Carvalho ​សង្គ្រោះ Liverpool ​ចុង​ម៉ោង ​យក​ឈ្នះ Newcastle United ​២-១

​ខ្សែ​បម្រើ ​Fabio Carvalho ​រក​បាន​គ្រាប់​បាល់​ចុង​ម៉ោង​៩០+៨ ​ជួយ​ក្រុម​ហង្ស​ក្រហម Liverpool ​យក​ឈ្នះ​លើ​ក្រុម Newcastle United ​ក្នុង​លទ្ធផល ​២-១ ​នៅ​យប់មិញ​នេះ​។

​ក្រុម Liverpool ​ប៉ះ​ជាមួយ​ក្រុម Newcastle United ​នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​យក​ឈ្នះ​ដូច​ប្រកួត​មុន​នោះ​ទេ។ ជាក់​ស្ដែង​ក្នុង​ការ​ប្រកួត ​ក្រុម​ភ្ញៀវ Newcastle ​ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​បាន​ថែម​ទៀត ​ដោយ​កីឡាករ​ចំណូល​ថ្មី Isak ​នៅ​តង់​ទី​១​នាទី​៣៨។ ​ខណៈ​ដែល​គ្រាប់​បាល់​តាម​ស្មើ​ក៏​រក​បាន​ដោយ Firmino ​វិញ​នៅ​នាទី​៦១។ ​ស្រប​ពេល​គ្រាប់​បាល់​ជ័យជម្នះ​វិញ ​កើត​មាន​ឡើង​នៅ​នាទី​៩០+៨ ​ដោយ​វា​កើត​ចេញ​ពី​ខ្សែ​បម្រើ Carvalho ​ជា​អ្នក​សម្រេច​ទី​បាន។

​ដោយសារ​តែ​ការ​ប្រកួត​តឹងតែង​នេះ​ហើយ ទើប​បាន​ជា​លោក Jurgen Klopp ​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​នេះ​នឹង​ក្លាយ​ជា​ប្រកួត​មួយ​ដែល​អ្នក​គាំទ្រ​ចង់ចាំ​មិន​ខាន។ ​មាន​រឿង​ជា​ច្រើន​បាន​កើត​ឡើង​ទាំង​លើ​ទីលាន ​និង​ក្រៅ​ទីលាន ​តែ​យ៉ាង​ណា​ក្រុម Liverpool ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចង់​ឈ្នះ​ការ​ប្រកួត​របស់​ពួកគេ។ ​វា​ជា​ការ​ប្រកួត​មួយ​ដែល​គ្រប់​គ្នា​ឃើញ​ច្បាស់​ថា Liverpool ​មិន​ដែល​បោះបង់​ក្ដី​សង្ឃឹម​ចោល​នោះ​ឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT