Rio ​ថា Antony ​នឹង​ត្រូវ​ការ​ពេល ដើម្បី​សម្រប​ខ្លួន​នៅ Man Utd ​

លោក Rio Ferdinand ​បាន​អះអាង​ថា​ខ្សែ​ប្រយុទ្ធ Antony ​នឹង​ត្រូវ​ការ​ពេល​វេលា​ច្រើន​ទៀត​ដើម្បី​សម្រប​ខ្លួន​លេង​ឱ្យ​បាន​ល្អ​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ​។

​Man Utd ​បាន​ប្រកាស​ពី​ការ​ទិញ​បាន Antony ​ពី​ក្រុម Ajax ​មក​កាល​ពី​ម្សិលមិញ​នេះ​ក្នុង​តម្លៃ​ខ្លួន​៨០​លាន​ផោន​។ ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល ​នឹង​មក​ដល់ Old Trafford ​នៅ​ថ្ងៃ​អង្គារ៍​នេះ ​ដើម្បី​ពិនិត្យ​សុខភាព ក៏​ដូចជា​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​តែ​ម្ដង។ ដោយ​សង្ឃឹម​ថា​គេ​អាច​នឹង​រួម​ចំណែក​ក្នុង​ក្រុម​សម្រាប់​ប្រកួត​បន្ទាប់​តែ​ម្ដង ព្រោះ​លោក Erik ten Hag ​កំពុង​ត្រូវ​ការ​កីឡាករ​ប្រយុទ្ធ​ស្រាប់។

​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ បើ​តាម​លោក Rio ​បាន​មើល​ឃើញ​ថា Antony ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​សម្រប​ខ្លួន។ អ្នក​គាំទ្រ ​មិន​អាច​សង្ឃឹម​ច្រើន​ទៅ​លើ​គេ​ពេក​សម្រាប់​រដូវ​កាល​ដំបូង​នោះ​ទេ។ ​គេ​អាច​នឹង​ដើរ​តាម​គន្លង​របស់ Jack Grealish ​ដែល​រដូវ​កាល​ដំបូង​មិន​អាច​ធ្វើ​បាន​ល្អ​ឡើយ។ ​សម្ពាធ​នឹង​មាន​សម្រាប់​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់ ​ហើយ​មក​លេង​នៅ​ក្លឹប​ធំ​ដូច Manchester United ៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT