ព្រហ្មលិខិតរបស់ Antoine Griezmann ស្តាប់ទៅ ប្រហែលមិនខុសពី Harry Kane ប៉ុន្មានទេ ដោយឈ្មោះជាម៉ាស៊ីនបញ្ចប់ទីខ្ទង់រយគ្រាប់នឹងគេដែរ តែបែរមិនធ្លាប់ស្គាល់រសជាតិលើកពានរង្វាន់លីគកំពូលសូម្បីតែម្តង។
នេះកីឡាករបារាំងបានចាយពេល ១២ រដូវកាល ជាមួយក្លឹប ៣ ផ្សេងគ្នា នៅក្របខ័ណ្ឌអេស្ប៉ាញ តែស៊យត្រង់ថា មុននិងក្រោយឆ្នាំ ដែលក្លឹបបានឈ្នះពាន បែរជាមិនមានវត្តមានរបស់គេទៅវិញ។ តើនេះជាវាសនាកំណត់ឲ្យបុរសម្នាក់នេះ ត្រូវជួបរឿងស៊យបែបហ្នឹងមែនទេ?
កីឡាករវ័យ ៣១ ឆ្នាំ បានចាប់ផ្ដើមឈរជើងនៅក្របខ័ណ្ឌ La Liga ជាលើកដំបូង ឲ្យក្លឹប Real Sociedad កាលពីឆ្នាំ ២០១០ ហើយដល់ ខែកក្កដា ឆ្នាំ ២០១៤ ក៏ជ្រើសការផ្ទេរទៅក្លឹបការពារជើងឯករដូវកាលចាស់ នោះគឺ Atletico Madrid។ នេះជាការលើកពានរបស់ក្លឹបក្រហមស ក្រោយខកខានឈ្នះអស់រយៈពេល ១៨ ឆ្នាំមកហើយ។
ដូច្នេះមានន័យថា Griezmann ផ្ទេរមកចូលរួមលើសតែប៉ុន្មានខែប៉ុណ្ណោះ ពោលបើគេជ្រើសការផ្ទេរនៅខែមករា ចំពាក់កណ្តាលរដូវកាល នោះឈ្មោះរបស់គេ ក៏មានចំណែកនៅពានរង្វាន់ La Liga ផងដែរ។ នេះរាប់ថា ជាការស៊យមួយហើយ តែប្រហែលអាចលើកទឹកចិត្តខ្លួនឯង និងគិតវាត្រឹមជាភាពចៃដន្យក្នុងពិភពបាល់ទាត់។
បន្តពីរដូវក្តៅឆ្នាំ ២០១៤ នោះមក Griezmann ក៏ក្លាយជាម៉ាស៊ីនបញ្ចប់ទី រកបានគ្រាប់បាល់ជាហូរហែឲ្យ Atletico តែឆ្លងកាត់ ៥ រដូវកាល ដល់រដូវកាលចុងក្រោយ ២០១៨/១៩ ក្លឹបខាងលើ ក៏នៅមិនអាចដណ្ដើមពានពី Barcelona&Real Madrid ទាល់តែសោះ ពោល At ត្រឹមឈរលេខ ៣ ឬអស់ខ្ពស់ត្រឹមលេខ ២ ប៉ុណ្ណោះឯង។
ហេតុនេះ ក៏បានធ្វើឲ្យកីឡាករបារាំងគិតថា គេគួរតែផ្លាស់ទៅកាន់ទ្រនំថ្មី ដើម្បីស្វែងរកឱកាសលើកពានរង្វាន់ ហើយក៏ជ្រើសការផ្ទេរទៅក្លឹប Barcelona ជាជាងការផ្ទេរទៅក្លឹប Real Madrid ដែលជាសត្រូវរួមទីក្រុងនៃអតីតក្លឹបចាស់។ ចាប់ផ្ដើមរដូវកាលដំបូងជាមួយអ្នកមានបុណ្យ គឺ ២០១៩/២០ ក៏ចំពេល Barcelona បានត្រឹមឈរលេខ ២ ហើយអធិរាជស ជាក្លឹបដែលគេបដិសេធឯណោះវិញ បានក្លាយជាម្ចាស់ជើងឯក។
ឈឺចាប់ប៉ុណ្ណឹងមធ្យមទេ ងំចូលដល់រដូវកាលបន្ទាប់ ២០២០/២១ សុខៗបែរ Atletico ជាក្លឹបកាន់ឆ្នាំរបស់ Griezmann ឈោងបាន ៨៦ ពិន្ទុឈរកំពូលតារាង ក្លាយជាម្ចាស់ជើងឯក ក្រោយខកខានអស់រយៈពេល ៧ ឆ្នាំ តែមិនដឹងឡាក់ឆុងអី វាចំពេលដែលខ្សែប្រយុទ្ធសញ្ជាតិបារាំង ក៏មិនបានឈរជើងថែមទៀត ព្រោះស្ថិតក្នុងពេលវេលារួមអាជីពឲ្យ Barcelona ជាក្លឹបឈរចំណាត់ថ្នាក់ទី ៣ នារដូវកាលនោះ។
ឥឡូវមិនអស់ចិត្ត ដ្បិតអីទម្រង់លេងក៏ធ្លាក់ចុះខ្លាំង Griezmann ចុងក្រោយបែរវិលត្រលប់មកកាន់ក្លឹបចាស់ Atletico ស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងដល់បញ្ចប់រដូវកាល ២០២២/២៣។ នេះយើងនឹងចាំមើល ថាតើក្តីស្រមៃចង់ឈ្នះពាន La Liga របស់គេអាចសម្រេចបានឬអត់? តែបើថារដូវកាលថ្មី បែរ Barcelona ជាក្លឹបឈ្នះពានទៅវិញនោះ អ៊ីចឹង Griezmann គួរតែរកលក់ភាពស៊យនេះចេញហើយ៕
ប្រភព៖ បរទេស