អ្នកចាត់ការលោក Thomas Tuchel បានបង្ហើបថា Kepa Arrizabalaga ជាអ្នកចាំទីដៃទីពីរ មានសង្ឃឹមអាចនឹងជាប់ជម្រើសដំបូងវិញ ក្រោយលោកមើលឃើញ ពីការត្រៀមលក្ខណៈរួចរាល់ ក៏ជួនពេលចុងក្រោយ Edouard Mendy ហាក់ធ្លាក់ដៃ បង្កកំហុសជារឿយៗនៅការប្រកួត។
កន្លងមកទល់ West Ham ក៏អ្នកចាំទីសញ្ជាតិសេណេហ្គាល់បន្តបង្កើតកំហុសផងដែរ តែសំណាងហើយឆែក VAR អាជ្ញាកណ្តាលសម្រេចមិនអនុញ្ញាតផ្តល់គ្រាប់បាល់ទៅឲ្យក្រុមញញួរ កុំអី ខាងតោខៀវខាតបង់ ២ ពិន្ទុទៀត ក្នុងករណីបានត្រឹមស្មើ។
ងាកទៅលោក Tuchel បាននិយាយអំពីស្ថានភាព Kepa៖ “ហ្នឹងហើយកន្លងមកគេព្យាយាមចង់ចាកចេញពិតមែន ដល់ឥឡូវគេជ្រើសយកការបន្តនៅ ខ្ញុំពិតជារីករាយនឹងរឿងហ្នឹង ហើយមើលឃើញថា គេបានត្រៀមលក្ខណៈរួចរាល់ហើយ”។
លោកបន្ត៖ “វាសំខាន់នៅតែលើយើងផ្តល់ឱកាសឲ្យគេឬអត់ប៉ុណ្ណោះ គ្រាន់យើងអាចនិយាយពេលនេះបានថា Kepa គេត្រៀមលក្ខណៈរួចរាល់ ១០០ ភាគរយ របៀបនៃការហ្វឹកហាត់របស់គេពិតជាល្អខ្លាំង”។ យើងនឹងរង់ចាំមើលចំណាត់ការគ្រូសញ្ជាតិអាល្លឺម៉ង់ ស្របពេលប្រកួតបន្ទាប់ជាជំនួប UCL វគ្គចែកពូល កំណត់ត្រូវជួបម្ចាស់ដី Dinamo Zagerb នៅយប់ស្អែក វេលាម៉ោង ១១:៤៥ នាទីយប់៕
ប្រភព៖ Sportsmole


