តឿ​ណាស់ ចូល​គេ​ម៉េចចុះ ទី​បំផុត Martinez&Haaland ​ធ្វើ​ឲ្យ​រង្គើ​ទីក្រុង Manchester

មិន​សុទ្ធ​តែ​ការ​ផ្ទេរ​ចូល អាច​នាំ​ជោគជ័យ​ដល់​កីឡាករ​ទាំង​អស់​នោះ​ទេ ដោយ​ខ្លះ​ទោះ​ខំ​អស់​ច្រើន​ឆ្នាំ ក៏​ចុង​ក្រោយ​ត្រូវបង្ខំចិត្ត ជ្រើស​ការ​វិល​ទៅ​រក​ឆ្នាំង​បាយ​ចាស់ តែ​ខ្លះ​ទៀត ចាយ​ពេល​ត្រឹម​រយៈ​ពេល​ខ្លី ក៏​អាច​បង្កើត​សមិទ្ធផល​ធំ ​មិន​គួរ​ឲ្យ​ជឿ។ ដូច​ករណី Lisandro Martinez និង Erling Haaland ​កំពុងតែបានផ្លែផ្កាជាបណ្តើរៗ តែមុនឈានមកដល់ចំណុចនេះ ក៏បានហែលកាត់នូវពាក្យរិះគន់ជាហូហែរ៖

១) Lisandro Martinez

តឿ​ណាស់ មាឌ​ល្អិត​ពេក​ហើយ កម្ពស់​អត់​ត្រូវ​ស្តង់ដារ​ខ្សែ​ការពារ​នៅ Premier League ទេ ទោះ​ខំ​យ៉ាង​ណា​ក៏​មិន​ជោគជ័យ​ដែរ។ ទាំង​នេះ​ជា​សម្តី​រិះគន់​ចេញ​ពី​មាត់​អ្នក​វិភាគ​បាល់ទាត់​ ក៏​ដូច​ជា​អ្នក​គាំទ្រ​មួយ​ចំនួននៅអឺរ៉ុប​ ដែល​និយាយ​មក​កាន់​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន។

ស្ថិត​នៅ​វ័យ ២៤ ឆ្នាំ Martinez មាន​កម្ពស់​ត្រឹម ១,៧៥ ម៉ែត្រ ធៀប​នឹង​កម្ពស់​ខ្សែ​ការពារ​ឯ​ទៀត នៅ Premier League ជា​មធ្យម​គឺ​មាន​កម្ពស់ ១,៨២ ម៉ែត្រ។ យើង​ងាក​ទៅ​អតីត​កីឡាករ Liverpool លោក Jamies Carragher ដែល​សព្វថ្ងៃ​ជា​អ្នក​វិភាគ​លើ​ប៉ុស្តិ៍ Sky Sports បាន​និយាយ​កាល​ពី​ពីរ​សប្តាហ៍​មុន​ដូច្នោះ​ថា៖ “យើង​មិន​គួរ​វិនិច្ឆ័យ​លើ​អ្នកចាត់ការ ឬ​កីឡាករ​ត្រឹម​ពេលវេលា​នេះ​ឡើយ ព្រោះ​វា​លឿន​ពេក តែ​យ៉ាង​ណា អំពី Martinez ខ្ញុំ​នៅ​តែ​និយាយ​ថា មាឌ​គេ​ល្អិត​ពេក​ហើយ បើ​លេង​ការពារ​ស្លាប​ប្រហែល​បាន តែ​បើ​ការពារ​កណ្ដាល គឺ​អត់​ទៅ​រួច​ទេ​នៅ Premier League”។

ក្រោយ​ការ​រិះគន់​នោះ​មក ងាក​ទៅ​សមិទ្ធផល​លើ​ទីលាន នៅ ២ ប្រកួត​ចុង​ក្រោយ ដែល Martinez ជាប់​ជម្រើស ១១ នាក់​ដំបូង ចាប់​ដៃ​គូ​ជាមួយ Raphael Varane គឺ​គេ​បាន​បង្ហាញ​គុណផល​ផ្ទុយ​ស្រឡះ រហូត​ដល់​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត ឬ Man Of The Match ទាំង​ពេល​ប៉ះ Liverpool និង Southampton។

ជាក់ស្តែង​ស្ថិតិ​ពេល​ប៉ះ Southampton យប់មិញ ជាមួយ​លទ្ធផល Clean Sheet ១-០ Martinez ​ប៉ះ​បាល់ ៦១ លើក បញ្ជូន​ចេញ​ពី​ជើង ៤៨ លើក អត្រា​ប្រជែង​យក​បាល់​រាប ជោគជ័យ ១០០ ភាគរយ រី​ឯ​ការ​ប្រជែង​បាល់​លើ​ឱកាស ៥ លើក ក៏​ឈ្នះ​ទាំង ៥ លើក ហើយ​អាច Clear បាល់​ចេញ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ដល់​ទៅ ៧ លើក​ផង​ដែរ។

២) Erling Haaland

ប្រហែល​ជា​គ្នា​យើង​នៅ​ចាំ កំឡុង​ការ​ប្រកួត​ត្រៀម​បើក​រដូវ​កាល យុវជន​សញ្ជាតិ​ន័រវេស ក៏​ទទួល​បាន​ពាក្យ​រិះគន់​មួយ​ចំនួន លើ​បណ្ដាញ​សង្គម ដោយ​ខ្លះ​និយាយ​ថា៖ “នេះ​ជា Premier League មិន​មែន​ Bundesliga ឡើយ” ខ្លះ​ទៀត​ថា៖ “Haaland នឹង​ពិបាក​សម្រប​ខ្លួន​ជាមួយ​ការ​លេង​នៅ​លីគ​កំពូល​អង់គ្លេស” រហូត​ដល់​មតិ​ខ្លះ ហា​ធ្ងន់ៗ​ឲ្យ​យុវជន​វ័យ ២២ ឆ្នាំ៖ “អ្នក​ឯង​គួរ​ត្រៀម​បង្វេច​វិល​ត្រលប់​ទៅ​លីគ​ចាស់​វិញ​ទៅ អនាគត​គឺ​មិន​ខុស​ពី Timo Werner ឡើយ”។

ដល់​តែ​ឥឡូវ​នេះ កូន​ប្រុស​បង្កើត​របស់​លោក Alfe-Inge Haaland ក៏​បាន​បង្ហាញ​មក​ផ្សេង ជាក់ស្តែង​ក្លាយ​ជា​តួ​ឯក ជួយ​ស្រោចស្រង់ Man City ពី​ការ​របូត ៣ ពិន្ទុ​នៅ​ជំនួប​ទល់ Crystal Palace កាល​ពី​យប់​មិញ។ ទោះ​មាន​ការ​នាំ​មុខ​មុន​ពីរ​គ្រាប់ ក៏​ចុង​ក្រោយ Haaland អាច​ស៊ុត Hat-trick បញ្ចប់​ទី ៣ គ្រាប់​ម្នាក់​ឯង នៅ​ចន្លោះ​នាទី ៦២,៧០ និង ៨១ ជួយ​ឲ្យ​ក្រុម​លោក Pep Guardiola ​យក​ឈ្នះ​ទាល់​តែ​បាន។

គិត​ត្រឹម​ជុំ​ទី​ ៤ នៅ Premier League យុវជន​សញ្ជាតិ​ន័រវេស កំពុង​ឈរ​ឈ្មោះ​ជា Top Scorer ដោយ​រក​បាន ៦ គ្រាប់ នាំ​មុខ​ទៅ​លើ Rodrigo Moreno និង Aleksandar Mitrovic រក​បាន ៤ គ្រាប់៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT