ក្រុមកាំភ្លើងធំកំពុងធ្វើបានល្អមែនទែន ដោយបន្ដកំណត់ត្រាឈ្នះ១០០%តែម្ដងនៅ៥ប្រកួតដើមរដូវកាលមកនេះ ក្រោយពីយកឈ្នះលើក្រុម Aston Villa បាន ២-១។

បន្ទាប់ពីនាំចូលកីឡាករច្រើននាក់មកនេះ ក្រុមរបស់លោក Mikel Arteta ចាប់ផ្ដើមលេងសហការគ្នាបានល្អហើយ។ ជាក់ស្ដែងនៅយប់មិញ ពួកគេបន្ដយកឈ្នះលើក្រុម Aston Villa បានក្នុងលទ្ធផល ២-១ ទៀត។ ដោយ២គ្រាប់សម្រេចបាននោះចេញពី Gabriel Jesus ១គ្រាប់ នៅនាទី៣០ និង Gabriel Martinelli ១គ្រាប់នៅនាទី៧៧។ ២គ្រាប់នេះល្មមសម្រាប់ក្រុម Arsenal យក៣ពិន្ទុបន្ថែមទៀតនៅសប្ដាហ៍ទី៥នៃលីគកំពូលអង់គ្លេសនេះ។
បើគិតត្រឹមពេលនេះ Arsenal មានកំណត់ត្រាឈ្នះ១០០%តែម្ដង ហើយកំពុងឈរនៅកំពូលតារាង Premier League មាន១៥ពិន្ទុពេញ។ ក្រុមលេខ២ Manchester City មាន១៣ពិន្ទុ ឆ្លងកាត់៥ប្រកួតដូចគ្នា៕

