Thiago Alcantara នឹងត្រូវសម្រាក៦សប្ដាហ៍ ដោយរបួសសរសៃពួរ

ខ្សែបម្រើ Thiago Alcantara នឹងត្រូវសម្រាកយ៉ាងតិច៦សប្ដាហ៍ ក្រោយពីមានបញ្ហារបួសសរសៃពួរក្នុងការប្រកួតបើកឆាក Premier League ស្មើ ២-២ ទល់ក្រុម Fulham មក។

កីឡាករអេស្ប៉ាញខាងលើត្រូវបានប្ដូរចេញនៅនាទី៥០ ក្រោយពីគ្រូពេទ្យពិនិត្យឃើញថារូបគេមានបញ្ហាសរសៃពួរមិនអាចបន្ដការប្រកួតបាន។ ក្រោយពីពិនិត្យល្អិតល្អន់ទៅ អតីតកីឡាករ Bayern Munich ខាងលើនេះនឹងត្រូវសម្រាកដល់ទៅ៦សប្ដាហ៍ឯណោះ។ ដោយរយៈពេលនេះ រូបគេមិនអាចជួយក្រុមលេងទល់ Crystal Palace, Manchester United, Bournemouth, Newcastle, Everton និង Wolves បានទេ។

នេះក៏ជាកង្វល់មួយសម្រាប់ក្រុមរបស់លោក Jurgen Klopp ផងដែរ ត្បិតអីពួកគេមានកីឡាកររបួសច្រើននាក់ទៅហើយនៅដើមរដូវកាលនេះ។ អ្នកចាត់ការរូបនេះបាននិយាយថា៖ “នេះមិនមែនជាស្ថានភាពល្អនោះទេ ខ្ញុំមិនចូលចិត្តឡើយនៅពេលមានកីឡាកររបួសច្រើននាក់។ តែយើងត្រូវមើលស្ថានភាពទៅពេលខាងមុខទៀត។ ខ្ញុំច្បាស់ថាវាមិនអាក្រក់ខ្លាំងសម្រាប់ក្រុមយើងពេកទេ”៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT