គ្រាដែលការប្រកួតបាល់ទាត់ពានរង្វាន់ AFF Suzuki Cup 2018 នឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ សហព័ន្ធកីឡាបាល់ទាត់បានចេញបញ្ជីឈ្មោះកីឡាករត្រៀមធ្វើការហ្វឹកហាត់ ជាផ្លូវការហើយ សរុបចំនួន ២៥នាក់។
យ៉ាងណាមិញ ក្នុងការកោះហៅលើកនេះ មានកីឡាករតែ១នាក់ប៉ុណ្ណោះ ដែលលើសការកោះហៅមុនៗរបស់អ្នកចាត់ការទូទៅ Keisuke Honda នោះគឺយុវជនសាលាបាល់ទាត់ជាតិបាទី សៀង ចន្ធា ។
គួរបញ្ជាក់ថា សៀង ចន្ធា គឺជាយុវជនធ្លាប់ជាប់ជម្រើសជាតិ U-15, U18 ជាដើម ដោយបង្ហាញសមត្ថភាពល្អក្នុងការប្រកួតពានរង្វាន់ថ្នាក់អន្តរជាតិជាច្រើន ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងធ្លាប់ជាបេក្ខភាពស៊ុតចូលទីច្រើនជាងគេ ក្នុងពានរង្វាន់ AFF U-15 Championship 2017 ផងដែរ ។
នៅឆ្នាំ ២០១៧កន្លងទៅ ចន្ធា ស៊ុតចូលទីឱ្យ យុវជនសាលាបាល់ទាត់ជាតិ U-18 ច្រើនជាងគេក្នុងការប្រកួតលីគលំដាប់ទី២ របស់កម្ពុជា និងជួយឱ្យក្រុមឈ្នះការប្រកួតថ្នាក់ខេត្តពានរង្វាន់ Hun Sen Cup ឡើងដល់វគ្គ ៨ក្រុមចុងក្រោយថែមទៀតផង ។
នេះគឺជាលើកដំបូងហើយក្នុងអាជីព ដែល សៀង ចន្ធា ត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិ ឈុតធំ ៕