ខ្សែប្រយុទ្ធ Frankfurt ៖យើងមានសមត្ថភាព អាចប្រកួតជាមួយ Real Madrid បាន

ខ្សែ​ប្រយុទ្ធ​ Rafael Santos Borré ​របស់​ក្រុម​ Frankfurt ​បាន​និយាយ​ថា​ពួកគេ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ក្រុម Real Madrid ​បាន​ក្នុង​ពាន​រង្វាន់ UEFA Super Cup ​។

នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ ​ក្រុម Real Madrid ​នឹង​លេង​ទល់​ក្រុម Frankfurt ​ក្នុង​ពាន​រង្វាន់ UEFA Super Cup ​នៅ​ទឹក​ដី​ប្រទេស​ស៊ុយអែត។ ​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​កីឡាករ Rafael ​ដែល​ធ្លាប់​លេង​នៅ​អេស្ប៉ាញ​ជាមួយ​ក្រុម Villarreal ​១​រដូវ​កាល​នោះ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ក្រុម​អធិរាជ​ស​ជា​ក្រុម​ខ្លាំង ប៉ុន្តែ​ក្រុម Frankfurt ​ក៏​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រកួត​ប្រជែង​វិញ​ដែរ។

​ខ្សែ​ប្រយុទ្ធ​កូឡំប៊ី​ដែល​រំពឹង​ឈ្នះ​ពាន​ទី​២​ជាមួយ​ក្រុម Frankfurt ​នៅ​យប់​នេះ ​បាន​និយាយ​ថា​៖ “ខ្ញុំ​ធ្លាប់​លេង​នៅ La Liga ​និង​ប៉ះ Real Madrid ​២​ដង។ ​ពួកគេ​ជា​ក្រុម​មាន​កីឡាករ​មាន​សមត្ថភាព​ខ្ពស់ ប៉ុន្តែ​អ្នក​អាច​ប្រកួត​ជាមួយ​ពួកគេ​បាន​។ ​សម្រាប់​យើង​លេង​ជា​ក្រុម ​យើង​នឹង​ត្រូវ​កាត់​បន្ថយ​ការ​ប្រយុទ្ធ​របស់​ពួកគេ ​និង​យក​ឱកាស​ដើម្បី​វាយ​បក​វិញ​ដើម្បី​ឈ្នះ​ការ​ប្រកួត​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT