Aubameyang ​នឹង​បង្ហាញ​ខ្លួន​ឱ្យ Chelsea ​នៅ​រាត្រី​នេះ​ក្នុង​ពាន UCL ​

​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Pierre-Emerick Aubameyang ​នឹង​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម​តោ​ខៀវ Chelsea ​នៅ​រាត្រី​នេះ​ហើយ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Dinamo Zagreb ​ក្នុង​ពាន​រង្វាន់ UEFA Champions League​។

​ក្រុម​របស់​លោក Thomas Tuchel ​មាន​បញ្ហា​នៅ​តំបន់​ប្រយុទ្ធ ​បើ​ទោះ​ជា​ពួកគេ​នាំ​ចូល​កីឡាករ​ជា​ច្រើន​នាក់​ហើយ​ក្ដី ប៉ុន្តែ​នៅ​មិន​ទាន់​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ។ ​អ្នក​គាំទ្រ​សង្ឃឹម​ថា​វត្តមាន​របស់ Aubameyang ​នឹង​អាច​កែប្រែ​ស្ថានភាព​ឡើង​វិញ​បាន​ខ្លះ ជា​ពិសេស​សម្រាប់​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ UEFA Champions League ​នៅ​រាត្រី​នេះ​តែ​ម្ដង។

​បើ​តាម​ការ​អះអាង​ផ្ទាល់​ពី​លោក Tuchel ​អ្នក​ចាត់ការ​ក្រុម Chelsea ​គឺ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​នឹង​បាន​នាទី​លេង​សម្រាប់​ការ​ប្រកួត​នៅ​រាត្រី​នេះ ប៉ុន្តែ​មិន​ទាន់​ច្បាស់​ថា​នឹង​ចូល​លេង​ដើម​តង់​ឬ​ប្ដូរ​ចូល​នោះ​ទេ។ តែ Aubameyang ​នឹង​ត្រូវ​លេង​ដោយ​ពាក់​ម៉ាស់​ការពារ​មុខ ​ក្រោយ​ពី​គេ​រង​របួស​ថ្គាម​កាល​ពី​ពេល​កន្លង​ទៅ​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT