Haaland គាស់​កំណត់ត្រា​ Aguero ដល់​ថ្នាក់​អ្នកចាត់ការ​ ពោល​ពាក្យ​ប្រដូច​ទៅ Ronaldo/Henry

ក្រោយ​ភ្លៀង​មេឃ​ស្រឡះ បន្ទាប់​ពី​រង​ពាក្យ​រិះគន់​ជា​ហូរហែ​កាល​ពី​ប្រកួត​ទល់ Liverpool នៅ​ឯ​ពាន FA Community Shield ឥឡូវ​ងាក​មក ជំនួប​បើក​ឆាក ក៏​ដូច​ជា​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ Premier League ស្រាប់​តែ​គ្រាប់​ពេជ្រ Erling Haaland បាន​សាង​មុខមាត់ លុប​អស់​ពាក្យ​បន្ទោស ប្តូរ​មក​វិញ​នូវពាក្យ​សរសើរ ទាំង​ពី​សំណាក់​អ្នកចាត់ការ និង​អ្នក​គាំទ្រ។

កីឡាករ​ន័រវេស បាន​ឈរ​ជើង​រយៈ​ពេល ៧៨ នាទី នៅ​ការ​ប្រកួត​ទល់​ក្លឹប​ញញួរ​ធំ West Ham United កាល​ពី​យប់​មិញ ហើយ​ក៏​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​ទាំង​ពីរ​គ្រាប់ កើត​ឡើង​នៅ​នាទី ៣៦ និង ៦៥។ នេះ​ជា​គ្រាប់​បាល់​ផ្លូវការ​សម្រាប់​ខ្សែ​ប្រយុទ្ធ​វ័យ ២២ ឆ្នាំ ហើយ​ក៏​បាន​តាម​ស្មើ​កំណត់ត្រា​​អតីត​ជើង​ចាស់ Sergio Aguero ផង​ដែរ។

Haaland បាន​ក្លាយ​ជា​កីឡាករ​បញ្ចប់​ទី ២ គ្រាប់​នៅ​ប្រកួត​ដំបូង ក្នុង​ក្របខ័ណ្ឌ Premier League សម្រាប់​ក្លឹប Man City ដែល​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​មេឃ​ខៀវ មាន​តែ​កីឡាករ​ ២ រូប​ប៉ុណ្ណោះ អាច​ធ្វើ​បាន ដោយ​កាល​ពី​ខែ​សីហា ឆ្នាំ ២០១១ គឺ​ជា​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Aguero រក​បាន ២ គ្រាប់​ដូច​គ្នា នៅ​ជ័យជម្នះ​ទៅ​លើ​ក្លឹប Swansea។

ជាង​នេះ ការ​ស៊ុត​បាល់ ១១ ម៉ែត្រ​របស់​គេ ក៏​បាន​ក្លាយ​ជា​កីឡាករ​ទី ២ នៅ Premier League ដែល​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង អាច​បង្កើត​ឲ្យ​មាន​បាល់​ពិន័យ ហើយ​ជា​អ្នក​សម្រេច​ទី​ដោយ​ខ្លួន​ឯង ខកខាន​កើត​មាន​កាល​ពី​ខែ​មេសា ឆ្នាំ ២០១៦ គ្រា​កីឡាករ Alexandre Pato អតីត​សមាជិក Chelsea ធ្វើ​បាន​គ្រា​ប៉ះ Aston Villa។

ដោយ​មើល​ឃើញ​នូវ​ការ​ខិតខំ និង​ជម្នះ​អស់​ពាក្យ​រិះគន់​ជា​ច្រើន ក៏​អ្នកចាត់ការ​លោក Pep Guardiola បាន​លាន់​មាត់​សរសើរ​កូន​ប្រុស​បង្កើត​លោក Alf-Inge Haaland ថា​ពេល​ឥឡូវ​នេះ អាច​ធៀប​នឹង​កម្រិត​វីរបុរស​មួយ​ចំនួន​បាន​ហើយ។ គ្រូ​សញ្ជាតិ​អេស្ប៉ាញ និយាយ​ប្រាប់​ Sky Sports៖ “ខ្ញុំ​ដឹង​ថា Haaland បាន​ឆ្លងកាត់​ការ​រិះគន់​ជា​ច្រើន​នៅ​សប្តាហ៍​កន្លង​មក​នេះ តែ​យ៉ាង​ណា​មើល​ទៅ​គេ គឺ​ចិត្ត​ត្រជាក់​ណាស់ ហើយ​នៅ​បន្ត​ព្យាយាម​ហ្វឹកហាត់​បាន​យ៉ាង​ល្អ”។

លោក​បន្ត​ទៀត​ថា៖ “ខ្ញុំ​មាន​ការ​ពេញ​ចិត្ត​ជា​ខ្លាំង នូវ​របៀប​ដែល​គេ​អង់អាច​ក្នុង​ការ​ដើរ​សំដៅ​ទៅ​យក​បាល់​មក​ស៊ុត​ប៉េណាល់ទី ព្រោះ​គេ​មើល​ទៅ​មាន​ជំនឿ​ជាក់ ​ច្បាស់លាស់​នឹង​ខ្លួន​ឯង ដែល​នេះ រាប់​ថា​គេ​អាច​ចាប់ផ្តើម​សម្រប​នឹង​ Premier League បាន​ហើយ ឥឡូវ​ដល់​ពេល​យើង​អាច​ដាក់​ឈ្មោះ គេ​នូវ​កម្រិត​កីឡាករ​ល្អៗ​ដូច​ជា Thierry Henry, Alan Shearer និង Cristiano Ronaldo”។

“Haaland នៅ​សល់​ពេល ៥ ឆ្នាំ​ទៀត យើង​សង្ឃឹម​ថា​គេ​នឹង​បន្ត​រីករាយ​ជាមួយ​ក្លឹប​ទាំង​មូល ហើយ​អាច​បន្ថែម​ការ​រក​គ្រាប់​បាល់ និង​វិវត្ត​ខ្លួន​ទៅ​ជា​កីឡាករ​ដ៏​ល្អ​ប្រសើរ​ម្នាក់”។ គួរ​រំឭក​ថា កំណត់ត្រា​ការ​រក​គ្រាប់​បាល់​ច្រើន​បំផុត​នៅ Premier League សព្វថ្ងៃ​គ្រោង​ដោយ​ឈ្មោះ Alan Shearer ធ្វើ​បាន ២៦០ គ្រាប់ Wayne Rooney បាន ២០៨ គ្រាប់ និង Andy Cole បាន ១៨៧ គ្រាប់ ដូច្នេះ​សម្រាប់ Haaland ដែល​ទើប​រក​បាន ២ គ្រាប់​ថ្មីថ្មោង គឺ​ត្រូវ​ការ ២៥៨ គ្រាប់​ទៀត ដើម្បី​តាម​ស្មើ ចុះ​អ្នក​គិត​ថា ពេលវេលា ៥ ឆ្នាំ​សម្រាប់​កីឡាករ​ខាង​លើ អាច​គ្រប់គ្រាន់​នឹង​សម្រេច​បាន​ដែរ​ឬ​ទេ ឬ​ក៏​ត្រូវ​ការ​ពេល​យូរ​ជាង​នេះ?

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT