AFC U-19 ឆ្នាំនេះ ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី កំពុងតែជួបទុក្ខ គ្រាដែលវៀតណាម ធ្លាក់ដោយស្វ័យប្រវត្តិ

ជាក្រុមតែ ៤គត់ បង្ហាញខ្លួននៅក្នុងពានរង្វាន់ AFC U-19 Championship 2018 ក្រុមម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី ទទួលបានលទ្ធផលល្អគួរសម ខណៈដែល ថៃ ម៉ាឡេស៊ី និងវៀតណាម សុទ្ធតែកំពុងតែជួបទុក្ខ ពោលគឺក្រោយពីពុំទាន់មានលទ្ធផលឈ្នះនៅឡើយ។

ក្រុមយុវជនជម្រើសជាតិឥណ្ឌូណេស៊ី ស្ថិតក្នុងពូល A ដោយបានប្រកួតឈ្នះឆាយនីសតៃប៉ិ ក្នុងប្រកួតបើកឆាក ៣-១ តែចាញ់ កាតា ៥-៦ ក្នុងប្រកួតទីពីរ ។ ពួកគេនៅមានសង្ឃឺមអាចឡើងទៅវគ្គបន្ត ប្រសិនអាចឈ្នះក្រុមកំពូលតារាង អារ៉ាប់រួម ក្នុងប្រកួតទីបី ហើយ កាតា ស្មើ ឬចាញ់ឆាយនីសតៃប៉ិ ។

រីឯក្រុមយុវជនជម្រើសជាតិថៃ ឯនោះវិញ ឆ្លងកាត់ ២ប្រកួតកន្លងមក ស្មើជាមួយអ៊ីរ៉ាក់ ៣-៣ តែចាញ់ជប៉ុន ១-៣ វិញ ដូចនេះ ពួកគេត្រូវការឈ្នះកូរ៉េខាងជើង​ ដាច់ខាតក្នុងប្រកួតបិទពូល ទើបអាចកក់កៅអីទៅវគ្គ ៨ក្រុមចុងក្រោយ ។

វៀតណាម ហាលអាវមុនគេបង្អស់ ពោលគឺក្រោយពីជួបបរាជ័យទាំង ២ប្រកួត ក្នុងនោះ ចាញ់ហ្ស៊កដានី និងអូស្រ្តាលី ក្នុងលទ្ធផល ១-២ ដូចគ្នា។

ម៉ាឡេស៊ី ទើបតែបើកឆាកការប្រកួតរបស់ខ្លួន បានមួយប្រកួតប៉ុណ្ណោះ ដោយរងបរាជ័យទល់នឹង អារ៉ាប៊ីសាអូឌីត ១-២ ។ ពួកគេនឹងត្រូបន្តជួប តាជីគីស្ថាន ក្នុងថ្ងៃអង្គារ៍នេះ ដើម្បីបង្កើតឱកាសឡើងទៅវគ្គបន្តឱ្យមានសង្ឃឹមឡើងវិញ ៕
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT