Barcelona ប្រកាស​ការ​ចាកចេញ​របស់​កីឡាករ​ទី ៩ ប្រចាំ​រដូវ​កាល ២០២២/២៣

ក្លឹប​អ្នក​មាន​បុណ្យ Barcelona បើ​រាប់​ទាំង​កីឡាករ​ខ្ចី​ជើង កីឡាករ​លក់​នៅ​តម្លៃ​ពេញ​ថ្លៃ និង​ការ​ផ្ទេរ​ឥត​តម្លៃ​ខ្លួន គិត​មក​ទល់​ពេល​នេះ គឺ​មាន ៩ រូប​ហើយ នេះ​រយៈ​ពេល​ដោះដូរ​នៅ​បើក​ទ្វារ​ ២៣ ​ថ្ងៃ​ទៀត។ កន្លង​ទៅ​ថ្មីថ្មោង ក្លឹប​ទើប​បន្ថែម​ការ​ចាកចេញ​របស់​អ្នកចាំទី Neto ទៅ​កាន់​ក្លឹប Bournemouth នៅ​ឯ​ក្របខ័ណ្ឌ Premier League។

វា​ជា​ការ​សម្រួល​បន្ទុក​ចំណាយ​មួយ​ផ្នែក បន្ទាប់​ការ​ដក​វត្តមាន Neto នៅ​លក្ខខណ្ឌ​ផ្ទេរ​ឥត​តម្លៃ​ខ្លួន ហើយ​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Xavi Hernandez នឹង​នៅ​សល់​ជម្រើស ២ ក្នុង​ដៃ​ប៉ុណ្ណោះ មាន​អ្នកចាំទី​ដៃ​ទី​មួយ Andre ter Stegen និង​ដៃ​ទី​ពីរ Inaki Pena។

បញ្ជាក់​ថា Neto បាន​ឈាន​ចូល​វ័យ ៣៣ ឆ្នាំ​ទៅ​ហើយ ដោយ​មក​ចុះចូល​នៅ​អ្នក​មាន​បុណ្យ​កាល​ពី​រដូវ​កាល ២០១៩/២០ តែ​បើ​ទោះ​បី​គុណភាព​មាន ឱកាស​ប្រជែង​ជាមួយ Stegen មិន​អាច​ទៅ​រួច​ទាល់​តែ​សោះ។ ការ​ផ្ទេរ​មក Bournemouth គេ​នឹង​ប្រជែង​ជាមួយ Travers ជា​អ្នកចាំទី​ដៃ​ទី​មួយ តែ​លទ្ធផល​បែប​ណា​យើង​នឹង​ចាំ​មើល​បន្ត​ទៅ​ទៀត។ ការ​ប្រកួត​ជុំ​ទី ១ របស់​ក្លឹប​ទើប Promote ឡើង​ខាង​លើ យក​ឈ្នះ ២-០ ទៅ​លើ Aston Villa ខណៈ​ជុំ​បន្ទាប់ កំណត់​ជួប​ក្លឹប Manchester City៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT