តាម​យក Antony ហត់​ពេក ឥឡូវ Man Utd ថយ​មួយ​ជំហាន ងាក​មក Aubameyang វិញ

បន្ទាប់​បរាជ័យ​ម្តង​ជា​ពីរ​លើក​ជុំវិញ​ការ​នាំ​យក Antony មក​កាន់ Old Trafford ក៏​នាំ​ឲ្យ​ក្លឹប Man Utd ហាក់​មាន​ការ​ហត់​ចិត្ត ហើយ​សម្រេច​ថយ​ក្រោយ​មួយ​ជំហាន ងាក​ទៅ​គោលដៅ​ផ្សេង ក៏​ជា​កីឡាករ​ស្ថិត​ក្រោម​ការ​ចង់​បាន​ពី​សំណាក់​ក្លឹប​តោ​ខៀវ Chelsea។

នោះ​គឺ Pierre-Emerick Aubameyang ដែល​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គាបុង ល្ហិចល្ហៀង Barceona មាន​បំណង​ចង់​លក់​ចេញ នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ទីផ្សារ​ដោះដូរ ដើម្បី​ប្រមូល​លុយ​ទៅ​ពង្រឹង​តំបន់​ការពារ​ក្រោម។ ដូច្នេះ​បន្ថែម​ពី​លើ Chelsea ឥឡូវ​មាន Man Utd មួយ​ផ្សេង​ទៀត​ហើយ ដែល​ចរចា​ចង់​បាន​អតីត​កីឡាករ Arsenal មក​ចុះចូល​នៅ​មុន​ការ​បិទ​ទីផ្សារ​រដូវ​ក្តៅ។ នេះ​បើ​តាម​សារព័ត៌មាន Sky Sport បាន​ចុះ​ផ្សាយ។

បញ្ជាក់​ថា Aubameyang អាច​មាន​តម្លៃ​ទាប តែ​ជាង ១៥ ទៅ ២០ លាន​អឺរ៉ូ​ប៉ុណ្ណោះ បើ​ទោះ​បី​សុពលភាព​កុងត្រា​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥។ បង្ហាញ​ខ្លួន​ឲ្យ​អ្នក​មាន​បុណ្យ សរុប ២៤ ប្រកួត រក​បាន ១៣ គ្រាប់​និង Assist ១ លើក។

ងាក​ទៅ​ Antony របស់ Ajax បន្តិច ខាង​ក្លឹប​ចង់​បាន ក៏​ឡើង​តម្លៃ​ខ្លួន ឲ្យ​ដល់ ៩០ លាន​អឺរ៉ូ ទាំង​ដែល​កីឡាករ​ផ្ទាល់​ពិត​ជា​ចាប់​អារម្មណ៍​ចង់​មក​ចុះចូល​ខ្លាំង តែ​យ៉ាង​ណា​ភាគី​ក្លឹប​អាណាព្យាបាល​បដិសេធ​ទាំង​មិន​ស្ទាក់ស្ទើរ ក្រោម​ហេតុផល​ពិបាក​ក្នុង​ការ​រក​អ្នក​មក​ជំនួស ខណៈ​ដែល​ទីផ្សារ​ដោះដូរ នៅ​បើក​ទ្វារ​ត្រឹម​ ៥ ​ថ្ងៃ​ទៀត៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT