អត់​ទំនេរ​ជើង​យូរ​ទេ Isco កៀក​នឹង​រក​បាន​ក្លឹប​ថ្មី​នៅ La Liga ជ្រកកោន​ហើយ

Isco Alarcon បាន​ផុត​កុងត្រា​ក្លាយ​ជា​កីឡាករ​ឥត​តម្លៃ​ផ្ទេរ​លើ​ទីផ្សារ​ដោះដូរ ហើយ​បើ​តាម​ស្ថានភាព​ចុងក្រោយ កីឡាករ​អេស្ប៉ាញ​ទំនង​នឹង​រក​បាន​ទ្រនំ​ថ្មី​ជ្រកកោន ពោល​បន្ត​នៅ​ក្របខ័ណ្ឌ La Liga ដដែល នោះ​គឺ​ជាមួយ​ក្លឹប Sevilla។

អ្នកចាត់ការ​លោក Julen Lopetegui ហាក់​ចាប់​ចិត្ត​លើ​គុណភាព​ខ្សែ​បម្រើ​ខាង​លើ​ជា​ខ្លាំង ដោយ​បាន​ស្នើ​ម្តង​ហើយ​ម្តង​ទៀត ទៅ​ថ្នាក់​លើ​គឺ​នាយក​ជាន់​ខ្ពស់​លោក Monchi ឲ្យ​សម្រេច​ការ​ចរចា​នាំ​យក Isco មុន​ការ​ចាប់ផ្តើម​រដូវ​កាល​ថ្មី ប្រសិន​អាច​ធ្វើ​បាន។ ឥឡូវ​នេះ ភ្នាក់ងារ​លោក Jorge Mendes និង​ភាគី​ក្លឹប Sevilla បាន​នឹង​កំពុង​ចរចា​យ៉ាង​សកម្ម ដោយ​ជឿ​ថា តម្រុយ​វិជ្ជមាន​ក៏​នឹង​ត្រៀម​លេច​ចេញ​មក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

តាម​ដឹង Isco ក៏​នឹង​ព្រម​ទទួល​យក​ការ​កាត់​បន្ថយ​ថ្លៃ​ពលកម្ម​ផង​ដែរ ព្រោះ​ទទួល​ស្គាល់​គ្មាន​ក្លឹប​ណា អាច​បន្ត​ផ្តល់​ឲ្យ​នូវ​ថ្លៃ​ឈ្នួល ខ្ពស់​ដូច​កាល​នៅ​ក្លឹប Real Madrid ឡើយ បន្ទាប់​ពី​អាយុ​ក៏​កាន់​តែ​ចំណាស់ ​ហើយ​របួស​ក៏​សង្កេត​ឃើញ​កើត​ឡើង​ច្រើន​នៅ​ពេល​ចុង​ក្រោយ​ឲ្យ​ក្លឹប​ស្តេច​ស។ បើ​ការ​ចរចា​សម្រេច​បាន​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ នោះ​ថា​មិន​ត្រូវ ខ្សែ​បម្រើ​ខាង​លើ ទំនង​នឹង​អាច​ចូលរួម​ការ​ប្រកួត​បើក​ឆាក​នា​ចុង​សប្តាហ៍ កំណត់​ត្រូវ​ជួប Osasuna នា​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១៣ សីហា៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT