ខ្សែ​ការពារ Aston ​ថា Haaland ​ក៏​ជា​មនុស្ស​ដែរ ​ដូច្នេះ​ក៏​អាច​បិទ​បាន​ដូច​គ្នា​

Jan Bednarek ​ខ្សែ​ការពារ​ចំណូល​ថ្មី​របស់​ក្រុម Aston Villa ​បាន​អះអាង​ថា​ខ្សែ​ប្រយុទ្ធ Earling Haaland ​ក៏​ជា​មនុស្ស​ធម្មតា​ដូច​គេ​ដូច​ឯង​ដែរ ដូច្នេះ​គង់​តែ​មាន​វិធី​សាស្ត្រ​ដើម្បី​បិទ​ជាប់​ដដែល។

​ក្រុម​ Aston Villa ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ Manchester City ដែល​កំពុង​ឡើង​ជើង​ខ្លាំង​នៅ​សប្ដាហ៍​ទី​៦​នេះ​ហើយ។ ​ដោយ​បច្ចុប្បន្ន​នេះ City ដែល​មាន Haaland ​ជា​ម៉ាស៊ីន​រក​គ្រាប់​បាល់​នោះ ​បាន​ធ្វើ​ឱ្យ​ក្រុម​ដទៃ​ក៏​ញញើត​ជាមួយ​សមត្ថភាព​បញ្ចប់​ទី​របស់​គេ​ដែរ ព្រោះ​បាន​ឃើញ​ស្រាប់​នៅ​២​ប្រកួត​ចុង​ក្រោយ​មក​នេះ ​គឺ​កីឡាករ​ន័រវេស​រក​បាន​ដល់​ទៅ​៦​គ្រាប់​ឯ​ណោះ។ ​ការ​ធ្វើ​បាន Hat-trick ​ដល់​ទៅ​២​ប្រកួត​ជាប់​គ្នា ​មិន​មែន​ជា​រឿង​ធម្មតា​នោះ​ទេ​នៅ​ក្របខណ្ឌ Premier League​។

​តែ​សម្រាប់ Jan Bednarek ​វិញ ​បាន​និយាយ​ថា​៖ “ប្រសិន​បើ​មាន​អ្នក​រក​បាន​៩​គ្រាប់​ក្នុង​ការ​លេង​៥​ប្រកួត ​មនុស្ស​នោះ​នឹង​ធ្វើ​ឱ្យ​អ្នក​ភ្ញាក់ផ្អើល​មិន​ខាន ជា​ពិសេស​រក​បាន​នៅ Premier league ​ថែម​ទៀត។ ប៉ុន្តែ​គាត់​ក៏​ជា​មនុស្ស​ធម្មតា​ដែរ ​ហើយ​គង់​តែ​អាច​ការពារ​ជាប់​មិន​ខាន។ សង្ឃឹម​ថា​យើង​នឹង​អាច​ធ្វើ​វា​បាន​នៅ​ប្រកួត​ខាង​មុខ។ យើង​ដឹង​ថា​យើង​នឹង​ពិបាក ព្រោះ​ក្រុម Man City ​ពោរពេញ​ដោយ​កីឡាករ​មាន​សមត្ថភាព”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT