Man Utd បំបែក​តំបន់​ត្រីកោណ​ Real Madrid ហើយ​ឡើង​ប្រាក់​ឈ្នួល​ប៉ុណ្ណេះ​ឲ្យ Casemiro

តំបន់​ត្រីកោណ​របស់​ក្លឹប​ Real Madrid មាន​ខ្សែ​បម្រើ​ការពារ Casemiro អម​នឹង​បម្រើ​ខាង​លើ Toni Kroos ក៏​ដូច​ជា Luka Modric ទី​បំផុត​កំពុងត្រូវ​បាន​បាន​បំបែក ដោយ​ការ​អូសទាញ​ពី​សំណាក់​ក្លឹប​យក្ស Manchester United តាម​រយៈ​ការ​ចរចា នាំ​យក​​វត្តមាន​កីឡាករ​ប្រេស៊ីល ចេញ​ពី​ទឹកដី​អេស្ប៉ាញ។

ដំណើរការ​ចរចា​ស្ថិត​នៅ​ភាគរយ​ខ្ពស់ រៀប​នឹង​សម្រេច​ក្នុង​ចន្លោះ​ពេល ៤៨ ម៉ោង​បន្ទាប់ ហើយ​បើ​តាម​របាយការណ៍​ពី Fabrizio Romano បាន​ឲ្យ​ដឹង​ថា United បាន​ដាក់​សំណើ​ទឹក​ប្រាក់ ៦០ លាន​អឺរ៉ូ បូក​កិច្ច​ព្រមព្រៀង​ផ្សេងៗ ១០ លាន​អឺរ៉ូ ទៅ​កាន់​ក្លឹប​អាណាព្យាបាល ដើម្បី​ថ្ពក់​យក​បុរស​វ័យ ៣០ ឆ្នាំ។

បើ​ការ​ឆ្លើយតប​ពី​សំណាក់​ក្លឹប​ក្នុង​ទីក្រុង Madrid ជា​ចម្លើយ​វិជ្ជមាន យល់​ព្រម នៅ​តម្លៃ​ខាង​លើ នោះ​កីឡាករ​ប្រាកដ​នឹង​ឈាន​ដល់​ដំណាក់កាល​តេស្ត​សុខភាព​ត្រឹម​យប់​នេះ ឬ​ក៏​យប់​ស្អែក ហើយ​ប្រកាស​វត្តមាន​ផ្លូវការ​យ៉ាង​យូរ​ត្រឹម​ចុង​សប្តាហ៍ រួច​ក៏​ទំនង​ត្រៀម​លក្ខណៈ​ទាន់​ពេលវេលា សម្រាប់​ការ​ប្រកួត​ទល់​ Liverpool នៅ​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​អង្គារ​ផង​ដែរ។

ទៅ​មើល​លក្ខខណ្ឌ​បុគ្គល ដែល​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Erik ten Hag ផ្តល់​ឲ្យ​ Casemiro គឺ​ជាមួយ​កុងត្រា​ថ្មី​សន្លាង​រយៈ​ពេល ៤ ឆ្នាំ មាន​សុពលភាព​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦ អម​នឹង​សិទ្ធ​បន្ត​ថ្មី ១ ឆ្នាំ​ពី​លើ​នោះ។ ខណៈ​ដែល​ទំហំ​ប្រាក់​ពលកម្ម តាម​សារព័ត៌មាន The Athletic ចុះ​ផ្សាយ​ថា United ក៏​នឹង​ដំឡើង​គុណ​ជិត ១ ទ្វេ​ជា ២ ធៀប​នឹង​ប្រាក់​ឈ្នួល​នៅ​ក្លឹប Real Madrid ពោល​ឡើង​ពី ១៨០ ០០០ ផោន មក​កាន់ ៣៥០ ០០០ ផោន/សប្តាហ៍។

ទំហំ​នេះ នឹង​រុញ​ឲ្យ​ចំណូល​ថ្មី​លេង​តំណែង​បម្រើ​ការពារ ឡើង​ឈរ​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​លំដាប់​ទី ២ ប្រចាំ​ក្លឹប​ម្ចាស់ដី Old Trafford ស្មើ​នឹង​កម្រិត​អ្នកចាំទី David de Gea ហើយ​នៅ​ទាប​ជាង​តែ Cristiano Ronaldo ម្នាក់​គត់។

បន្ត​ទៅ​មុខ អ្វី​ដែល​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ចង់​ឃើញ​បំផុត គឺ​ចង់​ឲ្យ​អ្នកចាត់ការ​សញ្ជាតិ​ហូឡង់ រៀប​ចំ​ប្រើប្រាស់​អតីត​កីឡាករ Real Madrid ទាំង ៣ រូប តាំង​ពី​ក្រោម​ដល់​លើ ពោល​ដូច​ការ​ប្រើ Raphael Varane នៅ​ការពារ​កណ្ដាល អម Casemiro នៅ​បម្រើ​ការពារ និង Cristiano Ronaldo នៅ​ប្រយុទ្ធ​កណ្ដាល។

ចុងក្រោយ​ងាក​ទៅ​ស្ថានភាព​ក្លឹប​អេស្ប៉ាញ​បន្តិច ក៏​មិន​បញ្ចប់​ការ​ដោះដូរ​ត្រឹម​ប៉ុណ្ណឹង​ដែរ ដោយ​ប្រសិន​ណា​លក់​ដាច់ Casemiro ទៅ​ឲ្យ United នោះ​ពួក​គេ​នឹង​បង្វិល​លុយ​ទៅ​ចរចា​គោលដៅ​អាទិភាព​នៅ​ឯ​ក្លឹប Newcastle United គឺ​កីឡាករ Bruno Guimaraes។

ក្លឹប​ដឹកនាំ​ដោយ​លោក Carlo Ancelotti ចង់​នាំ​យក​បុរស​វ័យ ២៤ ឆ្នាំ សញ្ជាតិ​ប្រេស៊ីល មក​ដុសខាត់​ឲ្យ​ក្លាយ​ជា “Casemiro ទី​ពីរ” បើ​ទោះ​បី​ដឹង​ថា Newcastle ទើប​តែ​ទិញ​បាន​កាល​ពី​រដូវ​រងា ដើម​ឆ្នាំ​ក៏​ដោយ។ តាម​ហាងឆេង​តម្លៃ​ខ្លួន អាច​ជា​តម្រូវ​ឲ្យ Real Madrid ចាយ​លុយ​ល្បាក់ ៣៥ ទៅ ៤៥ លាន​អឺរ៉ូ លើ​ការ​ផ្ទេរ​ចូល តែ​វា​ក៏​ស៊ីសង​អុត​មើល​ចម្លើយ​ពី​ភាគី​ក្លឹប Newcastle និង​កីឡាករ​ផ្ទាល់​ផង​ដែរ។ រំឭក​ឲ្យ​ដឹង​ថា កាលបរិច្ឆេទ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ នឹង​សម្រេច​បិទ​ទ្វារ​នៅ​ថ្ងៃ​ទី ៣១ សីហា​ខាង​មុខ៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT