គ្រូ​ Fulham ថា​ក្លឹប Arsenal ឈ្នះ​ទាំង​សំណាង​ទេ​យប់មិញ

ក្លឹប​កាំភ្លើង​ធំ Arsenal បាន​បន្ត​យក​ឈ្នះ ដោយ​លទ្ធផល ២-១ ទៅ​លើ Fulham នៅ​ជុំ​ទី ៤ ក្របខ័ណ្ឌ Premier League កាល​ពី​យប់​មិញ ជា​ហេតុ​បន្ត​រុញ​ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Mikel Arteta អាច​បន្ត​ឈរ​កំពូល​តារាង មាន ១២ ពិន្ទុ​ពេញ។

គ្រាប់​បាល់​កើត​ឡើង​នៅ​នាទី ៥៦ ជា​ការ​នាំ​មុខ ពី Aleksandar Mitrovic របស់​ក្លឹប​ភ្ញៀវ មុន​ពេល​ម្ចាស់ផ្ទះ​រក​បាន​ពីរ​គ្រាប់​បាល់​ជា​បន្តបន្ទាប់ នៅ​នាទី ៦៤ និង ៨៦ ដោយ​កីឡាករ Martin Odegaard និង Gabriel Magalhaes។ ទោះ​ជា​យ៉ាង​ណា​ងាក​ទៅ​ការ​យល់​ឃើញ​របស់​អ្នកចាត់ការ​លោក Marco Silva បែរ​ជា​លើក​ឡើង​ថា ក្លឹប​ម្ចាស់ផ្ទះ ឈ្នះ​យប់មិញ ឈ្នះ​ដោយសារ​សំណាង។

គ្រូ​របស់ Fulham និយាយ៖ “ខ្ញុំ​នៅ​តែ​សរសើរ​កីឡាករ​របស់​ខ្ញុំ តាំង​ពី​នាទី​ដំបូង ដល់​នាទី​ចុង​ក្រោយ​ចប់​ការ​ប្រកួត គ្រាន់​ថា​តង់​ទី​ ២ រាង​តានតឹង​បន្តិច ការ​ដាក់​សម្ពាធ​ពី​ខាង​ Arsenal ក៏​មាន​ច្រើន ទោះ​ជា​យ៉ាង​ណា​យើង​នៅ​បន្ត​បង្កើត​ឱកាស ហើយ​ធ្វើ​បាន​ល្អ​ប្រសើរ ដោយ​យើង​សក្តិសម​ទទួល​បាន​លទ្ធផល​ល្អ​ជាង​នេះ”។

លោក​បន្ត៖ “Arsenal ពួក​គេ​ពុំ​បាន​បង្កើត​ឱកាស​មុត​ស្រួច​ច្រើន​ឡើយ មាន ២ គ្រាប់​មែន តែ​ពីរ​គ្រាប់​នោះ ជា​គ្រាប់​បាល់​សំណាង​ទេ ហើយ​វា​ជា​ថ្ងៃ​ស៊យ​របស់​ពួក​យើង ដូច្នេះ​ហើយ​សង្ឃឹម​ថា​ប្រកួត​បន្ទាប់ នឹង​មិន​កើត​មាន​សំណាង​អាក្រក់​អ៊ីចឹង​ទៀត​ចុះ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT