Leicester ​ប្រុងទៅ នេះ​ឈុត​ពេញ​សាច់ Man Utd អាច​ប្រើ ជាមួយ​វត្តមាន Antony

តាម​របាយការណ៍​ពី​ Fabrizio Romano បាន​ឲ្យ​ដឹង​ថា ដំណើរការ​ចរចា​កិច្ច​ព្រមព្រៀង នាំ​យក Antony មក​កាន់​ទឹកដី Old Trafford គឺ​ឈាន​ដល់​ការ​សម្រេច​ហើយ នេះ​យើង​រង់ចាំ​តែ​ការ​ប្រកាស​ផ្លូវការ​នា​ប៉ុន្មាន​ម៉ោង​បន្ទាប់។

Antony មាន​តម្លៃ​ផ្ទេរ ១០០ លាន​អឺរ៉ូ ពោល​ជា​ការ​ផ្ទេរ​ចេញ​ថ្លៃ​បំផុត​ប្រចាំ​ប្រវត្តិសាស្រ្ត​លីគ​កំពូល​ Eredivisie ហើយ​ក៏​នឹង​ក្លាយ​ជា​កីឡាករ​ប្រេស៊ីល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ផង​ដែរ។ ​កុងត្រា​ថ្មី​សន្លាង នឹង​ត្រៀម​ទម្លាក់​ចុង​ប៊ិច​ចុះ​ហត្ថលេខា លើ​សុពលភាព​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៧ អម​នឹង​សិទ្ធ​បន្ត​ថ្មី​រយៈ​ពេល ១២ ខែ ស្រប​ពេល​ទំហំ​ប្រាក់​ពលកម្ម យើង​នឹង​ធ្វើ​ការ​ចែករំលែក​ជូន​ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

ប្រសិន​ណា​កីឡាករ​វ័យ ២២ អាច​មក​ដល់​ទីក្រុង Manchester ជោគជ័យ​លើ​ដំណាក់កាល​តេស្ត​សុខភាព​ត្រឹម​ថ្ងៃ​ចន្ទ នោះ​ក៏​នឹង​មាន​ភាគរយ​ខ្ពស់ ដែល​គេ​អាច​រំលេច​វត្តមាន នៅ​ការ​ប្រកួត​ Premier League ជុំ​ទី ៥ ដែល​ក្លឹប​ដឹកនាំ​ដោយ​លោក Erik ten Hag កំណត់​ត្រូវ​ប៉ះ Leicester City នា​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​សុក្រ ទី ០២ កញ្ញា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS SPORT។

ស្រមៃ​នៅ​ថ្ងៃ​នោះ អាច​ប្រើប្រាស់ Antony តុះ​យើង​មក​ធ្វើ​ការ​រៀប​ឈុត ១១ រូប​ពេញ​សាច់​ ជា​ទម្រង់ ៤-២-៣-១ ដូច​ត​ទៅ៖

អ្នកចាំទី David de Gea ) កីឡាករ​អេស្ប៉ាញ កំពុង​ញញឹម​បិទ​មាត់​មិន​ជិត រីករាយ​នឹង​ការ​លេង​ដ៏​ល្អ​របស់​មិត្ត​រួម​ក្រុម នៅ ២ ប្រកួត​ចុង​ក្រោយ ដែល​របូត​តែ​មួយ​គ្រាប់​គត់ ពេល​ប៉ះ Liverpool ខណៈ​ការ​ប៉ះ Southampton អាច​រក្សា​លទ្ធផល​ Clean Sheet។

ខ្សែ​ការពារ​ស្លាប​ Tyrell Malacia&Diogo Dalot ) បើ​ទោះ​បី​ទើប​ផ្លាស់​ចូល​នៅ​រដូវ​ក្តៅ តែ​កីឡាករ​ហូឡង់ បាន​បង្ហាញ​គុណផល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ល្មម​ឲ្យ​អ្នក​គាំទ្រ​បំភ្លេច​ឈ្មោះ Luke Shaw បាត់​ទៅ​ហើយ​នៅ​តំណែង​ការពារ​ស្លាប​ឆ្វេង រី​ឯ​ការពារ​ស្លាប​ស្តាំ Aaron Wan-Bissaka ក៏​បាត់​មុខ តាំង​ពី​ជុំ​ដំបូង ដូច្នេះ Dalot ជឿ​ថា នឹង​បន្ត​ជាប់​ជម្រើស​ដំបូង​ដដែល នៅ​ប្រកួត​ខាង​មុខ។

ខ្សែ​ការពារ​កណ្តាល Raphael Varane&Lisandro Martinez ) រាប់​បាន​ជា​ដាវ​ញី​ឈ្មោល នៅ​ជញ្ជាំង​ការពារ​ក្រោម ដែល​ពួក​គេ​ទាំង​ពីរ​បាន​សហការ​គ្នា​យ៉ាង​ល្អ ជា​ពិសេស​គឺ​កីឡាករ​អាហ្សង់ទីន អាច​យក​ឈ្នះ​អស់​ពាក្យ​រិះគន់ ហើយ​ជាប់​ឈ្មោះ MOTM នៅ ២ ប្រកួត​ចុងក្រោយ។

ខ្សែ​បម្រើ​ការពារ Casemiro&Scott McTominay ) យើង​មាន​ការ​ជឿជាក់​ថា​សប្តាហ៍​នេះ លោក Ten Hag នឹង​ដាក់​ Casemiro ឲ្យ​លេង​ពេញ ៩០ នាទី ជា​ជាង​ការ​អង្គុយ​បម្រុង ស្រប​ពេល​ដែល McTominay ក៏​មិន​មាន​កំហុស​អ្វី គួរ​ឲ្យ​កែប្រែ​នោះ​ដែរ ពេល​ប៉ះ Southampton ​ថ្ងៃ​មុន អ៊ីចឹង​តំណែង Defensive Midfielder គួរ​តែ​ជាប់​ឈ្មោះ​អ្នក​ទាំង​ពីរ។

ខ្សែ​បម្រើ​ប្រយុទ្ធ Christian Eriksen ) បើ​ទោះ​បី Bruno Fernandes ជា​អ្នក​រក​បាន​គ្រាប់​បាល់ យក​ ៣ ពិន្ទុ​កាល​ពី​ថ្ងៃ​មុន តែ​បើ​និយាយ​អំពី​ចង្វាក់​នៃ​ការ​បញ្ជូន​បាល់ ការ​ដឹក​បាល់​ឡើង​ទៅ​លើ គឺ​មើល​ឃើញ​កីឡាករ​ដាណឺម៉ាក​ធ្វើ​បាន​ល្អ​ជាង ដូច្នេះ​ខ្សែ​បម្រើ​ព័រទុយហ្គាល់ គួរ​តែ​សម្រាក​នៅ​ប្រកួត​ទល់ Leicester។

ខ្សែ​ប្រយុទ្ធ​ស្លាប​ Jadon Sancho&Antony ) យុវជន​សញ្ជាតិ​អង់គ្លេស អាចបន្តលេងនៅ​ប្រយុទ្ធ​ស្លាប​ឆ្វេង ជួន​ពេល​ដែល​កីឡាករ​ឡើង​ជើង Antony អាច​មក​បំពេញ​ជម្រើស​ដំបូង នៅ​តំណែង​ប្រយុទ្ធ​ស្លាប​ស្តាំ យើង​ពិត​ជា​ចង់​ដឹង​ខ្លាំង តើ​វត្តមាន​គ្រាប់​ពេជ្រ​សញ្ជាតិ​ប្រេស៊ីល អាច​មក​បន្ថែម​ផ្លែផ្កា​ដល់​កម្រិត​ណា។

ខ្សែ​ប្រយុទ្ធ​កណ្តាល Cristiano Ronaldo ) ថ្ងៃ​ទី ២ ក៏​នឹង​បញ្ចប់​ទីផ្សារ​ដោះដូរ​ហើយ​ដែរ អ៊ីចឹង​បើ CR7 មិន​ជ្រើស​យក​ការ​ចាកចេញ​ទៅ​ក្លឹប​ដទៃ ម្ល៉េះ​ការ​វិល​មក​ជាប់​ជម្រើស​ដំបូង គួរ​តែ​កើត​មាន​នៅ​ប្រកួត​ទល់ Leicester City។ ក្រៅ​តែ​ការ​បំពេញ​ចិត្ត​អ្នក​គាំទ្រ វា​ក៏​រាប់​បាន​ថា​ការ​ចាប់ផ្តើម​ជា​ថ្មី ឲ្យ​ក្លឹប​បិសាច​ក្រហម​ផង​ដែរ។

តើ​គ្នា​យើង​យល់​ឃើញ​បែប​ណា​ដែរ អំពី​ឈុត ១១ នាក់​ពេញ​សាច់ របស់ United ដែល CTS SPORT បាន​ធ្វើ​ការ​បង្ហាញ ឬ​ក៏​គិត​ថា គួរ​តែ​កែតម្រូវ​ចាំបាច់ ត្រង់​តំណែង​ណា​មួយ?​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT