Bernardo Silva ថា​ព័រទុយហ្គាល់ និង​ជម្រើស​ជាតិ ៧ នេះ សង្ឃឹម​ច្រើន​អាច​លើក​ពាន World Cup

កីឡាករ​ជា​ច្រើន​កំពុង​ខិតខំ​ខ្លាំង នៅ​ការ​បង្ហាញ​ទម្រង់​លេង​តាម​បណ្តា​ក្លឹប​នានា ដើម្បី​ជា​ការ​ទាក់​ចិត្ត​អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ ឲ្យ​ផ្តល់​ឱកាស​ ទៅ​ចូលរួម​តំណាង​ជម្រើស​ជាតិ សម្រាប់​ព្រឹត្តិការណ៍​ខ្នាត​យក្ស​ FIFA World Cup ២០២២ ខាង​មុខ។

នៅ​សល់​តែ ៣ ខែ​ទៀត​ប៉ុណ្ណោះ World Cup ដែល​កាតារ​ធ្វើ​ជា​ម្ចាស់ផ្ទះ ក៏​នឹង​ចូល​មក​ដល់ ហើយ​ងាក​ទៅ​ខ្សែ​បម្រើ​ឆ្នើម Bernardo Silva នៃ​ក្លឹប Manchester City ក៏​បាន​ទស្សន៍ទាយ​ទុក​ជា​មុន នូវ​ចំណោម​ក្រុម​ទាំង ៨ មាន​សង្ឃឹម​ខ្ពស់​អាច​ឈ្នះ​ពាន​រង្វាន់​សារ​នេះ។

​នៅ​បទសម្ភាសន៍​ជាមួយ​ ESPN កីឡាករ​វ័យ ២៨ ឆ្នាំ បាន​និយាយ​ថា៖ “យើង​នឹង​ព្យាយាម ដើម្បី​ឆ្ពោះ​ទៅ​ដណ្ដើម​ពាន World Cup ក៏​ប៉ុន្តែ​វា​មិន​ជា​រឿង​ងាយ​ទេ ណា​មួយ​ក៏​មាន​ក្រុម​ល្អៗ ដែល​សង្ឃឹម​ខ្ពស់​ផ្សេង​ទៀត ដូច​ជា​អាល្លឺម៉ង់, អាហ្សង់ទីន, ប្រេស៊ីល, បារាំង, អេស្ប៉ាញ, ហូឡង់ និង​អង់គ្លេស ទោះ​ជា​យ៉ាង​ណា យើង​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត ព្រោះ​យើង​បណ្ដុំ​ទៅ​ដោយ​កីឡាករ​ល្អៗ​ជា​ច្រើន”។

Silva បន្ត​ទៀត​ថា៖ “នេះ​វា​ខុស​ពី Premier League មិន​មែន​យើង​មើល​តែ​ ៤ ឬ ៥ ក្រុម អាច​ទាយ​ដឹង​ទុក​មុន​ទេ នៅ World Cup វា​ពិត​ជា​ពិបាក​ទស្សន៍ទាយ​ខ្លាំង​ណាស់ ក្រៅ​តែ​ពី​ចំណោម​ក្រុម​ខាង​លើ ក៏​មាន​ក្រុម​ផ្សេង​ទៀត ដែល​យើង​មិន​អាច​ដឹង​មុន ថា​ពួក​គេ​នឹង​ធ្វើ​បាន​ល្អ​ដល់​កម្រិត​ណា”។

តែ​យ៉ាង​ណា​សម្រាប់​មតិ​អ្នក​គាំទ្រ​ភាគ​ច្រើន ដែល CTS SPORT បាន​វាស់​ស្ទង់​កន្លង​មក គឺ​រមែង​ចុច​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ឬ​អាហ្សង់ទីន តែ​ពីរ​ប៉ុណ្ណោះ ដែល​ចង់​ឲ្យ​ឈ្នះ​ពាន World Cup បំផុត ព្រោះ​អី ពួក​គេ​នឹង​ពិត​ជា​មាន​ភាព​សោកស្ដាយ ប្រសិន​ណា​ចំណោម​កីឡាករ​ល្អ​បំផុត​គ្រប់​ពេលវេលាគឺ Cristiano Ronaldo ឬ Lionel Messi ត្រូវ​ចូល​និវត្ត ដោយ​មិន​បាន​កាន់​ពាន​លំដាប់​ពិភពលោក​មួយ​នេះ។

ដោយឡែក​បន្ត​ទៅ​រឿងរ៉ាវ​របស់ Silva យើង​ក៏​សូម​ភ្ជាប់​ទៅ​កាន់​ចចាមអារ៉ាម​ពាក់ព័ន្ធ​នឹង​អនាគត​មិន​ប្រាកដប្រជា ដែល​គ្រប់​គ្នា​កំពុង​ចាំ​អ៊ុត​មើល នៅ​កំឡុង​កាលបរិច្ឆេទ​ទីផ្សារ​ដោះដូរ​ កំពុង​បើក​ទ្វារ​ពីរ​សប្ដាហ៍​ទៀត​នេះ។ អតីត​សមាជិក​ក្លឹប Monaco បាន​ស្ថិត​ក្រោម​រ៉ាដា​ចង់​បាន របស់​ក្លឹប​អេស្ប៉ាញ Barcelona តែ​ខាង​ក្លឹប​មេ City ហាក់​មិន​បើក​ផ្លូវ​ទាល់​តែ​សោះ។

ក៏​មិន​ច្បាស់​ថា កីឡាករ​គិតគូរ​សម្រេច​ចិត្ត​បែប​ណា​ដែរ ដ្បិត​អី​សុពលភាព​កុងត្រា​នៅ​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥។ ខ្សែ​បម្រើ​ប្រយុទ្ធ ជំនាញ​ជើង​ឆ្វេង ហាក់​ទទួល​បាន​ការ​ចាប់ចិត្ត​ពី​អ្នកចាត់ការ​លោក Xavi Hernandez តែ​ភាគី​ខាង​ក្លឹប​លោក Pep Guardiola បាន​ព្យាយាម​ឃាត់ឃាំង និង​ដាក់​តម្លៃ​កប់​ពពក ដល់ ១០០ លាន​អឺរ៉ូ ជា​កំហិត។ នេះ​ជា​ទំហំ​ចំណេញ ១ ទ្វេ​ជា ២ ធៀប​នឹង​គ្រា​នាំ​យក​ពីក្លឹប​បារាំង នៅ​តម្លៃ ៥០ លាន​អឺរ៉ូ។

Silva រាប់​បាន​ថា​ជោគជ័យ​ក្រាស់ក្រែល​ណាស់​ទៅ​ហើយ​ជាមួយ​ក្រុម​មេឃ​ខៀវ ជា​ពិសេស​ពាន​រង្វាន់​ធំ​តូច​នានា​នៅ​លីគ​កំពូល​អង់គ្លេស។ សរុប​ការ​បង្ហាញ​ខ្លួន ២៥៣ ប្រកួត រក​បាន ៤៨ គ្រាប់​និង Assist ៥០ លើក ហើយ​សមិទ្ធផល​ធំ​ដែល​រំលង​មិន​ទាន់​សម្រេច​បាន គឺ​ពាន​រង្វាន់ UEFA Champions League ដែល​ប្រហែល​កីឡាករ​គិត​ចង់​ទៅ​លើក​នៅ Barcelona ក៏​ថា​បាន៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT