Vinicius ៖ខ្ញុំចង់ឈ្នះ Champions League ៥ឬ៦ដងជាមួយក្រុម Real Madrid

ខ្សែ​ប្រយុទ្ធ Vinicius Junior ​បាន​និយាយ​ថា​ខ្លួន​ចង់​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​៥​ទៅ​៦​ដង​ជាមួយ​ក្រុម Real Madrid ​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន។

​កីឡាករ​ប្រេស៊ីល​ខាង​លើ​បាន​ជួយ​ក្រុម Real Madrid ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​ម្ដង​មក​ហើយ​កាល​ពី​រដូវ​កាល​មុន​នេះ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Liverpool ​នៅ​លើ​ទឹក​ដី​បារាំង។ យ៉ាង​ណាមិញ ​ក្រោយ​ពី​ធ្វើ​បាន​ល្អ​ហើយ ​រូបគេ​ក៏​ទទួល​បាន​កុងត្រា​ថ្មី​បន្ថែម​ទៀត​ពី​ក្រុម​អធិរាជ​ស​ផង​ដែរ។ ដោយ​រំពឹង​ថា​រូបគេ​នឹង​អាច​លេង​ឱ្យ​ក្រុម​នេះ​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត។

​ខ្សែ​ប្រយុទ្ធ​វ័យ​២២​ឆ្នាំ​ខាង​លើ​បាន​និយាយ​ថា​៖ “វា​ពិត​ជា​សំខាន់​ក្នុង​ការ​ព្យាយាម​ឈ្នះ​ការ​ប្រកួត​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ យើង​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​សម្រេច​ក្ដី​បំណង​ឈ្នះ​ពាន​រង្វាន់ ​ហើយ​វា​ជា DNA ​របស់​ក្លឹប​យើង​ហើយ។ ខ្ញុំ​ចង់​លេង​នៅ​ក្លឹប​នេះ​ជា​ច្រើន​ឆ្នាំ​ហើយ ​ហើយ​ច្បាស់​ណាស់​ខ្ញុំ​ចង់​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​នៅ​ទី​នេះ។ ឈ្នះ​ពាន Champions League ​៥​ទៅ​៦​ដង​គឺ​ជា​អ្វី​ដែល​គ្រប់​គ្នា​ពាក់​អាវ Real Madrid ​ចង់​ធ្វើ​ជា​និច្ច”។

​រំលឹក​ថា​ដើម្បី​ជា​ការ​បើក​រដូវ​កាល​ថ្មី ​ក្រុម Real Madrid ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Eintracht Frankfurt ​នៅ​យប់​ស្អែក​នេះ​ហើយ ​ក្នុង​ពាន​រង្វាន់ UEFA Super Cup ​ដែល​ជា​ពាន​ប៉ះ​គ្នា​រវាង​ម្ចាស់​ជើង​ឯក UEFA Champions League ​និង UEFA Europa League ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT