CAMSOC-ភ្នំពេញ៖ សម្រាប់ការរៀបចំទទួលធ្វើម្ចាស់ផ្ទះកីឡា ស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូង នៅឆ្នាំ២០២៣របស់ កម្ពុជាមិនមែនដើម្បីឈ្នះមេដាយឈរលើកំពូលតារាង ហើយក៏មិនមានមហិច្ឆតាដើម្បីក្លាយជាជើងឯកក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍នោះដែរ។ ការរៀបចំធ្វើម្ចាស់ផ្ទះនេះគឺដើម្បីឲ្យប្រជាជនកម្ពុជាបានសប្បាយរីករាយ ហើយអត្តពលិក គ្រូបង្វឹក ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធទាំងអស់គ្នា ដែលមកប្រទេសកម្ពុជាដោយស្នាមញញឹម អារម្មណ៍ល្អ និងស្មារតីរួមរបស់អាស៊ីអាគ្នេយ៍ តាមរយៈការទទួលបដិសណ្ឋារកិច្ចដ៏ល្អប្រពៃរបស់កម្ពុជា។
នេះជាលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយកូនបាល់ ITF/OS សម្រាប់អត្តពលិកកម្រិតដំបូង និងមធ្យម ដោយមានគ្រូបង្វឹកមកពី៥ប្រទេស នៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ។
ឯកឧត្តមអគ្គលេខាធិការមានប្រសាសន៍ថា ៖«ចំណុចនេះពិតជាសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជាជាម្ចាស់ផ្ទះ។ យើងខ្ញុំមិនមែនទទួលធ្វើម្ចាស់ផ្ទះដើម្បីឈ្នះជើងឯកនោះទេ ប៉ុន្តែធ្វើម្ចាស់ផ្ទះដើម្បីអ្នកចូលរួមទាំងអស់សប្បាយរីករាយ។ នេះហើយជាគោលបំណងរបស់យើងខ្ញុំទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំក្រោយ។ ខ្ញុំសូមអរគុណដល់ ITF និងសូមស្វាគមន៍ដល់អ្នកចូលរួមដែលអញ្ជើញមកពីប្រទេសទាំងអស់។ លោក លោកស្រីប្រហែលមកកម្ពុជាលើកដំបូង លើកទីពីរ ឬច្រើនលើកមកហើយ។ ទោះជាបែបណាក្តី យើងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ»។
វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡា មានសិក្ខាកាម២០នាក់មកពី៥ប្រទេសរួមមានម្ចាស់ផ្ទះកម្ពុជា មីយ៉ាន់ម៉ា បង់ក្លាដែស ទីម័រខាងកើត និងហ្វីជី ក្រោមការចែករំលែកពីគ្រូឧទ្ទេសកម្រិតអន្តរជាតិ៣នាក់មកពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ (ITF)។ ឯកឧត្តម វ៉ាត់ ចំរើន បានជម្រាបជូនបន្ថែមទៀតថា ស៊ីហ្គេម ឆ្នាំ២០២៣ គឺជាលើកដំបូងសម្រាប់កម្ពុជាធ្វើម្ចាស់ផ្ទះ ហើយកម្ពុជាសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះគឺចំពេលវេលា និងមានសារសំខាន់សម្រាប់កីឡាវាយកូនបាល់កម្ពុជា។
«ខ្ញុំក៏ចង់ប្រាប់ថា កីឡានៅកម្ពុជាទើបតែងើបឡើងនៅពេលនេះ និងងើបឡើងចំពេលវេលាដែលយើងខ្ញុំទទួលសិទ្ធិរៀបចំធ្វើម្ចាស់ផ្ទះ ដូច្នេះយើងខ្ញុំនឹងប្រឹងប្រែងអស់ពីលទ្ធភាព បើទោះជាយើងខ្ញុំមិនធ្លាប់មានបទពិសោធរៀបចំព្រឹត្តិការណ៍នេះក៏ដោយ។ លើសពីនេះទៀត កីឡាកម្ពុជាក៏មិនទាន់ឈានដល់កម្រិតក្នុងតំបន់នៅឡើយ។ យើងខ្ញុំមានកម្រិតទាបជាងប្រទេសផ្សេងទៀតរាប់ទាំងតំបន់អាស៊ានផង។ កីឡាកម្ពុជាមិនទាន់អាចប្រកួតប្រជែងកម្រិតខ្លាំងជាមួយប្រទេសផ្សេងៗទេ។ ដូច្នេះវគ្គបណ្តុះបណ្តាលនេះពិតជាមានសារសំខាន់ខ្លាំងណាស់ ហើយយើងខ្ញុំសង្ឃឹមថា កីឡាវាយកូនបាល់កម្ពុជានឹងឈានឆ្ពោះទៅមុខ និងមានសក្តានុពលសម្រាប់ការប្រកួត ជាពិសេសសម្រាប់ស៊ីហ្គេម ដែលកម្ពុជាធ្វើម្ចាស់ផ្ទះឆ្នាំក្រោយ»។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែម។
បើទោះជាកម្ពុជាទើបទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកដំបូងក៏ពិតមែន ប៉ុន្តែឯកឧត្តមអគ្គលេខាធិការក៏បានសង្កត់ធ្ងន់ថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយ ដោយគ្រប់ហេដ្ឋារចនាសម្ព័ន្ធបានបញ្ចប់រួចរាល់ដែរ។ កម្ពុជាបានកសាងពហុកីឡដ្ឋានថ្មី ដែលបានក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏អស្ចារ្យ សម្រាប់កីឡាកម្ពុជាចាប់ពីពេលនេះទៅ។ ពហុកីឡដ្ឋាននេះបរិច្ចាគដោយរដ្ឋាភិបាលចិន និងជាពហុកីឡដ្ឋានទំនើបស្តង់ដា ដែលបំពាក់ដោយច្ចេកទវិទ្យាទំនើប។ «ខ្ញុំគិតថា បើលោក លោកស្រីមានពេលទំនេរអាចអញ្ជើញទៅទស្សនាពហុកីឡដ្ឋានថ្មីរបស់យើងខ្ញុំបាន។ ពហុកីឡដ្ឋាននេះមិនមែនសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់កីឡាទូទាំងពិភពលោក។ នេះគឺជាសម្បត្តិកីឡាអន្តរជាតិ។ លោក លោកស្រីអាចមកប្រើប្រាស់ ហើយយើងអាចប្រើប្រាស់សម្រាប់រៀបចំការប្រកួតព្រឹត្តិការណ៍កីឡាជាច្រើន។ ដូច្នេះយើងខ្ញុំមានចក្ខុវិស័យវែងឆ្ងាយសម្រាប់កីឡារបស់យើងខ្ញុំ»។
ឯកឧត្តម វ៉ាត់ ចំរើន បានជម្រាបជូនសិក្ខាកាមមកពីបណ្តាប្រទេសទាំងអស់ថា នៅក្នុងពេលនេះ រាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋកំពុងសប្បាយរីករាយចំពោះការរៀបចំកីឡាស៊ីហ្គេម ពីព្រោះនេះជាកេរ្តិ៍ឈ្មោះសម្រាប់ប្រទេសជាតិ។ «ដូច្នេះឆ្លៀតឱកាសនេះ ក្នុងនាមខ្ញុំជាប្រតិបត្តិករកីឡានៃព្រឹត្តិការណ៍នេះ ខ្ញុំនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យស៊ីហ្គេម ឆ្នាំក្រោយទទួលបានជោគជ័យ។ យ៉ាងណា យើងខ្ញុំចង់ឃើញកីឡាវាយកូនបាល់កម្ពុជាមានការរីកចម្រើន បន្ទាប់ពីព្រឹត្តិការណ៍រួចរាល់ ពោលគឺមិនត្រឹមតែក្នុងអំឡុងរៀបចំការប្រកួតប៉ុណ្ណោះទេ»។
ជាមួយគ្នានោះ ឯកឧត្តមអគ្គលេខាធិការក៏បានស្វាគមន៍គ្រូបង្វឹកទាំងអស់ថា ប្រសិនបើចង់ចូលរួមស្ម័គ្រចិត្តជួយរៀបចំការប្រកួត លោក លោកស្រីអាចចុះឈ្មោះជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឬសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបាន។ បន្ថែមពីលើនេះ ឯកឧត្តមក៏បានលើកបង្ហាញពីគោលដៅបន្ទាប់ពីធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ កម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី (Asian Youth Games) នាឆ្នាំ២០២៩។ «យើងខ្ញុំទទួលបានសិទ្ធិពី OCA គឺក្រុមប្រឹក្សាអូឡាំពិកអាស៊ីរួចហើយ។ ដូច្នេះបន្ទាប់ពីស៊ីហ្គេម យើងខ្ញុំនឹងឈានទៅរៀបចំកម្រិតអាស៊ី»៕
ប្រភព : CAMSOC