ខ្សែប្រយុទ្ធ Antony ដល់ថា្នក់ទៅសុំអង្វរក្រុម Ajax ឱ្យយល់ព្រមលក់រូបគេទៅក្រុមបិសាចក្រហម Manchester United ហើយ ក្រោយពីដំណើរការផ្ទេរហាក់នៅជាប់គាំង។
នៅចុងក្រោយនេះ ក្រុមការងាររបស់បិសាចក្រហម Man Utd បានដាក់តម្លៃខ្លួនខ្សែប្រយុទ្ធខាងលើ៧៦លានផោន ប៉ុន្តែក៏ត្រូវបានក្រុម Ajax បដិសេធដដែល។ ដោយក្រុម Ajax បានអះអាងថាកីឡាករវ័យ២២ឆ្នាំនេះ មិនមែនសម្រាប់លក់នោះទេ បើទោះជាតម្លៃខ្លួនខ្ពស់ដល់៧០លានផោនជាងនោះហើយក្ដី។ តែបើតាមសាមីខ្លួនវិញ រូបគេលែងចង់បន្ដលេងនៅ Ajax ទៀតហើយ ដោយសុំឱ្យក្លឹបនេះយល់ព្រមឱ្យគេចេញទៅចូលរួមជាមួយក្រុម Manchester United ទៅវិញ។
Antony បានចេញមុខសុំក្លឹបដោយខ្លួនឯង ហើយមួយរយៈចុងក្រោយនេះគេក៏មិនបានទៅហ្វឹកហាត់ជាមួយក្រុមផងដែរ។ នេះជាសញ្ញាមួយសបញ្ជាក់ឱ្យឃើញថាកីឡាករប្រេស៊ីលរូបនេះ ពិតជាចង់ចាកចេញទៅលេងនៅ Old Trafford ពិតមែន៕