Man Utd កំពុង​រៀបចំ​បើក​ផ្លូវ​ឲ្យ​ Elanga ចាកចេញ​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង

ក្លឹប​បិសាច​ក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា ត្រៀម​នឹង​អនុញ្ញាត​ឲ្យ Anthony Elanga ចាកចេញ​ទៅ នៅ​លក្ខខណ្ឌ​ខ្ចី​ជើង ប្រសិន​ជា​សម្រេច​ការ​ចុះ​ហត្ថលេខា​យក​បាន Antony ពី Ajax ដោយ​ជោគជ័យ។

យុវជន​វ័យ ២០ ឆ្នាំ សុទ្ធ​សឹង​តែ​ទទួល​បាន​ឱកាស​ចូលរួម​ក្នុង​ការ​ប្រកួត ឲ្យ United កន្លង​មក ជា​ពិសេស​ទន្ទឹម​ពេល Anthony Martial ជួប​បញ្ហា​របួស​ត្រូវ​សម្រាក​ក្រៅ​ទីលាន។ បើ​ទោះ​បី ហាក់​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នកចាត់ការ​លោក Erik ten Hag ក៏​ដោយ តែ​ក្លឹប​ហាក់​ចង់​ឲ្យ​ខ្សែ​ប្រយុទ្ធ​ខាង​លើ ទទួល​បាន​ការ​ដុសខាត់​បន្ថែម តាម​រយៈ​ការ​ផ្លាស់​ទៅ​ក្លឹប​ដទៃ នៅ​លក្ខខណ្ឌ​ខ្ចី​ជើង។

តាម​សារព័ត៌មាន The Sun ចុះ​ផ្សាយ​ថា បិសាច​ក្រហម​នឹង​ដើរ​ផ្លូវ​នេះ ប្រសិន​ណា​ជា​សម្រេច​ការ​យក​បាន​កីឡាករ​ប្រេស៊ីល​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ពោល​មុន​ការ​បិទ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ។ តាម​ចចាមអារ៉ាម Elanga អាច​ជា​ផ្លាស់​ទៅ​ក្លឹប Everton ហើយ​រំពឹង​ទទួល​បាន​ឱកាស​ច្រើន​នៅ​ទី​នោះ ក្រោម​ការ​ដឹកនាំ​របស់​លោក Frank Lampard។

ទៅ​មើល​ស្ថិតិ​ឈរ​ជើង​ឲ្យ United ឈុត​ធំ​បន្តិច ៣២ ប្រកួត គេ​រក​បាន ៤ គ្រាប់​និង Assist ៣ លើក​ហើយ។ នេះ​ទន្ទឹម​ដែល​សុពលភាព​កុងត្រា​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦ តែ​ហាងឆេង​តម្លៃ​ខ្លួន​ក៏​មិន​ជា​ខ្ពស់​ពេក អាច​ប្រហែល​ក្រោម ២០ លាន​ផោន​ប៉ុណ្ណោះ​ឯង៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT