នាំ​ឲ្យ​ស្គាល់​យុវតី​វ័យ ២០ ឆ្នាំ សកម្ម​ខ្លាំង​តាម​តារាង​បាល់ទះ ស្អាត​ទាំង​សម្រស់ ទេពកោសល្យ​ក៏​មាន

បាល់ទះ បាល់ទាត់ រាប់​ចូល​ជា​កីឡា​ដែល​មាន​ការ​ពេញ​និយម​ខ្លាំង​នៅ​ប្រទេស​កម្ពុជា ហើយ​សង្កេត​ឃើញ​តាម​តារាង​តូច​ធំ មាន​ទាំង​បុរស ទាំង​នារី ខ្លះ​លេង​ជា​លក្ខណៈ​កម្សាន្ត និង​ខ្លះ​ទៀត​ប្រកប​ជា​អាជីព។ ថ្មីៗ​នេះ​លើ​បណ្ដាញ​សង្គម​បាន​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​យុវតី​វ័យ​ក្មេង​មួយ​រូប ដែល​មាន​ទាំង​ទេពកោសល្យ និង​អំណោយផល​សម្រស់​ពី​ធម្មជាតិ ដូច្នេះ CTS SPORT ក៏​ប្រញាប់​ទៅ​សាកសួរ​នូវ​រឿងរ៉ាវ​លម្អិត​មួយ​ចំនួន​មក​ចែក​ជូន​បងប្អូន​ឲ្យ​បាន​ដឹង៖

យុវតី​ដែល​តែងតែ​ប្រទះ​វត្តមាន នៅ​តាម​តារាង​បាល់ទះ​នានា ទាំង​ក្នុង​នាម​ជា​កីឡាការនី និង​អ្នក​គាំទ្រ មាន​ឈ្មោះ ហួន សុខរ៉ា ស្ថិត​នៅ​វ័យ​ទើប​តែ​ ២០ ឆ្នាំ​ប៉ុណ្ណោះ ហើយ​មាន​ស្រុក​កំណើត ជា​កូន​អ្នក​ខេត្ត​បាត់ដំបង។ សព្វថ្ងៃ​នាង​ជា​និស្សិត រស់នៅ​ក្នុង​ទីក្រុង​តាខ្មៅ ដែល​ត្រៀម​តំណាង​ជា​កីឡាការនី​ប្រចាំ​ខេត្ត​កណ្តាល ទៅ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី ៣ ធ្វើ​ឡើង​នៅ​ឯ​ខែ​វិច្ឆិកា ឆ្នាំ ២០២២។

រៀបរាប់​មក​កាន់ CTS SPORT សុខរ៉ា​បង្ហើប​ថា នាង​ចាប់ផ្ដើម​លេង​បាល់ទះ តាំង​ពី​នៅ​អាយុ ៨ ឆ្នាំ ក្នុង​តំណែង​ជា​អ្នក​លើក​បាល់ លុះ​ដល់​អាយុ​ល្បាក់ ១៤-១៥ ឆ្នាំ ក៏​ប្តូរ​មក​ជា​ស្មាត់​ស្តាំ ទល់​សព្វថ្ងៃ។ បច្ចុប្បន្ន​នេះ នាង​លេង​ចម្រុះ​ក្រុម​ជាមួយ​កីឡាការនី​ដែល​ធ្លាប់​ប្រកួត​រួម​គ្នា​កន្លង​មក ហើយ​បើ​និយាយ​អំពី​បទពិសោធន៍​ការ​ប្រកួត​បាល់ទះ កាល​ពី​មុន ក៏​ធ្លាប់​តំណាង​ឲ្យ​ខេត្ត​បាត់ដំបង​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី ២ និង​ការ​លេង​ជា​លក្ខណៈ​មិត្តភាព ទល់​ក្រុម​បាល់ទះ​នារី​ជនជាតិ​ហ្វីលីពីន​ជា​ដើម។ រី​ឯ​សមិទ្ធផល ធ្លាប់​បាន​សម្រេច​ការ​ឈ្នះ​ពាន​រង្វាន់​កម្រិត​វិទ្យាល័យ និង​តំណាង​ខេត្ត​មួយ​ចំនួន​ផង​ដែរ។

ចំពោះ​ឆន្ទៈ​ពេល​ទៅ​មុខ សុខរ៉ា ថា​ពិត​មាន​កូន​ចិត្ត​ចង់​ទទួល​បាន​ឱកាស​ទៅ​ចូលរួម​តំណាង​ឲ្យ​ជម្រើស​ជាតិ ក៏​ប៉ុន្តែ​ដោយសារ​កម្ពស់​មិន​អំណោយ​ផល ពោល​នាង​មាន​កម្ពស់ ១,៦៦ ម៉ែត្រ ស្រប​ពេល​កម្ពស់​ស្តង់ដារ​គេ​ត្រូវ​ការ​គឺ ១,៧០ ម៉ែត្រ​ឡើង​ទៅ។ ដោយឡែក​ផ្សារភ្ជាប់​ទៅ​នឹង​វិស័យ​កីឡា​បាល់ទាត់ ដែល​ឃើញ​មាន​រូបថត​ជា​ច្រើន​សន្លឹក មាន​ពាក់​អាវ​ក្រុម​គោព្រៃ និង​ក្លឹប​បាល់ទាត់​ដទៃ សុខរ៉ា ក៏​លម្អិត​ថា បាល់ទាត់​ក៏​នាង​ចេះ​លេង​ដែរ តែ​មិន​ជា​ពូកែ​អី​ដូច​បាល់ទះ​ឡើយ ​តែ​បើ​និយាយ​ពី​ការ​ស្រលាញ់ គឺ​ស្រលាញ់​ដូច​គ្នា។

ចំពោះ​កីឡាករ​ក្នុង​ស្រុក ដែល​នាង​ស្រលាញ់​គាំទ្រ មាន​ដូច​ជា ចាន់ វឌ្ឍនាកា, កែវ សុខផេង និង​សៀង ចន្ធា​ជា​ដើម ស្រប​ពេល​ដែល​បាល់ទាត់​នៅ​អឺរ៉ុប សុខរ៉ា ថា​ស្រលាញ់​ក្លឹប Manchester United ក៏​ដោយសារ​តែ​មាន​វត្តមាន idol ក្នុង​ដួងចិត្ត​គឺ Cristiano Ronaldo ឈរ​ជើង​នៅ​ទី​នោះ។ យ៉ាង​ណា​ក្រៅ​តែ​ពី​វិស័យ​កីឡា សុខរ៉ា​ក៏​មាន​ដុង​ខាង​សិល្បៈ​ខ្លះៗ​ផង​ដែរ មិន​ថា​តែ​ការ​ច្រៀង​និង​សម្ដែង ដែល​ជា​ការងារ​ក្រៅ​ម៉ោង បន្ទាប់​ពី​ការ​សិក្សា និង​លេង​បាល់ទះ។

ជា​ចុង​ក្រោយ ​យុវតី​តូច​ច្រឡឹង​ខាង​លើ ក៏​មាន​សារ​ចែករំលែក​បែប​នេះ៖

ខ្ញុំ​សំណូមពរ​ឲ្យ​យុវជន និង​យុវនារី​ទាំង​អស់ គួរ​ងាក​មក​ស្រលាញ់​វិស័យ​កីឡា ព្រោះ​វា​ផ្តល់​ទាំង​ប្រយោជន៍​ចំពោះ​សុខភាព បង្កើត​មិត្តភាព​ សាមគ្គីភាព និង​ជៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន ជា​រួម​មនុស្ស​ម្នាក់ គួរ​លេង​កីឡា​ឲ្យ​បាន​មួយ​ប្រភេទ មិន​ថា​តែ​កីឡា​អ្វី​ក៏​ដោយ។

ដោយឡែក​ទន្ទឹម​នឹង​កម្ពុជា ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម​លើក​ទី ៣២ នៅ​ឆ្នាំ​ក្រោយ ខ្ញុំ​ក៏​សំណូមពរ​ឲ្យ​កីឡាករ-កីឡាការនី​ទាំង​អស់ ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ហ្វឹកហាត់ ដើម្បី​ដណ្តើម​យក​មេដាយ​ឲ្យ​បាន​ច្រើន ជា​ការ​លើក​មុខមាត់​ប្រទេស​យើង​ឲ្យ​ខ្ពស់​ត្រដែត​ឡើង៕

@huonsokra ចង់មានអ្នកបង្រៀនលេងបាល់ 🤒🏐🤍#volleyball🤍🏐🤍🏐🤍 ♬ original sound – 𝓚🧼 – Meng Kxeaz

ប្រភព​រូបភាព៖ Huon Sokra​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT