កីឡាករ Messi ធ្លាប់​ណែនាំ​ឲ្យ Barca តាម​យក ឥឡូវ Liverpool ដាក់​ក្រសែ​ភ្នែក​សម្លឹង​មើល​ដែរ​ហើយ

ត្រលប់​ទៅ​ជាង ២ ឆ្នាំ​មុន ប្រិយមិត្ត​ប្រាកដ​ធ្លាប់​ដឹង​រឿងរ៉ាវ​ដែល Lionel Messi បង្ហាញ​ការ​កោត​សរសើរ​ដល់​សមត្ថភាព​ខ្សែ​បម្រើ​ក្រូអាត Marcelo Brozovic ហើយ​ចង់​ឲ្យ​ក្លឹប Barcelona ចរចា​យក​មក​ទឹកដី Camp Nou កាល​នោះ តែ​យ៉ាង​ណា​មិន​ទទួល​បាន​ផ្លែផ្កា​ជោគជ័យ​អ្វី​ឡើយ។

ដល់​ឥឡូវ​ក្លឹប​ហង្ស​ក្រហម Liverpool ឯ​ណេះ ក៏​បើក​ការ​ចាប់​អារម្មណ៍​ទៅ​លើ​កីឡាករ​វ័យ ២៩ ឆ្នាំ​ផង​ដែរ ហើយ​សម្លឹង​ចង់​នាំ​យក​ខ្សែ​បម្រើ​ខាង​លើ មុន​ទីផ្សារ​ដោះដូរ​បិទ​ទ្វារ​នា​ថ្ងៃ​ទី ០១ ​កញ្ញា​ខាង​មុខ។ បើ​តាម​សារព័ត៌មាន The Mirror ចុះ​ផ្សាយ​ថា ក្លឹប Liverpool គិតគូរ​ចង់​ដោះដូរ​កីឡាករ​ស្មើ ដោយ​ដាក់​ឈ្មោះ Naby Keita ឬ Robert Firmino ឲ្យ​ទៅ​ក្លឹប Inter Milan ជា​ភាគី​ក្លឹប​អាណាព្យាបាល​ធ្វើ​ការ​ពិចារណា។

យ៉ាង​ណា​យើង​មិន​ទាន់​ដឹង​ចម្លើយ​ថា​បែប​ម៉េច​ទេ ដ្បិត​អី​ទាំង Keita, Firmino គឺ​សុទ្ធ​សឹង​ជា​កីឡាករ​ត្រៀម​ផុត​កុងត្រា​នៅ ១២ ខែ​បន្ទាប់ ខណៈ Brozovic សល់​កុងត្រា​យូរ ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦។ ការ​ដែល​ចង់​បាន​វត្តមាន​កីឡាករ​ក្រូអាត​បន្ថែម ក៏​ដោយសារ​មើល​ឃើញ​ពី​កង្វះ​ខាត​នៅ​តំបន់​ស្នូល ក្រោយ​កីឡាករ​មួយ​ចំនួន​រង​របួស ជា​បន្តបន្ទាប់។ ចាយ​ពេល​ជាមួយ Inter ជាង ៦ ឆ្នាំ ខ្សែ​បម្រើ​ខាង​លើ រក​បាន ២៨ គ្រាប់​និង Assist ៣៧ លើក នៅ ២៨៩ ប្រកួត​សរុប៕

ប្រភព៖ The Mirror

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT