ភ្លេច​អ្វី​ភ្លេច​បាន តែ​របស់​ប៉ូវ ២ នេះ កីឡាករ​និយម​ដាក់ជាប់​ខ្លួន តាម​ពិត​មាន​ប្រយោជន៍​ដល់​ម្លឹង

របៀប​រស់នៅ​របស់​កីឡាករ​បាល់ទាត់ ក៏​មិន​ខុស​ពី​មនុស្ស​ទូទៅ​អ៊ីចឹង​ដែរ ​ប៉ុន្តែ​របប​អាហារ​ហូបចុក ភេសជ្ជៈ​ទទួល​ទាន​ផ្សេងៗ គឺ​រមែង​មាន​ការ​ដាក់​កំហិត យក​ចិត្ត​ទុក​ដាក់​ជាង ព្រោះ​ដើម្បី​ផ្តោត​លើ​ប្រយោជន៍​សម្រាប់​កាយសម្បទា និង​គុណភាព​លើ​ទីលាន​ប្រកួត។

ជឿ​ថា​បងប្អូន​ដែល​និយម​គាំទ្រ តាមដាន​ដំណើរ​ក្រៅ​ទីលាន​របស់​កីឡាករ​កំពូលៗ​នៅ​អឺរ៉ុប ប្រាកដ​ធ្លាប់​ចាប់​អារម្មណ៍​លើ​របស់​ពិសេស ២ ដែល​តែងតែ​ស្ថិត​ជាប់​ដៃ​កីឡាករ​ជានិច្ច មិន​ថា​ពួក​គេ​ហោះ​ទៅ​ប្រកួត​នៅ​ប្រទេស​ណា ​ឆ្លង​ទ្វីប​ដទៃ​ណា ក៏​មិន​ងាយ​ភ្លេច​របស់​ទាំង​ពីរ​នោះ​ដែរ។ CTS SPORT សូម​ធ្វើ​ការ​ណែនាំ​ឲ្យ​ស្គាល់​ពី​អត្ថប្រយោជន៍ និង​ជ្រុង​មួយ​ចំនួន នៃ​របស់​ប៉ូវ​កម្លាំង​ទាំង​ពីរ​ដូច​ខាង​ក្រោម៖

១) ភេសជ្ជៈ Mate Tea

អ្នក​ប្រាកដ​ជា​ធ្លាប់​ឃើញ Cristiano Ronaldo, Lionel Messi, Sergio Aguero និង​សូម្បី Darwin Nunez ដែល​ហោះ​មក​ប្រទេស​ថៃ​កាល​ពី​ខែ​មុន​ តែង​កាន់​កំប៉ុង​ម្យ៉ាង មាន​ទម្រង់​ដូច​ជា​ផ្លែ​ដូង អម​នឹង​បំពង់បឺត​មួយ ដើរ​បឺត​គ្រប់​ទី​កន្លែង មុន​ចូល​ដល់​ទីលាន​ប្រកួត។ តាម​ពិត​ទៅ នោះ​គឺ​ជា​ភេសជ្ជៈ​ប្រចាំ​តំបន់​អាមេរិក​ឡាទីន ដែល​គេ​ឲ្យ​ឈ្មោះ​ថា “Mate Tea”។

វា​ជា​ប្រភេទ​ភេសជ្ជៈ​ម្យ៉ាង ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​កាហ្វេអ៊ីន លាយ​នឹង​ស្លឹក​តែ​ស្ងួត ហើយ​រសជាតិ​របស់​វា​រាង​ល្វីង​បន្តិច តែ​គេ​ពេញ​និយម​ខ្លាំង នៅ​ក្នុង​ប្រទេស​អ៊ុយរុយហ្គាយ, អាហ្សង់ទីន, ប៉ារ៉ាហ្គាយ, ប្រេស៊ីល, ស៊ីរី និង​លីបង់​ជា​ដើម។ អ្នក​អាច​ផឹក​វា ជា​ប្រភេទ​លក្ខណៈ​ក្តៅ​ក៏​បាន ត្រជាក់​ដាក់​ទឹកកក​ក៏​បាន។ មិន​មាន​ការ​បញ្ជាក់​ច្បាស់​អំពី​តម្លៃ​របស់​វា​នោះ​ទេ ត្រឹម​ដឹង​ថា ប្រភេទ​តែ Mate Tea មួយ​កញ្ចប់​ធំ ទម្ងន់ ១ គីឡូក្រាម អាច​ថ្លៃ​ចន្លោះ​ពី ១០ ទៅ​ជាង ៣០ ដុល្លារ តាម​ប្រភេទ​គុណភាព ហើយ​កំប៉ុង​រាង​ផ្លែ​ដូង​នោះ អាច​រក​ទិញ​បាន​នៅ​តម្លៃ​ជិត ៤០ ដុល្លារ​ឡើង​ទៅ។

ប្រយោជន៍​របស់​វា មិន​ខុស​ពី​កាហ្វេ​ប៉ុន្មាន​ទេ ដោយ​មាន​សារធាតុ​រំញោច វីតាមីន B និង C នាំ​ឲ្យ​កីឡាករ​អាច​បង្កើន​ការ​ផ្តោត​អារម្មណ៍ ធ្វើ​ឲ្យ​អារម្មណ៍​ប្រសើរ​ឡើង ហើយ​ជួយ​លើក​កម្ពស់​ការ​គេង និង​ប្រព័ន្ធ​រំលាយ​អាហារ​ជា​ដើម។ ដោយសារ​តែ​វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ប៉ូលីហ្វេណុល ដូច្នេះ​ក៏​មាន​ប្រយោជន៍​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​ផង​ដែរ។

២) ថ្នាំ​ជក់ Snus

បើ​អ្នក​ចាប់​អារម្មណ៍ ប្រាកដ​ជា​ឆ្ងល់ ដោយ​នៅ​ពេល​កីឡាករ​ដើរ​ចូល​កីឡដ្ឋាន ដូច​ជា Raheem Sterling, Jamies Vardy, Leroy Sane និង Dele Alli ជា​ដើម បើ​សម្លឹង​ទៅ​ក្នុង​ហោប៉ៅ​របស់​ពួក​គេ រមែង​មាន​បង្កប់​របស់​ម្យ៉ាង ទម្រង់​រាង​មូល​តូច ហើយ​នោះ​គឺ​ជា​ថ្នាំ​ជក់ Snus។ អាច​ថា វា​ជា​របស់​ផ្តាច់​បារី​មួយ​បែប​ដែរ ដោយ​មាន​ដើម​កំណើត​ចេញ​មក​ពី​ប្រទេស​ស៊ុយអែត មាន​អាយុកាល​ជិត ៣០០ ឆ្នាំ​មក​ហើយ។

វា​ជា​ថ្នាំ​ជក់​កែច្នៃ គ្មាន​ផ្សែង គ្មាន​ក្លិន ហើយ​គេ​ចិញ្ច្រាំ​វា​រក្សា​ទុក​ក្នុង​ថង់ យក​មក​បៀម​នៅ​នឹង​បបូរ​មាត់។ ប្រភេទ​ថ្នាំ​ជក់​នេះ នៅ​ប្រទេស​ខ្លះ ក៏​មិន​អនុញ្ញាត​ឲ្យ​ប្រើ ហើយ​ប្រទេស​ខ្លះ ក៏​រាប់​ជា​របស់​ស្រប​ច្បាប់ តែ​តាម​ការ​ស្រាវជ្រាវ វា​មាន​ហានិភ័យ​ទាប​បំផុត ដែល​នឹង​បង្ក​ទៅ​ជា​ជំងឺ​មហារីក​មាត់​ឬ​ជំងឺ​អញ្ចាញ​ធ្មេញ។

ប្រយោជន៍​របស់​វា ធ្វើ​ឲ្យ​កីឡាករ​មាន​អារម្មណ៍​ស្រស់ស្រាយ និយាយ​ឲ្យ​ងាយ​យល់ ដូច​ជា​ការ​ទំពារ​ស្ករ​កៅស៊ូ​អ៊ីចឹង​ដែរ គ្រាន់​ថា​គេ​ផ្តោត​សំខាន់ ជំនួស​ការ​ប្រើប្រាស់​បារី។ មួយ​កំប៉ុង​តូច ដែល​រមែង​ដាក់​ជាប់​ហោប៉ៅ​កីឡាករ គឺ​មាន​តម្លៃ​ជិត ១០ ដុល្លារ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT