កូន​ប្រុស​បង្កើត​ម្ចាស់​ក្លឹប​បឹង​កេត ​បាន​ហាត់​នៅ La Liga ​១​ឆ្នាំ​ពេញ ​ក្រោយ​ធ្វើ​តេស្ដ​ជោគជ័យ​

​កីឡាករ Dome ​ដែល​ត្រូវ​ជា​កូន​ប្រុស​បង្កើត​របស់​ម្ចាស់​ក្លឹប​បឹង​កេត ​អ្នក​ស្រី ពុធ ធីតា ​នៅ​ពេល​នេះ​បាន​ឱកាស​ទៅ​ហ្វឹកហាត់​នៅ​អេស្ប៉ាញ​ក្រោម​ក្របខណ្ឌ La Liga ​ដល់​ទៅ​១​ឆ្នាំ​ពេញ​ឯ​ណោះ។

​វ៉ាសុណាន់ កះសិដេជ ​ហៅ​ក្រៅ​ថា Dome ​បាន​ហ្វឹកហាត់​នៅ​កម្ពុជា ​និង​ទទួល​បាន​ឱកាស​ចូល​លេង​នៅ​ជម្រើស​ជាតិ​ក្នុង​ឈុត​យុវជន​ផង​ដែរ។ ​យ៉ាងណាមិញ ​កីឡាករ​វ័យ​ក្មេង​រូប​នេះ​ក៏​ទទួល​បាន​ឱកាស​បោះ​ជំហាន​ទៅ​មុខ​មួយ​កម្រិត​ទៀត​ហើយ ​ក្រោយ​ពី​គេ​ធ្វើ​តេស្ដ​យ៉ាង​ជោគជ័យ​ជាមួយ​ក្របខណ្ឌ La Liga ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ​Dome ​នឹង​បាន​ហ្វឹកហាត់​នៅ​អេស្ប៉ាញ​រយៈ​ពេល​១​ឆ្នាំ​ពេញ​តែ​ម្ដង។

​ក្រុម​គ្រួសារ​របស់​លោក​ស្រី ពុធ ធីតា ​បាន​ទៅ​លើក​ទឹក​ចិត្ត​កូន​ប្រុស​ដល់​ប្រទេស​អេស្ប៉ាញ​ផ្ទាល់​មួយ​រយៈ​មក​ហើយ ​មុន​ពេល​ទទួល​បាន​លទ្ធផល​ល្អ Dome ​ជាប់​ឈ្មោះ​បាន​ហ្វឹកហាត់​នេះ។ ​ដោយ​ឡែក​យុវជន​កម្ពុជា​រូប​នេះ​ហាក់​ស្និទ្ធ​ជាមួយ​បាល់ទាត់​នៅ​អេស្ប៉ាញ​ច្រើន ព្រោះ​ថា​រូបគេ​កន្លង​ទៅ ​ក៏​ទទួល​បាន​ឱកាស​ទៅ​ហាត់​ជាមួយ​យុវជន Barcelona ​ម្ដង​រួច​មក​ហើយ​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT