លោក Diego Simeone បានពន្យល់យ៉ាងច្បាស់ហើយចំពោះហេតុផលដែលលោកមិនអាចដាក់ខ្សែប្រយុទ្ធ Antoine Griezmann ឱ្យចូលលេងនៅជម្រើសដំបូងបាន។
Griezmann ជាកីឡាករដែលក្រុម Atletico Madrid ខ្ចីជើងពីក្រុម Barcelona មក។ ក្នុងលិខិតកុងត្រាខ្ចីជើងនោះបានបញ្ជាក់យ៉ាងច្បាស់ថានៅរដូវកាលនេះ ប្រសិនបើកីឡាករបារាំងអាចលេងបាន៥០%នៃការប្រកួតរបស់គេទាំងអស់ នោះក្រុម AT Madrid ត្រូវទិញយកគេដាច់តែម្ដងនៅឆ្នាំ២០២៣ ដែលតម្លៃខ្លួននោះគឺ៣៥លានផោន ត្រូវបង់ឱ្យទៅក្រុម Barcelona ។
ដោយសារតែកត្ដានេះហើយ ទើបលោក Simeone ដែលជាអ្នកចាត់ការក្រុម AT Madrid មិនអាចដាក់គេឱ្យចូលលេងជម្រើសដំបូងឬច្រើននាទីក្នុងមួយប្រកួតបាននោះទេ។ ដោយ៣ប្រកួតកន្លងមកនេះ Griezmann ត្រូវប្ដូរចូលនៅនាទី៦៤ នាទី៦២ និងនាទី៧៥។ នេះសបញ្ជាក់ឱ្យឃើញថាក្រុម AT Madrid កំពុងរៀបល្បិចមិនឱ្យគេលេងបានដល់៥០%នៃការប្រកួតរបស់គេឡើយ ដូច្នេះក្រុមក៏មិនចាំបាច់បង់៣៥លានផោនទៅ Barcelona ។
លោក Simeone ក៏បន្ថែមទៀតថាអ្នកគាំទ្រទាំងអស់ប្រហែលជាស្គាល់លោកច្បាស់ហើយថាលោកស្រលាញ់ក្លឹបនេះប៉ុណ្ណា។ លោក នឹងធ្វើគ្រប់យ៉ាងដើម្បីផលប្រយោជន៍ក្លឹប៕


