លោក Jose Mourinho បានបញ្ជាក់ថាលោកចង់បន្ដដឹកនាំក្រុម Manchester United ហើយក៏គ្មានចិត្តចង់ទៅដឹកនាំក្រុម Real Madrid វិញដែរ។
ក្នុងសន្នីសីទកាសែតមុនប៉ះ Juventus លោក Jose ត្រូវបានអ្នកកាសែតជាច្រើនសួរនាំពីការចង់ទៅដឹកនាំក្រុម Real Madrid គ្រាដែលអ្នកចាត់ការក្រុមអេស្ប៉ាញបច្ចុប្បន្នកំពុងប្រឈមការបណ្ដេញចេញ។ ចម្លើយយ៉ាងខ្លីពី អ្នកចាត់ការល្បីឈ្មោះរូបនេះ គឺលោកនិយាយថា No ។ Jose បន្ថែមទៀតថា៖ “អនាគតខ្ញុំនៅទីនេះ ខ្ញុំនៅសល់កុងត្រា ហើយចាប់ពីពេលនេះរហូតដល់អស់កុងត្រា គឺខ្ញុំគិតតែពី Man Utd ប៉ុណ្ណោះ។ ហើយខ្ញុំនឹងនៅទីនេះបន្ដទៀត ប្រសិនបើមានការបន្ដកុងត្រា ក្រោយអស់កុងត្រាចាស់”។
ក្រុម Real Madrid កំពុងជួបបញ្ហា ដោយសារតែបរាជ័យជាប់ៗគ្នាពេក។ ហេតុនេះ បានធ្វើឱ្យតំណែងរបស់លោក Julen កំពុងត្រូវខ្យល់ខ្លាំង ហើយអាចបាត់បង់គ្រប់ពេលវេលា ជាពិសេសប្រសិនបើចាញ់នៅវគ្គសន្សំពិន្ទុ Champions League ថែមទៀតនោះ៕ប្រភពDailyMail