គេ​ឆ្ងល់​គ្រប់​គ្នា! ​នេះ​ជា​មូលហេតុ​ដែល Aubameyang ពាក់​ម៉ាស​មុខ នៅ​បរាជ័យ​បើក​ឆាក UCL យប់មិញ

ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង ឲ្យ​ក្លឹប​តោ​ខៀវ Chelsea កាល​ពី​យប់​មិញ ក៏​ចំ​ថ្ងៃ​ប្រកួត​ពាន​រង្វាន់ UEFA Champions League តែ​ក្លឹប​មិន​ទទួល​បាន​សំណាង​ល្អ​នោះ​ទេ ដោយ​រង​បរាជ័យ​ ០-១ ក្រោម​ថ្វី​ជើង​ម្ចាស់ផ្ទះ Dinamo Zagerb។

កីឡាករ​សញ្ជាតិ​ហ្គាបុង បាន​ពាក់​អាវ​លេខ ៩ ឈរ​ជើង​លើ​ទីលាន នៅ​ជម្រើស ១១ នាក់​ដំបូង ដល់​នាទី ៥៩ ទើប​ប្តូរ​ចេញ​ជំនួស​ដោយ​កីឡាករ​វ័យ​ក្មេង Armando Broja។ យ៉ាង​ណា​កំឡុង​ពេល​ឈរ​ជើង​ឲ្យ Chelsea នៅ​ប្រកួត​បើក​ឆាក Aubameyang ធ្វើ​មិន​បាន​ល្អ​នោះ​ឡើយ ដោយ​អត្រា​បញ្ជូន​បាល់​ជោគជ័យ​មាន​ត្រឹម ៦៩ ភាគរយ ហើយ​មិន​បាន​ស៊ុត​សូម្បី​តែ​មួយ​ជើង សំដៅ​ទៅ​បង្គោល​ទី​ក្លឹប​គូ​ប្រជែង និងហួសចិត្តបំផុតគឺរត់ហួសជំហរបាល់ Offside ដល់ទៅ ៣ លើក។

ក៏​ប៉ុន្តែ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​បុរស​វ័យ ៣៣ ឆ្នាំ បែរ​ជា​ពាក់​ម៉ាស​បិទ​មុខ ខុស​ពី​សព្វ​មួយ​ដង មិន​ថា​តែ​ការ​ឈរ​ជើង​ឲ្យ Barcelona ក៏​បង្ហាញ​មុខ​ពេញលក្ខណៈជា​ធម្មតា។ តើ​នេះ​គឺ​ជា​ស្ទាយ​នៃ​ការ​តុបតែង​ខ្លួន ឬ​បែប​ណា?

បើ​តាម​សារព័ត៌មាន Goal បាន​បកស្រាយ​ថា មូលហេតុ​ដែល Aubameyang ពាក់​ម៉ាស​មុខ​កាល​ពី​យប់មិញ គឺ​ដោយសារ​តែ​បិទ​បាំង និង​ព្យាបាល​ត្រង់​បញ្ហា​របួស​ថ្គាម ក្រោយ​រង​ការ​វាយប្រហារ​ប្រតាយប្រតប់​ជាមួយ​ក្រុម​ចោរ លួច​ចូល​ប្ល.ន់​ផ្ទះ​របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន នៅ​ឯ​ទីក្រុង​កាតាឡូញ៉ា ប្រទេស​អេស្ប៉ាញ។

Aubameyang បាន​បញ្ជាក់​កាល​ពី​ពេល​កន្លង​ទៅ​ថា៖ “នៅ​យប់​ថ្ងៃ​អាទិត្យ មាន​ករណី​អំពើ​ហិង្សា ចូល​មក​ក្នុង​ផ្ទះ​របស់​ខ្ញុំ ហើយ​បាន​គំរាម​ក្រុម​គ្រួសារ និង​កូនៗ រួច​លួច​យក​របស់​មួយ​ចំនួន​ចេញ​ទៅ ពួក​គេ​បាន​ធ្វើ​ឲ្យ​ថ្គាម​របស់​ខ្ញុំ​របួស តែ​យ៉ាង​ណា​វា​នឹង​ជា​សះស្បើយ​ក្នុង​ពេល​ឆាប់ៗ ហើយ​ក៏​អរគុណ​ព្រះ​ជា​ម្ចាស់ ដែល​មិន​មាន​អ្នក​ឯ​ទៀត​រង​របួស​ដល់​រាងកាយ”។

ហេតុផល​នេះ​ហើយ​ដែល Aubameyang បាន​ត្រឹម​ចុះ​ហត្ថលេខា​ឲ្យ Chelsea ហើយ​ពុំ​បាន​ចូលរួម​លេង​កាល​ពី​ប៉ះ West Ham កន្លង​ទៅ និង​បាន​ត្រឹម​អង្គុយ​ទស្សនា​ការ​ប្រកួត​ប៉ុណ្ណោះ។ ក្រោយ​មក​លោក Thomas Tuchel បាន​សហការ​ជាមួយ​ក្រុម​គ្រូ​ពេទ្យ ដើម្បី​វាយ​តម្លៃ​អំពី​ស្ថានភាព​របួស​ថ្គាម​របស់​កីឡាករ ទើប​សម្រេច​ថា បំពាក់​ម៉ាស​លើ​ផ្ទៃ​មុខ​មួយ​ចំហៀង​របស់​គេ គឺ​អាច​អនុញ្ញាត​ឲ្យ​គេ​ចូល​លេង​បាន​ជា​ធម្មតា។

ពាក់ព័ន្ធ​នឹង​រឿង​ម៉ាស​មុខ​នេះ​ដែរ កន្លង​មក​ក៏​ខ្សែ​ប្រយុទ្ធ​ខាង​លើ ធ្លាប់​ពាក់​វា​ផង​ដែរ តែ​ជា​ម៉ាស​មុខ​អបអរ ដូច​កាល​ពី​ដំបូង​គ្រា​ឈរ​ជើង​ឲ្យ​ក្លឹប​បារាំង Saint-Etienne គេ​ពាក់​ម៉ាស​មុខ Spider-Man ដើម្បី​ជា​ការលា​ ទៅកាន់​អតីត​អ្នកចាំទី​របស់​ក្លឹប លោក Jeremie Janot។

រំឭក​បន្តិច​ថា នៅ​ពាន UCL យប់មិញ សម្រាប់​កីឡាករ​ជំនាញ​ជើង​ស្តាំ គឺ​ខកខាន​តាំង​ពី​រដូវ​កាល ២០១៧/១៨ គ្រា​នោះ​លេង​ឲ្យ​ក្លឹប Borussia Dortmund លុះ​ក្រោយៗ​មក ជាមួយ​ការ​ឈរ​ជើង​ឲ្យ Arsenal និង Barcelona គឺ​បាន​ត្រឹម​លេង​ពាន Europa League ដល់​តែ​មក​បើក​ឆាក​ជា​ថ្មី ឲ្យ​ Chelsea នៅ UCL ក៏​ស្រាប់​តែ​ស្គាល់​បរាជ័យ​ភ្លែត។ ប្រកួត​បន្ទាប់​របស់​ក្រុម​ដឹកនាំ​ដោយ​លោក Thomas Tuchel ពួក​គេ​កំណត់​ជួប​ក្លឹប Fulham នា​វេលា​ម៉ោង ០៦:៣០ នាទី​ល្ងាច​ថ្ងៃ​សៅរ៍ ទី ១០ កញ្ញា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS SPORT៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT