PSG ដាក់​គោលដៅ​លើ​កីឡាករ​បារាំង​រូប​នេះ ទុក​ជំនួស Messi រដូវ​កាល​ក្រោយ

ក្លឹប​បារាំង Paris Saint-Germain ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​ចង់​នាំ​យក Antoinez Griezmann របស់​ក្លឹប Barcelona សម្រាប់​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ ឆ្នាំ ២០២៣ លើ​គោលដៅ​យក​មក​ជំនួស​កន្លែង Lionel Messi ជា​ខ្សែ​ប្រយុទ្ធ​កំណត់​ត្រូវ​ផុត​កុងត្រា​នា​ចុង​រដូវ​កាល។

Griezmann ពេល​នេះ នៅ​ឈរ​ជើង​ឲ្យ​ក្លឹប​ Atletico Madrid ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង តែ​បង្ហាញ​ទម្រង់​លេង​ល្អ​គួរ​សម ទោះ​ត្រូវ​ត្បិតត្បៀត​ពេលវេលា​បង្ហាញ​ខ្លួន​លើ​ទីលាន។ ជា​ការ​ពិត​តាម​កិច្ច​ព្រមព្រៀង បើ AT ហ៊ាន​តែ​ប្រើ​កីឡាករ​បារាំង លើស ៤៥ នាទី​ក្នុង​ប្រកួត​ទោល នោះ​នឹង​ត្រូវ​ទូទាត់​ទិញ​ផ្តាច់​កុងត្រា​តម្លៃ ៤០ លាន​អឺរ៉ូ​ជា​កំហិត។

យ៉ាង​ណា​គេ​ជឿ​ថា លោក Diego Simeone នឹង​មិន​ចាប់​អារម្មណ៍​ចង់​បាន Griezmann ពេញ​ថ្លៃ​ទេ ក៏​ជា​ហេតុ​បើក​ផ្លូវ​ឲ្យ PSG ងាក​ទៅ​មាន​កូន​ចិត្ត និង​បាន​ត្រៀម​ខ្លួន​រួចរាល់ ជាមួយ​តម្លៃ​ប្រហាក់ប្រហែល​នោះ គឺ ៣៥ ទៅ ៤០ លាន​អឺរ៉ូ នាំ​យក​គេ​មក​សហការ​ជាមួយ Kylian Mbappe នៅ​តំបន់​ប្រយុទ្ធ​ខាង​លើ។

សម្រាប់ Messi ឯ​ណោះ បើ​តាម​ភាគរយ​ គេ​អាច​នឹង​វិល​ទៅ​ទ្រនំ​ចាស់ Barcelona ក៏​ថា​បាន ​បន្ទាប់​ការ​ផុត​កុងត្រា​នៅ​ក្លឹប​ក្នុង​ទីក្រុង​ប៉ារីស។ នេះ​បើ​តាម​សារព័ត៌មាន Futbol Total បាន​ចុះ​ផ្សាយ៕

ប្រភព៖ Futbol Total

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT