Lucas Moura ខ្សែបម្រើរបស់ក្រុម Spurs បានបង្ហើបពីអតីតកាលរបស់ខ្លួនថា ធ្លាប់ជាមនុស្សពាល ដើរលេងជើងកាង ប៉ុន្តែក្រោយពីបានលេងបាល់ទាត់មក រូបគេក៏បោះបង់ចោលរឿងទាំងនោះ។
កីឡាករវ័យ២៦ឆ្នាំ ខាងលើជាក្មេងដែលកើតនៅកន្លែងមួយពោរពេញដោយគ្រឿងញៀន និងអំពើរហិង្សានានា។ ប៉ុន្តែដោយសារតែគ្រួសាររបស់គេ ចង់ឱ្យខ្លួនលេងបាល់ទាត់ ក៏សម្រេចចិត្តឱ្យចាកចេញពីភូមិស្រុកតែម្ដង។
Moura បាននិយាយទៀតថា៖ “វាពិតជាពិបាកណាស់ ពេលខ្ញុំនៅក្មេង ព្រោះនៅស្រុកខ្ញុំមានអំពើហិង្សា ក្មេងទំនើង កាំភ្លើង និងគ្រឿងញឿនគ្រប់កន្លែង។ ខ្ញុំមានមិត្តភក្ដិដែលជ្រើសរើសយកជីវិតជាជនពាល អ្នកខ្លះកំពុងជាប់គុក ហើយអ្នកខ្លះទៀតបានស្លាប់បាត់ទៅហើយ។ ពួកគេបានជ្រើសរើសផ្លូវទាំងនោះ ខ្ញុំសម្រេចចិត្តជ្រើសរើសផ្លូវបាល់ទាត់ ទើបខ្ញុំមានថ្ងៃនេះ។ បាល់ទាត់បានកែប្រែជីវិតរបស់ខ្ញុំ មិនមែនតែខ្ញុំ គឺគ្រួសារទាំងមូលតែម្ដង”។
Moura ជាថ្នាលយុវជនរបស់ Sao Paulo ហើយបានផ្លាស់ទៅលេងឱ្យ PSG នៅឆ្នាំ២០១៣ មុនពេលផ្លាស់ទៅលេងឱ្យ Spurs បន្ដនៅខែមករាឆ្នាំ២០១៨នេះ៕ប្រភព៖ dailymail