឹក​ដែល​គេ​កំពុង​ចាប់​អារម្មណ៍ និង​សរសើរ​បំផុត គឺ​កន្លែង​នេះ​ហើយ ដែល​ក្រុម​គ្រូ​ពេទ្យ​នៃ​ក្លឹប Barcelona បាន​បោះ​ប្រអប់​សង្រ្គោះ​បន្ទាន់ ទៅ​ឲ្យ Ledesma ជាអ្នកចាំទីនៃក្លឹបគូប្រជែង Cadiz ហើយ​បញ្ជូន​បន្ត ទៅ​ឲ្យ​កន្លែង​កើត​ហេតុ ដើម្បី​តែ​គោលដៅ​រួម នោះ​គឺ​ជួយ​ជីវិត​អ្នក​គាំទ្រ ឲ្យ​ឆ្លង​ផុត​ពី​ទ្វារ​មរ.ណៈ។

វីរបុរស​ទី​ពីរ​របស់ Cadiz គឺ​ជា​កីឡាករ​បម្រុង លេង​តំណែង​បម្រើ Jose Mari ដែល​គេ​បាន​ប្រញាប់ប្រញាល់​ទៅ​រក​ប្រង់ការ ហើយ​លើក​សំដៅ​ទៅ​ទីតាំង​កើត​ហេតុ ដើម្បី​ជួយ​សម្រួល​លើក​ជន​រងគ្រោះ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។

សភាពការណ៍​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ ១០០ ភាគរយ​នោះ​ទេ ដោយ​កីឡាករ​ជា​ច្រើន បាន​ឱន​ក្បាល​ចុះ ​បន់ស្រន់​ទាំង​ទឹក​មុខ​ភិតភ័យ ហើយ​ក្រោយ​មក​ក៏​អាជ្ញាកណ្ដាល​សម្រេច​ឲ្យ​អ្នក​រាល់​គ្នា​លើ​ទីលាន​ទាំង​អស់ ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ ជា​ហេតុ​នាំ​ឲ្យ​ការ​ប្រកួត​ត្រូវ​ផ្អាក​អស់​ពេល​ជិត​ ១ ម៉ោង។

បើ​តាម​ការ​លើក​ឡើង​ពី​ប្រធាន​ក្លឹប Cadiz លោក Manuel Vizcaino បញ្ជាក់​ថា តាម​ពិត​ទៅ​មិនមែន​តែ​ម្នាក់​ទេ ក្រោយ​តែ​ករណី​បុរស​ជួប​បញ្ហា​បេះដូង ប៉ុន្មាន​នាទី​ក្រោយ ក៏​មាន​អ្នក​កាន់​កាមេរ៉ា​មួយ​រូប​ទៀត​ដួល​សន្លប់​ព្រម​គ្នា តែ​ពួក​គេ​ត្រូវ​បាន​ក្រុម​សង្គ្រោះ​ជួយ​យ៉ាង​សស្រាក់សស្រាំ​ ហើយ​ឥឡូវ​នេះ ក៏​បាន​ជា​សះស្បើយ ត្រលប់​មក​សភាព​ធម្មតា​វិញ​ដែរ។

ងាក​ទៅ​លោក Xavi Hernandez ក៏​និយាយ​ដែរ​ថា៖ “ជីវិត​មនុស្ស​គឺ​សំខាន់​ជាង​អ្វីៗ​ទាំង​អស់ វា​សំខាន់​ជាង​ការ​ប្រកួត ហើយ​បើ​មាន​រឿង​អកុ.សល​អ្វី​កើត​ឡើង ពិត​ណាស់​ត្រូវ​តែ​ផ្អាក​ការ​ប្រកួត​ជា​បន្ទាន់”។ គួរ​រំឭក​ថា ជ័យជម្នះ​យប់មិញ​របស់ Barcelona គឺ​ជា​ការ​បញ្ចប់​កំណត់ត្រា​មិន​ស្គាល់​ពាក្យ​ថា ឈ្នះ ខកខាន​កើត​មាន​តាំង​ពី​ឆ្នាំ ២០០៦។ ជួប​គ្នា ៤ លើក​កន្លង​មក Cadiz យក​ឈ្នះ ២ ស្មើ ២ មុន Barca អាច​សាង​ជ័យជម្នះ​ជា​ថ្មី នៅ​ឆ្នាំ ២០២២ នេះ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT