Benzema៖ ការឈានដល់ចំនួនគ្រាប់បាល់របស់ Cristiano គឺមិនអាចទៅរួចនោះទេ

Karim Benzema បានអះអាងថាគាត់បានស្ថិតក្នុងទម្រង់ដ៏ល្អបំផុតនៃអាជីពរបស់គាត់នៅ Real Madrid ទោះបីជាមានអាយុ ៣៤ឆ្នាំក៏ដោយ។

កីឡាករសញ្ជាតិបារាំងរូបនេះត្រូវបានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA សម្រាប់ឆ្នាំ ២០២១/២២ បន្ទាប់ពីដឹកនាំ Los Blancos ទៅឈ្នះពានរង្វាន់ LaLiga Santander និងពានរង្វាន់ Champions League កាលពីរដូវកាលមុន។

Benzema បាន​ប្រាប់​សារព័ត៌មាន European Sports Media (ESM) ថា​៖ ឥឡូវ​នៅ​អាយុ ៣៤ឆ្នាំ ខ្ញុំ​លេង​បាន​ល្អ​ជាងពីមុន​។

វាជារឿងពិតដែលថាក្នុងកម្រិតផ្ទាល់ខ្លួន នេះគឺជារដូវកាលដ៏ល្អបំផុតនៃអាជីពរបស់ខ្ញុំ ប៉ុន្តែមានរឿងមួយដែលមិនផ្លាស់ប្តូរ ខ្ញុំទៅទីលានគិតអំពីអ្វីដែលខ្ញុំត្រូវធ្វើដើម្បីឈ្នះការប្រកួត ខ្ញុំគិតអំពីក្រុម។ មិនមែនខ្លួនខ្ញុំទេ។

Benzema បាននិយាយបន្តទៀតថា ពានរង្វាន់ Champions League កាលពីរដូវកាលមុន គឺជាពានរង្វាន់ដ៏ពិសេសបំផុតដែលគាត់បានឈ្នះក្នុងអាជីពរបស់គាត់ ដោយសារតែវិធីដែល Real Madrid យកឈ្នះពីការធ្លាក់ចេញពីពាននេះ។Benzema បន្ថែម៖ ទោះបីជាគ្រប់ពានទាំងអស់មានប្រវត្តិផ្ទាល់ខ្លួន និងខុសគ្នាក៏ដោយ វាច្បាស់ណាស់ថា Champions League នេះគឺពិបាកបំផុតក្នុងចំណោម ៥ពានដែលខ្ញុំបានឈ្នះ ហើយសម្រាប់ខ្ញុំ វាក៏ស្អាតបំផុតដោយសារតែការវ៉ាយបកយកឈ្នះ ហើយដោយសារតែពួកយើងមិនដែលបោះបង់។កីឡាករសញ្ជាតិបារាំងរូបនេះក៏បានសង្កត់ធ្ងន់ថាគាត់មិនបានផ្លាស់ប្តូរការប្រកួតរបស់គាត់បន្ទាប់ពីការចាកចេញរបស់ Cristiano Ronaldo ពី Real Madrid ក្នុងឆ្នាំ២០១៨ នោះទេ។

Benzema បាន​កត់​សម្គាល់​ថា៖ Cristiano បាន​ជួយ​ខ្ញុំ​ច្រើន​ណាស់។

ជាមួយគាត់ ខ្ញុំមានតួនាទីមួយទៀត ហើយនៅពេលដែលគាត់ចាកចេញ ខ្ញុំដឹងថាខ្ញុំអាចបោះជំហានទៅមុខក្នុងការស៊ុតបាល់បញ្ចូលទី។អ្វីដែលបានផ្លាស់ប្តូរតាំងពីពេលនោះមក គឺចំនួនគ្រាប់បាល់សរុបរបស់ខ្ញុំ ប៉ុន្តែខ្ញុំនៅតែលេងតាមរបៀបដែលខ្ញុំគិតថាអ្នកត្រូវតែលេង។ តួលេខនេះមានន័យថា ខ្ញុំមិននៅឆ្ងាយពីវីរបុរសរបស់ Real Madrid នោះទេ ហើយវាផ្តល់ទំនុកចិត្តដល់ខ្ញុំ ទោះបីជា ខ្ញុំដឹងថាការឈានដល់ចំនួនគ្រាប់បាល់របស់ Cristiano គឺមិនអាចទៅរួចទេក៏ដោយ។នោះហើយជាមូលហេតុដែលខ្ញុំផ្តោតលើអ្វីដែលខ្ញុំអាចធ្វើបាននៅលើទីលានដើម្បីជួយក្រុមឱ្យឈ្នះ។ តួលេខមិនមែនជារឿងសំខាន់បំផុតនោះទេ។ ខ្ញុំលេងបាល់មិនគិតតែពីពាន ឬគ្រាប់បាល់នោះទេ។ខ្ញុំលេងព្រោះខ្ញុំស្រលាញ់បាល់ទាត់ ទោះបីជាខ្ញុំពិតជាមានក្តីសុបិន ដូចជាការឈ្នះពាន World Cup ឬ Ballon d’Or ក៏ដោយ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT