មក​សារ​នេះ​មិនមែន​ជា​មិត្ត តែ​ជា​សត្រូវ តារា​ឆ្នើម ៤ រូប វិល​ជួប​ក្លឹប​ចាស់ នៅ​វគ្គ​ចែក​ពូល UCL

ការ​ចាប់ឆ្នោត​វគ្គ​ចែក​ពូល UEFA Champions League បាន​ប្រកាស​រក​ឃើញ​ក្រុម​ត្រូវ​ប៉ះ​គ្នា​ទាំង ៣២ រួចរាល់​ហើយ ដោយ​ការ​ប្រកួត​នឹង​ចាប់ផ្ដើម​នៅ​រយៈ​ពេល ១០ ​ថ្ងៃ​ទៀត។ ដោយឡែក ងាក​មក​តារា​ឆ្នើម​ទាំង ៤ រូប​នេះ​វិញ គេច​ចុះ​គេច​ឡើង ចុង​ក្រោយ​នៅ​ជិត​បង្កើយ កំណត់​ត្រូវ​វិល​មក​ទឹកដី​ក្លឹប​ចាស់ តែ​ជា​ការ​តតាំង​គ្នា ក្នុង​នាម​ជា​ក្លឹប​គូ​ប្រជែង៖

៤) Robert Lewandowski

កាល​ពី​ខែ​កក្កដា កីឡាករ​​ប៉ូឡូញ​បាន​ព្យាយាម​ដល់​សម្រេច​តាម​ការ​ចង់​បាន នោះ​គឺ​ចាកចេញ​ពី​ក្លឹប​អាល្លឺម៉ង់ Bayern Munich ដើម្បី​ផ្លាស់​មក​ក្លឹប​អេស្ប៉ាញ Barcelona។ ឥឡូវ​ផ្អែក​តាម​ការ​ចាប់ឆ្នោត Lewandowski ក៏​នឹង​ត្រូវ​វិល​ទៅ​កីឡដ្ឋាន Allianz Arena ​ជា​ថ្មី តែ​ជា​ខ្សែ​ប្រយុទ្ធ គ្រោង​ឈុត​ឲ្យ​ក្លឹប​ភ្ញៀវ Barcelona ជាមួយ​កាតព្វកិច្ច​ខិតខំ​រក​គ្រាប់​បាល់​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

បញ្ជាក់​ថា Lewandowski បាន​ចាយ​ពេល​ឈរ​ជើង​ឲ្យ Bayern ដល់​ទៅ ៨ ឆ្នាំ ហើយ​អតីតកាល​រូប​គេ​ក៏​ជា​ចំណែក​ធ្លាប់​បំបាក់​ក្លឹប​ Barcelona នៅ​លទ្ធផល ៨-២ កាល​ពី​ឆ្នាំ ២០២០ ផង​ដែរ។ រំឭក​ឲ្យ​ដឹង ការ​ជួប​គ្នា ៤ លើក​ចុង​ក្រោយ ​ក្លឹប​ដឹកនាំ​ដោយ​លោក Julian Nagelsmann យក​ឈ្នះ​ទាំង ៤ ហើយ​បង្កើត​លទ្ធផល​គ្រាប់​បាល់ ១៧-៤។

៣) Angel di Maria

រឿង​ដែល​អ្នក​គាំទ្រ​ចង់​ឃើញ​បំផុត​នៅ UCL គឺ​ការ​ជួប​គ្នា​រវាង PSG&Juventus ក៏​បាន​កើត​ឡើង​ជា​លើក​ដំបូង ហើយ​វា​ក៏​ចៃដន្យ​ចំ​ពេល​តារា​ឆ្នើម​អាហ្សង់ទីន Di Maria ទើប​តែ​បាន​ចែក​ផ្លូវ​ពី​ទី​នោះ​ផង​ដែរ។

ក្រោយ​អស់​កុងត្រា​ជាមួយ​ក្លឹប​កាន់​ឆ្នាំ​ Di Maria ក៏​ផ្លាស់​មក​ក្លឹប​សេះ​បង្កង់ Juventus នៅ​លក្ខខណ្ឌ​ផ្ទេរ​ឥត​តម្លៃ​ខ្លួន ឥឡូវ​ក្រោយ​តែ​ជាង​ពីរ​ខែ ក៏​ដឹង​ច្បាស់​ថា រូប​គេ​នឹង​ត្រូវ​វិល​ទៅ​ទីក្រុង​ប៉ារីស​ជា​ថ្មី តែ​ក្នុង​នាម​ជា​កូន​ក្រុម​របស់​លោក Massimiliano Allegri។

២) Erling Haaland

ធ្លាប់​តែ​រក​បាន​គ្រាប់​បាល់​ជា​ហូរហែ ឲ្យ​ Borussia Dortmund ឥឡូវ​បែរ​ក្លាយ​ជា​កីឡាករ​គូ​ប្រជែង ត្រៀម​ស៊ុត​បញ្ចូល​ទី​ទល់​ក្លឹប​នៅ​ឯ​អាល្លឺម៉ង់​ទៅ​វិញ។ ស្ថិត​ក្នុង​ពូល G ក្លឹប​មេឃ​ខៀវ Man City ត្រូវ​ប៉ះ Sevillla, Dortmund និង Copenhagen។

យុវជន​សញ្ជាតិ​ន័រវែស ដែល​ទើប​ផ្ទេរ​ចេញ​កាល​ពី​ថ្ងៃ​ទី ០១ ​កក្កដា យើង​នឹង​រង់ចាំ​មើល តើ​នឹង​បង្ហាញ​ទម្រង់​លេង​ល្អ​កម្រិត​ណា ទល់​អតីត​ក្លឹប​ចាស់? បើ​មើល​ស្ថិតិ Haaland នៅ​ក្របខ័ណ្ឌ UCL ប្រហែល​អាច​ឲ្យ Dortmund ព្រួយ​ចិត្ត​មិន​ស្ទើរ ព្រោះ ១៩ ប្រកួត គេ​អាច​រក​បាន​ដល់ ២៣ គ្រាប់​និង Assist ៣ លើក។

១) Olivier Giroud

ងាក​ទៅ​មើល​ពូល E ឯ​ណោះ ក៏​មាន​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ ពាក់ព័ន្ធ​នឹង​ការ​ជួប​គ្នា​រវាង AC Milan និង Chelsea។ Giroud ទើប​តែ​ចាកចេញ​ពី​ក្លឹប​អង់គ្លេស ​ផ្លាស់​មក​ក្លឹប​អ៊ីតាលី បាន​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ឥឡូវ​ក៏​ដល់​ពេល​ត្រូវ​ជួប​អតីត​ក្លឹប​ចាស់ ហើយ​នៅ​ពាន​រង្វាន់​ធំ​ទៀត​ផង។

ខ្សែ​ប្រយុទ្ធ​បារាំង បាន​ចាប់​រក​គ្រាប់​បាល់​ឲ្យ Milan ជា​បណ្តើៗ​ហើយ តែ​នៅ UCL មិន​ទាន់​បើក​គណនី​គ្រាប់​បាល់​នៅ​ឡើយ។ ដូច្នេះ​ថា​មិន​ត្រូវ បើ​មាន​ឱកាស Giroud អាច​នឹង​សម្ភោធ​គ្រាប់​បាល់​ដំបូង ទល់​ក្លឹប​ចាស់ Chelsea ក៏​ថា​បាន៕

ប្រភព៖ បរទេស​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT