អ្នកជំនាញការ៉ាតេអន្តរជាតិ មកចែករំលែកដល់កម្ពុជា ត្រៀមឆ្ពោះទៅជោគជ័យស៊ីហ្គេម ២០២៣

CAMSOC-ភ្នំពេញ៖ ដើម្បីសម្រួចគោលដៅឆ្ពោះទៅជោគជ័យ ស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូង ឆ្នាំ២០២៣ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីវគ្គអាជ្ញាកណ្តាល-ចៅក្រម ក្រោមការចែករំលែកចំណេះដឹង និងបទពិសោធន៍ ពីគ្រូឧទ្ទេសអន្តរជាតិ។ ថ្លែងបើកសិក្ខាសាលា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា មានប្រសាសន៍ថា សិក្ខាសាលានេះដំណើរការទៅបាន ក្រោមគម្រោងថវិកាគាំទ្រប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រោមការគាំទ្រយ៉ាងពេញទំហឹងពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា។ សហព័ន្ធរៀបចំសិក្ខាសាលា ស្តីពីវគ្គអាជ្ញាកណ្តាល-ចៅក្រម ត្រៀមឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស លើផ្នែកអាជ្ញាកណ្តាលចៅក្រម ដែលជាមនុស្សដ៏សំខាន់ក្នុងការថែរក្សាគោលការណ៍លេងដោយយុត្តិធម៌ បទបញ្ជាការប្រកួត និងរបៀបរបបនៃការវិនិច្ឆ័យ ដើម្បីជំរុញឲ្យការប្រកួតមួយ ប្រកបដោយស្តង់ដារសហព័ន្ធកីឡាការ៉ាតេពិភពលោក (WKF)។ វគ្គនេះ ទទួលបានការចែករំលែកពីគ្រូឧទ្ទេសជាច្រើនរូប ដូចជាលោក Mansour ដែលលោកនឹងធ្វើជាប្រធានអាជ្ញាកណ្តាល សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្តង និងគ្រូឧទ្ទេសជនជាតិម៉ាឡេស៊ី លោក Chen Chee Hong អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេពិភពលោក, អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេអាស៊ី និងអគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេអាស៊ីអាគ្នេយ៍។ ដូច្នេះហើយ ឯកឧត្តមអគ្គលេខាធិការ ជំរុញឲ្យសិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ទទួលយកចំណេះដឹងពីគ្រូឧទ្ទេសអន្តរជាតិ ឲ្យបានល្អប្រសើរ។ ការចែករំលែកពីគ្រូកម្រិតអន្តរជាតិនាពេលនេះ មិនមែនសំខាន់តែទៅលើមន្ត្រីអាជ្ញាកណ្តាល-ចៅក្រមប៉ុណ្ណោះទេ ប៉ុន្តែវាមានសារសំខាន់ដូចគ្នាសម្រាប់កីឡាករ កីឡាការិនីផងដែរ។ «ពីព្រោះថា ការក្តាប់បាននូវចំណេះដឹងពីច្បាប់ បទបញ្ជាការប្រកួតបានច្បាស់លាស់ គឺនឹងផ្តល់ទំនុកចិត្តកាន់តែខ្ពស់ ក្នុងការប្រើប្រាស់បច្ចេកទេស។ ប្រសិនបើកីឡាករ កីឡាការិនីណាម្នាក់ ចេះមិនច្បាស់ពីក្បួនច្បាប់បច្ចេកទេសកីឡាការ៉ាតេ មិនដឹងពីរបៀបរបបនៃការដាក់ពិន្ទុច្បាស់លាស់ទេ នោះអត្តពលិករូបនោះ មិនអាចបញ្ចេញជំនាញបច្ចេកទេស ឲ្យទទួលបានពិន្ទុល្អបានទេ»។ ឯកឧត្តមអគ្គលេខាធិការ បានលើកទឹកចិត្តដល់អាជ្ញាកណ្តាល-ចៅក្រម ជាសិក្ខាកាមទាំងអស់ ត្រូវតែប្រឹងប្រែងក្រេបយកចំណេះដឹងពីគ្រូឧទ្ទេស ឲ្យបានច្បាស់លាស់។ ចំពោះគ្រូបង្វឹក គឺជាមនុស្សបង្គោលដ៏សំខាន់ ក្នុងការចែកចាយបទបញ្ជាបច្ចេកទេសដ៏ជាក់លាក់ ជូនដល់កីឡាករ កីឡាការិនីរបស់ខ្លួន ពីព្រោះគ្រូបង្វឹក គឺជាមនុស្សដែលចេះជាងកីឡាករ កីឡាការិនី ហើយគ្រូបង្វឹក គឺជាមនុស្សដែលពូកែជាងអាជ្ញាកណ្តាល ដោយគ្រូបង្វឹកក្រៅពីការផ្ទេរចំណេះដឹងដល់សិស្សគុន គឺជាអ្នកការពារនូវបទបញ្ជាការប្រកួត ការដាក់ពិន្ទុ សម្រាប់ការប្រកួតនីមួយៗ នៃសិស្សគុនរបស់ខ្លួន។ «អាជ្ញាកណ្តាល គ្រាន់តែជាអ្នកធ្វើបទបញ្ជាការប្រកួត ហើយអនុវត្តបទបញ្ជាការប្រកួតឲ្យបានត្រឹមត្រូវ ប៉ុន្តែគ្រូបង្វឹក ខណៈកីឡាករជាអ្នកអនុវត្ត ប៉ុន្តែតួនាទីគ្រូបង្វឹកគឺរ៉ាប់រងទាំងអស់លើការបង្ហាត់បង្រៀនបច្ចេកទេស ការការពារ និងចេះទាំងរបៀបរបបនៃការតវ៉ាលើការដាក់ពិន្ទុជាដើម។ ដូច្នេះថ្ងៃនេះ ខ្ញុំផ្តោតសំខាន់លើគ្រូបង្វឹក ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ដើម្បីជួយជ្រោមជ្រែងដល់ការអភិវឌ្ឍក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ឲ្យទទួលបានលទ្ធផលដ៏គាប់ប្រសើរជូនជាតិ ហើយប្រសិនបើគ្រូបង្វឹកមិនយកចិត្តទុកដាក់ទេ នោះនឹងអាចមានបញ្ហាក្នុងការងារបច្ចេកទេស ត្រៀមឆ្ពោះទៅស៊ីហ្គេម ២០២៣»។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែម។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការបានសំណូមពរដោយទទូចថា ពេលនេះ គឺជាពេលវេលាដ៏សំខាន់ ក្នុងការសម្រួចគោលដៅឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ហើយមន្ត្រីជំនាញទាំងអស់ គប្បីឆ្លៀតតពេលទទួលយកចំណេះដឹងពីការអភិវឌ្ឍបច្ចេកទេសថ្មីៗរបស់ពិភពលោក ដើម្បីចូលរួមកាត់សេចក្តីក្នុងពេលស៊ីហ្គេម ២០២៣ ឲ្យទទួលបានជោគជ័យ។ បទបញ្ជាការប្រកួតប្រភេទកីឡាការ៉ាតេ ត្រូវបានគោរពនៅលើពិភពលោក ដោយមានពុម្ព ស្តង់ដាគំរូតែមួយ ហើយភាពហ្មត់ចត់ច្បាស់របស់ប្រភេទកីឡាការ៉ាតេនេះហើយ ដែលធ្វើឲ្យជំនាញកីឡាមួយនេះមានដំណើរការអភិវឌ្ឍក្នុងពិភពលោក។ ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន ក៏ស្នើឲ្យសមាជិកគ្រួសារការ៉ាតេកម្ពុជាទាំងអស់ ចេះស្រឡាញ់គ្នា រួមគ្នាអភិវឌ្ឍប្រកបដោយសុខដុមរមនា ដើម្បីរួបរួមត្រៀមឆ្ពោះទៅទទួលជោគជ័យ នាស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា នាឆ្នាំ២០២៣។ ម្យ៉ាងទៀត សិក្ខាកាមត្រូវត្រងត្រាប់យកជំនាញពីគ្រូឧទ្ទេស ឲ្យបានល្អក្នុងវគ្គសិក្សានេះ ដោយមានគ្រូឧទ្ទេសជនជាតិម៉ាឡេស៊ី លោក Chen Chee Hong គឺជាមនុស្សគន្លឹះ ដែលជាអ្នករៀបចំការប្រកួតនានា លក្ខណៈអន្តរជាតិនានា ទាំងថ្នាក់តំបន់ ដល់កម្រិតពិភពលោក ពីព្រោះការធ្វើម្ចាស់ផ្ទះ គឺយើងអញ្ជើញសហព័ន្ធជំនាញអន្តរជាតិ មកជួយរៀបចំ ដើម្បីថែរក្សាគោលការណ៍លេងដោយយុត្តិធម៌ ជាអ្នកការពារម្ចាស់ផ្ទះ និងជាអ្នកផ្តល់ទំនុកចិត្តខ្ពស់ដល់ម្ចាស់ផ្ទះ។ គ្រូឧទ្ទេសជនជាតិគុយវ៉ែត លោក Mansour បានបង្ហាញឆន្ទៈដ៏មោះមុតរបស់លោក ក្នុងការចែករំលែកចំណេះដឹងកីឡាការ៉ាតេ ជូនដល់សិក្ខាកាមឲ្យកាន់តែល្អប្រសើរ ក្នុងកិច្ចការវិនិច្ឆ័យ។ លោកនឹងចែករំលែកពីចំណេះដឹង និងការអភិវឌ្ឍការ៉ាតេ កម្រិតខ្ពស់របស់ពិភពលោក មកបង្ហាញជូនដល់សិក្ខាកាម ដើម្បីជាក្តីសង្ឃឹមកាន់តែខ្ពស់ ក្នុងការរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ផង និងការស្វែងរកមេដាយជូនជាតិ ក្នុងពេលស៊ីហ្គេម ២០២៣ផង។ ដោយឡែក គ្រូឧទ្ទេសជនជាតិម៉ាឡេស៊ី លោក Chen Chee Hong បានស្នើសុំឲ្យសិក្ខាកាមកម្ពុជាទាំងអស់ ត្រូវស្វាហាប់ក្នុងការក្រេបយកចំណេះដឹង ដែលគ្រូឧទ្ទេសអន្តរជាតិនាំយកមកដល់ផ្ទះ នាពេលនេះ ដោយលោកមានប្រសាសន៍ថា «ម្នាក់ៗមានការមមាញឹកការងារទាំងអស់គ្នា ហើយខ្ញុំសូមឲ្យប្រភេទកីឡាការ៉ាតេកម្ពុជា ត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ»៕

ប្រភព : CAMSOC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT