Tite ថា​ Neymar ពេល​នេះ​លែង​ដូច​ពី​មុន​ហើយ ដាក់​ឲ្យ​លេង​ស្លាប​ឆ្វេង​គឺ​អត់​ត្រូវ​ទេ

អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល លោក Tite បាន​ធ្វើ​ការ​បញ្ជាក់​ច្បាស់ ថា Neymar នឹង​មិន​ដាក់​ឲ្យ​លេង​តំណែង​ស្លាប​ប្រយុទ្ធ​ខាង​ឆ្វេង​ដូច​កាល​ពី​មុន​ទេ ពោល​នៅ​ព្រឹត្តិការណ៍ FIFA World Cup 2022 នឹង​កំណត់​ទៅ​តំណែង​ផ្សេង អាច​ជា​ប្រយុទ្ធ​កណ្តាល ឬ Playmaker លេង​នៅ​កណ្ដាល​ច្រើន​ជាង។

ជា​ការ​ពិត Neymar បាន​ជាប់​នៅ Role ហ្សីន​របស់​គេ ទាំង​នៅ Santos, Barcelona និង​សូម្បី PSG ជាមួយ​អាវ​លេខ ១០ នៅ​ស្លាប​ខាង​ឆ្វេង តែ Tite យល់​ឃើញ​ផ្សេង ថា​អតីតកាល​គួរ​តែ​ត្រូវ​បាន​កែ​តម្រូវ ព្រោះ​ Neymar ជំនាន់​ថ្មី​នេះ គេ​មាន​បច្ចេកទេស​នៃ​ការ​លេង​ផ្សេង​ពី​មុន។

ប្រាប់​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ប្រេស៊ីល លោក Tite ថា៖ “Neymar ពេល​គេ​ស្ថិត​នៅ​កម្រិត​ដ៏​ខ្ពស់​ទាំង​កាយ​សម្បទា​ និង​បច្ចេកទេស គេ​មុតស្រួច​ណាស់ គេ​រហ័ស​ជាង​មុន ហើយ​ក៏​អាច​គេច​ផុត​ពី​ការ​ប៉ះ​ទង្គិច​នានា​ផង​ដែរ ដូច្នេះ​តំណែង​ថ្មី​របស់​គេ គឺ​ដក​ចេញ​ពី​ខាង​ឆ្វេង មក​តំបន់​ខាង​ក្នុង​វិញ”។

លោក​សង្កត់​ធ្ងន់៖ “របៀប​នេះ អាច​ឲ្យ​គេ​មាន​ចន្លោះ ចង្វាក់​បម្លាស់​ទី​ក៏​អាច​ល្អ​ជាង​មុន ហើយ​ការ​បង្កើត​ឱកាស​ក៏​ដូច​គ្នា ជា​រួម​ទៅ​ការ​លេង​ស្លាប​គឺ​លែង​មាន​ទៀត​ហើយ​សម្រាប់ Neymar នោះ​វា​ជា​សម័យកាល ២០១៤ និង ២០១៨ ខណៈ Neymar សម័យ​កាល​បច្ចុប្បន្ន​គឺ​ផ្សេង​គ្នា”៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT