Tuchel ៖ខ្ញុំខឹងខ្លួនឯង នៅពេលឃើញទម្រង់លេង Chelsea បែបនេះ

​លោក Thomas Tuchel ​បាន​អះអាង​ថា​ក្នុង​ក្រុម Chelsea ​នៅ​ពេល​នេះ ​សុទ្ធ​តែ​មាន​កំហុស​ឆ្គង​គ្រប់​កន្លែង​ទាំង​អស់ ទើប​បណ្ដាល​ឱ្យ​លទ្ធផល​មិន​គាប់​ប្រសើរ។

​ក្រុម​តោ​ខៀវ Chelsea ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Dinamo Zagreb ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ការ​ប្រកួត​បើក​ឆាក​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ពាន​រង្វាន់ UEFA Champions League ​នៅ​យប់មិញ​នេះ​។ ​ជាមួយ​លទ្ធផល​លេង​ចាញ់​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​សម្ពាធ​កាន់​តែ​កើន​ឡើង​បន្ថែម​ទៀត​ទៅ​លើ​តំណែង​អ្នក​ចាត់ការ​ក្រុម​របស់​លោក Tuchel ​ព្រោះ​លោក​បាន​ទិញ​កីឡាករ​ថ្មី​ចូល​ច្រើន​នាក់​ណាស់ តែ​លទ្ធផល​វិញ​លេង​ចាញ់​ទាំង​នៅ​លីគ ​និង​ក្របខណ្ឌ Champions League​។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​ទៅ ​លោក Tuchel ​បាន​បង្ហាញ​អារម្មណ៍​ថា​៖ “នៅ​ខណៈ​នេះ​គ្រប់​យ៉ាង​សុទ្ធ​តែ​បាត់បង់​ទាំង​អស់។ យើង​ត្រូវ​ការ​ពេល​ច្រើន​ដើម្បី​ពិនិត្យ​ឡើង​វិញ ​ហើយ​ខ្ញុំ​ក៏​ត្រូវ​មើល​លើ​តាក់តិច​ខ្លួន​ឯង​ដែរ។ ​ខ្ញុំ​ខឹង​​ខ្លួន​ឯង ​ខ្ញុំ​ខឹង​ចំពោះ​ទម្រង់​លេង​របស់​យើង។ យើង​ត្រូវ​ការ​ធ្វើ​ឱ្យ​បាន​ល្អ​ជាង​នេះ។ ខ្ញុំ​ពិត​ជា​ភ្ញាក់ផ្អើល​ចំពោះ​ទម្រង់​លេង​នៅ​ថ្ងៃ​នេះ​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT