ក្រុមយុវជន TIFFY ARMY FC Academy បានក្លាយជាជើងឯកពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ ក្រោយយកឈ្នះ សាលាតម្រង់ទិសខេត្តស្វាយរៀង ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៥-៣ ខណៈការប្រកួតពេញម៉ោងបញ្ចប់ត្រឹម ១-១ ។
តាមរយៈការប្រកួតផ្តាច់ព្រ័ត្រ នៅទីលានមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ក្រុមយុវជនរបស់ទ័ពនៅតែធ្វើបានល្អដដែល ដោយពួកគេលេងស្មើជាមួយក្រុមយុវជនស្វាយរៀងក្នុងលទ្ធផល ១-១។ ខណៈដែលឈានដល់វគ្គសំខាន់ទាត់ប៉េណាល់ទីនោះ ពួកគេក៏ធ្វើបានល្អថែមទៀត ដោយយកឈ្នះបានក្នុងលទ្ធផល ៥-៣ ដើម្បីគ្រងជើងឯកយុវជនកម្រិតក្រោមអាយុ១៥ឆ្នាំតែម្ដង។
ងាកទៅមើលក្រុមវិសាខា Visakha Academy ក៏បានក្លាយជាជើងឯកពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម១៨ឆ្នាំ បន្ទាប់ពីយកឈ្នះក្រុមខ្លាំង ភ្នំពេញក្រោន ៣-១ និងជាកំណត់ត្រាលេងមិនចាញ់សោះរបស់ពួកគេនៅរដូវកាលនេះផងដែរ៕


