Agbonlahor ថា​ក្លឹប PL នេះ កំពុង​លេង​បាន​ល្អ​ដូច​កាល​ជំនាន់ Barcelona ឆ្នាំ ២០១១

Barcelona នៅ​ឆ្នាំ ២០១១ ប្រិយមិត្ត​ប្រហែល​ជា​នៅ​ចាំ ដោយ​ឈ្នះ​ទាំង​ពាន La Liga ក៏​ដូច​ជា UEFA Champions League ហើយ​ពាន​ក្នុង​ស្រុក Copa del Rey ប៊ិះ​តែ​នឹង​លើក​​ទៀត តែ​ចុងក្រោយ​ចាញ់ Real Madrid ០-១។ យ៉ាង​ណា​រាប់​ជា​ឆ្នាំ​មាស គួរ​ឲ្យ​ចងចាំ​បំផុត​សម្រាប់​អ្នក​មាន​បុណ្យ ក្នុង​រយៈ​ពេល ២ ទសវត្ស​ចុង​ក្រោយ។

ងាក​មក​អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប Aston Villa លោក Gabriel Agbonlahor បាន​លើក​ឡើង​ថា ក្លឹប Arsenal ​ឯ​ណេះ កំពុង​តែ​បង្ហាញ​ទម្រង់​លេង​ល្អ ដូច​កាល Barcelona ឆ្នាំ ២០១១ នោះ​អ៊ីចឹង ពោល​បន្ទាប់​ពី​មើល​នូវ​ចង្វាក់​លេង​ដែល​ក្រុម​កាំភ្លើង​ធំ បង្ហាញ​ការ​យក​ឈ្នះ ២-០ ទៅ​លើ Crystal Palace កាល​ពី​ថ្ងៃ​បើក​ឆាក PL។

លោក​ Agbonlahor និយាយ៖ “Arsenal បាន​បង្ហាញ​ភាព​ល្អ​ឥត​ខ្ចោះ ៤៥ នាទី​នៅ​រដូវ​កាល​នេះ ខុស​ពី​ប្រកួត​មុនៗ​យើង​ធ្លាប់​បាន​ទស្សនា ពួក​គេ​ធ្វើ​បាន​ល្អ​ណាស់ Gabriel Jesus លេង​ដោយ​ភាព​មុត​ស្រួច ហើយ Zinchenko ក៏​គ្រប់គ្រង​បាល់​បាន​ល្អ មើល​ទៅ​មិន​ខុស​ពី Barcelona ជំនាន់​ឆ្នាំ ២០១១ ឡើយ”។ រំឭក​បន្តិច ប្រកួត​បន្ទាប់​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Mikel Arteta ត្រូវ​កំណត់​ជួប Leicester City នា​វេលា​ម៉ោង ០៩:០០ នាទី​យប់ ​ថ្ងៃ​សៅរ៍ ទី ១៣ សីហា៕

ប្រភព៖ TalkSPORT

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT