១២ប្រភេទកីឡា នឹងទៅហ្វឹកហាត់នៅចិនរយៈពេលវែង ត្រៀមស៊ីហ្គេម ២០២៣

CAMSOC-ភ្នំពេញ៖ កីឡាចំនួន ១២ប្រភេទរបស់កម្ពុជា នឹងចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេលយូរ ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

តាមគម្រោង ការចាកចេញរបស់ក្រុមអត្តពលិកកម្ពុជាទាំង ១២ប្រភេទកីឡា ស្មើនឹង ១៦១នាក់ គឺនៅក្នុងខែសីហា ឆ្នាំ២០២២ នេះតទៅ តាមរយៈការរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោមជំនួយឥតសំណងពីសំណាក់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន លើការហ្វឹកហាត់របស់កីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជា។ ដើមឡើយគម្រោងនេះ គ្រោងចាប់ផ្ដើមកាលពីឆ្នាំ២០២១ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ ទើបត្រូវបានពន្យារពេល។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានមានប្រសាសន៍ថា ៖«ឥឡូវនេះ តាមកិច្ចព្រមព្រៀងរវាង រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹង រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន គឺបានដល់ពេលត្រូវអនុវត្តនូវកិច្ចព្រមព្រៀងទាំងអស់នោះហើយ។ បានន័យថា ដោយស្ថានភាពនៅប្រទេសចិនមានការធូរស្រាលក្នុងការទទួលយកនូវកីឡាករ-កីឡាការិនី យើងចំនួន ១៦១នាក់ ដែលត្រូវទៅធ្វើការហ្វឹកហាត់នៅប្រទេសចិន ពីឥឡូវរហូតទៅដល់ស៊ីហ្គេម។ អ៊ីចឹង ១២ប្រភេទកីឡាយើងបានរៀបចំអស់ហើយ។ យើងកំពុងតែរៀបចំធ្វើវីសាឲ្យហើយដើម្បីបញ្ជនទៅ ហើយនឹងថ្នាក់ដឹកនាំបានបញ្ចូនគោលការណ៍ទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ហើយ ដើម្បីទទួលបាននូវគោលការណ៍ និងរៀបចំដំណើរចេញទៅក្នុងពេលឆាប់ៗខាងមុខនេះ»។

កីឡាសរុបចំនួន ១២ប្រភេទរួមមាន កាយសម្ព័ន្ធ, យូដូ, វូស៊ូ, បាល់បោះ, វាយកូនឃ្លីលើតុ, អត្តពលកម្ម, ចំបាប់, វាយសី, ហែលទឹក, លើកទម្ងន់, បាល់ទាត់ (នារី) និងបាល់ទះ។

ឯកឧត្តមអគ្គលេខាធិការ មានប្រសាសន៍បន្ថែមថា ៖«យើងធ្វើយ៉ាងណា បង្រួមពេលវេលាឲ្យបានឆាប់ដើម្បីធ្វើឲ្យការអភិវឌ្ឍគុណផលកីឡាទទួលបានក៏ឆាប់ដែរ។ អ៊ីចឹងពេលវេលាយើងខ្លីក្នុងការហ្វឹកហាត់ ក៏ប៉ុន្តែយើងនៅតែមើលឃើញនូវការរៀបចំរបស់យើង ជម្រុញការរៀបចំឲ្យទាន់ពេលវេលា។ អ៊ីចឹងអ្វីដែលយើងរៀបចំសម្រាប់ហ្វឹកហាត់នៅក្រៅប្រទេស គឺមិនមែននៅតែចិនទេ ប៉ុន្តែទៅចិនពេលនេះគឺទ្រង់ទ្រាយធំ។ មនុស្សច្រើន ហើយច្រើនវិញ្ញាសា ច្រើនប្រភេទកីឡា មានទាំងប្រភេទកីឡាជាក្រុម មានទាំងប្រភេទកីឡាឯកត្តជនផងដែរ។ អ៊ីចឹងយើងត្រូវតែយកចិត្តទុកដាក់លើការថែទាំ លើការថែរក្សា»។

«ឆ្លៀតក្នុងឱកាសនេះដែរ ក៏សូមថ្លែង អំណរគុណដល់ភាគីរដ្ឋអំណាចកីឡាចិន ក៏ដូចជាអូឡាំពិកចិន និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលបានទទួលយក និងជួយឧបត្ថម្ភគាំទ្រដល់ការហ្វឹកហាត់នេះទាំងស្រុង ទាំងសំបុត្រយន្ដហោះ ទាំងការស្នាក់នៅហូបចុក ទាំងការព្យាបាល ទាំងការថែទាំសុខភាពជំងឺកូវីដជាដើម។ នេះជាកាយវិការមួយដ៏ប្រពៃណាស់ សម្រាប់ជួយដល់ព្រឹត្តិការណ៍កំណត់ត្រាប្រវត្តិសាស្ត្រស៊ីហ្គេម ២០២៣ របស់យើង»។ ឯកឧត្តម វ៉ាត់ ចំរើន ថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន៕

ប្រភព : CAMSOC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT