Ten Hag រក​ឃើញ​ចន្លោះ ត្រឹម​តែ​ជាង ១០ ​ថ្ងៃ​បត់​ជោគវាសនា Man Utd ពី​ក្លឹប​បាត​តារាង មក​ Top 5

Premier League រដូវ​កាល​នេះ ពោរពេញ​ដោយ​ការ​ប្រកួតប្រជែង ហើយ​ក៏​មាន​រឿងរ៉ាវ​នឹក​ស្មាន​មិន​ដល់​ជា​ច្រើន​បាន​កើត​ឡើង។ មួយ​ក្នុង​ចំណោម​នោះ ងាក​ទៅ​ស្ថានការណ៍ Manchester United ក៏​ហាក់​មាន​ការ​ផ្លាស់ប្ដូរ​លឿន​ត្រឹម​មួយ​រំពេច​ផង​ដែរ។

កាល​ពី​ ២ ជុំ​ដំបូង ទល់ Brighton និង Brentford ក្លឹប​បិសាច​ក្រហម ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ ពោល​ចាញ់​ទាំង​ ២ ធ្លាក់​ឈ្មោះ​ទៅ​បាត​តារាង ខកខាន​កើត​មាន​​ច្រើន​ឆ្នាំ។ លុះ​ដល់​ប្រកួត​ជុំ​ទី ៣ ទល់ Liverpool រៀង​មក រហូត​ត​មក​ដល់​ការ​ប៉ះ Arsenal ចុង​ក្រោយ​នេះ ក្លឹប​បែរ​បង្កើត​លទ្ធផល​មិន​គួរ​ឲ្យ​ជឿ នោះ​គឺ​អាច​យក​ឈ្នះ​ជាប់ៗ​គ្នា​ដល់​ទៅ ៤ លើក ហើយ​របូត​តែ ២ គ្រាប់​គត់។

ហេតុផល​ចម្បង​ នាំ​ឲ្យ​ក្លឹប​ម្ចាស់ដី Old Trafford មាន​ការ​ផ្លាស់ប្តូរ​មក​ចំណាត់ថ្នាក់​ល្អ ឆាប់​រហ័ស​បែប​នេះ ក៏​ដោយសារ​តែ​ចន្លោះ​ប្រហោង​ដែល​អ្នកចាត់ការ​សញ្ជាតិ​ហូឡង់ បាន​រក​ឃើញ និង​កែតម្រូវ​ទាន់​ពេលវេលា នោះ​គឺ​តំបន់​ការពារ និង​សម្រួចបន្ថែមនៅតំបន់ប្រយុទ្ធ។

Ten Hag មើល​ឃើញ​ថា ប្រព័ន្ធ ៤-៣-៣ មិន​អាច​យក​ជា​ការ​បាន​ឡើយ ហើយ​ក៏​ប្តូរ​មក​តេស្ត​ប្រព័ន្ធ ៤-២-៣-១ តែ​ការ​សាកល្បង​ដំបូង ចាញ់ Brentford ស្ពឹក​មុខ ដល់ ៤-០។ ប្រកួត​នោះ​ហើយ ជា​ពេល​ដែល​ធ្វើ​ឲ្យ​បុរស​វ័យ ៥២ ឆ្នាំ​មាន​ការ​យល់​ឃើញ ថា​ការ​ចាប់​គូ​រវាង Lisandro Martinez និង Harry Maguire ជា​ការ​សម្រេច​ចិត្ត​ខុស​របស់​ខ្លួន ហើយ​ផ្លាស់​មក​ដាក់​កីឡាករ​បារាំង Raphael Varane ឲ្យ​ចូល​លេង​ជំនួស​វិញ។

ចាប់​តាំង​ប្រកួត​ទល់ Liverpool ជញ្ជាំង​ការពារ​ក្រោម របស់ United ដែល​មាន​កីឡាករ​បារាំង&អាហ្សង់ទីន​សហការ​គ្នា គឺ​ឃើញ​ថា ទទួល​បាន​ផល​ល្អ គ្រប់​ការ​ប្រកួត​ទាំង​អស់ តែ​វា​ក៏​អរគុណ​ដល់​ការ​អម​ស្លាប​សង​ខាង​យ៉ាង​មាន​ប្រសិទ្ធភាព​នៃ Diogo Dalot និង Tyrell Malacia ផង​ដែរ។

ខណៈ​ដែល​តំបន់​បម្រើ Ten Hag មើល​មិន​ឃើញ​ចន្លោះ​អ្វី​ត្រូវ​កែ​តម្រូវ​ឡើយ ព្រោះ Scott McTominay គេ​កំពុង​ធ្វើ​បាន​ល្អ រី​ឯ Bruno Fernandes ​ក៏​មិន​ទាន់​រក​ឃើញ​អ្នក​ដែល​គួរ​មក​ជំនួស ហើយ​ពេល​ចុង​ក្រោយ កាន់​តែ​ធ្វើ​ឲ្យ​លោក​មើល​ឃើញ​ច្បាស់ អំពី​ទេពកោសល្យ​និង​គុណភាព​របស់​ខ្សែ​បម្រើ​ដាណឺម៉ាក Christian Eriksen។

ប៉ុន្តែ​ចូល​ដល់​តំបន់​ប្រយុទ្ធ United ពេល​នេះ កំពុង​មាន​តែ​មាន​ទំនុកចិត្ត ជា​ពិសេស​ក្រោយ​ការ​មក​ដល់​របស់​ខ្សែ​ប្រយុទ្ធ​ស្លាប Antony។ បុរស​សញ្ជាតិ​ប្រេស៊ីល ក៏​ទើប​តែ​បើក​គណនី​គ្រាប់​បាល់​ឲ្យ​បិសាច​ក្រហម​កាល​ពី​យប់​មិញ ហើយ​ក៏​ទទួល​បាន​ការ​សរសើរ​មិន​ដាច់​ពី​មាត់ ពី​អ្នកចាត់ការ ថា​ពូកែ​ក្នុង​ការ​ប្រើប្រាស់​ល្បឿន និង​ភាព​ច្នៃប្រឌិត​នៃ​ចង្វាក់​លេង​លើ​ទីលាន។

យុទ្ធសាស្រ្ត​ដែល​គេ​ចាប់​អារម្មណ៍ គឺ Ten Hag លែង​ប្រើ Cristiano Ronaldo នៅ​ជម្រើស ១១ នាក់​ដូច​បណ្តា​អ្នកចាត់ការ​ដទៃ ហើយ​បែរ​ដាក់​កីឡាករ​ព័រទុយហ្គាល់​ឲ្យ​អង្គុយ​បម្រុង សឹម​លេង​នៅ​កំឡុង​តង់​ទី ២។ ជម្រើស​ឈុត​តំបន់​ប្រយុទ្ធ​ដែល​អតីត​គ្រូ Ajax កំពុង​ជឿ​ទុក​ចិត្ត​បំផុត​ពេល​នេះ មាន Marcus Rashford, Antony និង Jadon Sancho ដែល​ប្តូរ​ពី​ស្លាប​ស្តាំ មក​លេង​នៅ​ស្លាប​ឆ្វេង​វិញ។

គិត​ត្រឹម​ជុំ​ទី ៦ នៅ​តារាង​លីគ​កំពូល​អង់គ្លេស Man Utd បាន​រំកិល​ឡើង​មក​ឈរ​លេខ ៥ មាន ១២ ពិន្ទុ ចាញ់ ៣ ពិន្ទុ​គត់​ធៀប​នឹង​ក្លឹប​កំពូល​តារាង Arsenal។ កាលបរិច្ឆេទ​ប្រកួត​បន្ទាប់ ក្លឹប​ត្រូវ​ងាក​ទៅ​ជំនួប​នៅ Europa League ជា​ការ​ប៉ះ​គ្នា​ជុំ​ទី ១ វគ្គ​ចែក​ពូល កំណត់​ជួប Real Sociedad នា​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​សុក្រ​ទី ៩ ​កញ្ញា មុន​បន្ត​ការ​លេង​នៅ PL ជួប​ម្ចាស់ដី Crystal Palace នា​ថ្ងៃ​អាទិត្យ៕​

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT