Roy Keane៖ “Martial មិន​ទាន់​ល្អ​គ្រប់គ្រាន់ ដល់​ថ្នាក់​យក​មក​ជំនួស Ronaldo បាន​ទេ”

Roy Keane បាន​បង្ហាញ​ការ​ខកចិត្ត​ជា​ខ្លាំង អំពី​ការ​ដឹកនាំ​នៅ​ជុំ​ដំបូង ដែល​ក្លឹប​ចាស់​ខ្លួន​គឺ Manchester United បរាជ័យ​ក្រោម​ថ្វី​ជើង Brighton ១-២ ហើយ​បាន​សង្កត់​ធ្ងន់​ថា Anthony Martial មិនមែន​ជា​ចម្លើយ ក្នុង​ការ​មក​បំពេញ​កន្លែង​ Cristiano Ronaldo នោះ​ទេ។

យប់មិញ​លោក Erik ten Hag បាន​ដាក់ Christian Eriksen ​ឲ្យ​លេង​ជា​ប្រយុទ្ធ​ក្នុង​ប្រអប់​នៅ​ជម្រើស​ដំបូង ដែល​គេ​ជឿ​ថា បើ Martial មិន​របួស​ម្ល៉េះ​កីឡាករ​បារាំង​ប្រាកដ​បាន​តំណែង​នោះ​មិន​ខាន ហើយ Cristiano Ronaldo នៅ​អង្គុយ​បម្រុង​ដូច​ការ​គិត​ទុក​ជា​មុន។

ឆ្លើយតប​ពាក់ព័ន្ធ​នឹង​រឿង Martial លោក Keane ប្រាប់​ទៅ​ប៉ុស្តិ៍ Sky Sports បែប​នេះ៖ “អ្នក​អត់​អាច​ឲ្យ Ronaldo ចាកចេញ ហើយ​ត្រឹម​គិត​ថា Martial ជា​ចម្លើយ​ដែល​អាច​មក​បំពេញ​ចន្លោះ​បាន​ឡើយ និយាយ​រួម Martial មិន​សក្តិសម​នោះ​ទេ បើ​ទោះ​បី​គេ​ល្អ​នៅ​ប្រកួត​ត្រៀម​បើក​រដូវ​កាល​ក៏​ដោយ ខ្ញុំ​ទទួល​ស្គាល់”។

លោក​បន្ត៖ “ខណៈ​ពេល​នេះ ក្លឹប​ធ្វើ​អត់​បាន​ល្អ​ទេ ហើយ​ក៏​អត់​មាន​ជម្រើស​ច្រើន​ដែរ តែ​គ្រប់​យ៉ាង​នឹង​ផ្លាស់ប្ដូរ​នៅ​ពេល​បន្ទាប់ ទោះ​ជា​យ៉ាង​ណា​អ្នក​ត្រូវ​រក្សា​ទុក Ronaldo ដោយ​មិន​អាច​ឲ្យ​គេ​ចាកចេញ​ទៅ​បាន​ទេ ព្រោះ​យើង​គ្មាន​ផ្លូវ​បម្រុង​ទុក​នៅ​ឡើយ”៕

ប្រភព៖ Sky Sports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT