គ្រូ Napoli ​ថា​អ្នក​គាំទ្រ​នឹង​ស្រែក​បំភ័យ​ Liverpool ​នៅ​រាត្រី​នេះ​

​លោក Spalletti ​គ្រូ​បង្វឹក​របស់​ក្រុម Napoli ​បាន​និយាយ​ថា​អ្នក​គាំទ្រ​របស់​ខ្លួន​នឹង​ស្រែក​បំភ័យ​ក្រុម Liverpool ​នៅ​រាត្រី​នេះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​។


​ក្រុម​ជើង​ឯក​រង Liverpool ​នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​ដំបូង​នៅ UCL ​របស់​ខ្លួន​នៅ​រាត្រី​នេះ ដោយ​ប៉ះ​ជាមួយ​ក្រុម Napoli ​របស់​អ៊ីតាលី។ ​ដោយ​មុន​ការប្រកួត​នេះ​ដែរ ​លោក Spalletti ​គ្រូ​បង្វឹក​របស់​ក្រុម Napoli ​មើល​ឃើញ​ថា​ក្រុម​របស់​លោក​នឹង​ធ្វើ​ការ​ធ្ងន់ ព្រោះ Liverpool ​ជា​ក្រុម​ល្អ​មួយ​នា​ពេល​បច្ចុប្បន្ន ​បើ​ទោះ​ជា​ប៉ុន្មាន​ប្រកួត​មក​នេះ​ពួកគេ​មាន​បញ្ហា​ដោយសារ​កីឡាករ​របួស​ច្រើន​ក៏​ដោយ។

​ទន្ទឹម​គ្នា​នេះ​ដែរ ​បុរស​វ័យ​៦៣​ឆ្នាំ​ខាង​លើ​ក៏​ធានា​ឱ្យ​វិញ​ផង​ដែរ​ថា​សម្រែក​អ្នក​គាំទ្រ​នៅ​កីឡដ្ឋាន​របស់​ក្រុម Napoli ​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ផ្លូវ​ចិត្ត​របស់​សមាជិក​ក្រុម Liverpool ​មិន​ខាន។ ​លោក Spalletti ​បាន​អះអាង​ថា​៖ “ខ្ញុំ​ដឹង​ច្បាស់​ថា​នៅ​រាត្រី​នេះ ​សម្រែក​របស់​អ្នក​គាំទ្រ Napoli ​អាច​ឮ​ដល់​ទឹក​ដី Anfield ​ឯ​ណោះ។ ​ការ​រីករាយ​ដោយ​សម្រែក​អ្នក​គាំទ្រ ​នឹង​ជួយ​ដល់​ក្រុម​របស់​យើង​បាន​ច្រើន។ ពួកគេ​ដឹង​ច្បាស់​ថា​នឹង​ត្រូវ​ធ្វើ​បែប​ណា​នៅ​រាត្រី​នេះ”។

​រំលឹក​ថា​លោក Spalletti ​បាន​ជួប​គ្រោះ​ថ្នាក់​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ដែល​ធ្វើ​ឱ្យ​លោក​ខកខាន​បង្វឹក​ក្រុម​ប៉ុន្មាន​ថ្ងៃ​មក​ហើយ។ ​យ៉ាងណាមិញ ​ក្រោ​យពី​ត្រួត​ពិនិត្យ​ល្អិតល្អន់​ទៅ ​លោក​នឹង​អាច​ចូល​មក​ដឹក​នាំ​ក្រុម​បាន​វិញ​ហើយ ដើម្បី​ត​ទល់​ជាមួយ​ក្រុម Liverpool ​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT