ការផ្ទេរ Aubameyang ទៅ Chelsea ហាក់នៅទ្រឹង ដោយសារមូលហេតុនេះ

Aubameyang ធ្លាប់លេងក្រោមការដឹកនាំរបស់ Tuchel ពីមុននៅ Borussia Dortmund ហើយអ្នកទាំងពីរនៅតែរក្សាទំនាក់ទំនងល្អជាមួយគ្នា។ នៅទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ តោខៀវ Chelsea ក្រោមការគ្រប់គ្រងរបស់លោក Tuchel បង្ហាញពីការចាប់អារម្មណ៍ចង់បាន Aubameyang មកកាន់ Premier League វិញ។ខ្សែប្រយុទ្ធរបស់ Barcelona រូបនេះ ចង់បានកិច្ចព្រមព្រៀងយ៉ាងហោចណាស់ពីរឆ្នាំ ខណៈដែល Chelsea ត្រៀមផ្តល់ជូនកិច្ចសន្យាមួយរដូវកាលប៉ុណ្ណោះ។

Aubameyang មានអាយុ ៣៣ឆ្នាំហើយ តែគាត់ចង់បានកិច្ចសន្យារយៈពេលវែង ស្របពេលដែល Chelsea គិតតាមគោលការណ៍ក្លឹបទៅលើកីឡាករដែលវ័យចំណាស់ ដែលមិនអាចផ្តល់កិច្ចសន្យានេះបាន។ទោះបីជាយ៉ាងនាក៏ដោយ គេសង្ឃឹមថានឹងមានការសម្របសម្រួលមួយដ៏សមស្រប ហើយអតីតប្រធានក្រុម Arsenal នឹងត្រលប់ទៅ Premier League មុនថ្ងៃផុតកំណត់នៃទីផ្សារដោះដូរកីឡាករ។

Tuchel ចង់ឱ្យ Aubameyang ចូលរួមជាមួយគាត់នៅ Stamford Bridge ដើម្បីជួយរកគ្រាប់បាល់អោយក្រុម ក្នុងនាមជាខ្សែប្រយុទ្ធកណ្តាលដែលពោរពេញដោយបទពិសោធន៍។Chelsea មានការស្ទាក់ស្ទើរក្នុងការប្រគល់កិច្ចសន្យារយៈពេលវែងដល់កីឡាករដែលមានអាយុលើសពី ៣០ឆ្នាំ ហើយក៏ធ្លាប់បានជួបប្រទះបញ្ហានេះនាពេលកន្លងទៅ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT