ប៊ូខាវ​ ណាត់​កូន​ប្រុស​ពៅ​កីឡាករ​បាល់ទាត់​វ័យ​ចំណាស់​ជាង​គេ​ក្នុង​លោក ឡើង​សង្វៀន

​បន្ទាប់​ទើប​យក​ឈ្នះ​ទៅ​លើ​ម្ចាស់​ខ្សែ​ក្រវាត់​មក​ពី​ប្រទេស​បេឡារុ Varats Dzmitry ​នៅ​ទឹកដី​កម្ពុជា​កាល​ពី​ដើម​ខែ​កក្កដា ឥឡូវ​ស្តេច​ប្រដាល់​ថៃ Buakaw Banchamek (ប៊ូខាវ) ក៏​បាន​ប្រកាស​កាលវិភាគ​ឡើង​សង្វៀន​ជា​ថ្មី នៅ​ឯ​ប្រកួត​លក្ខណៈ Exhibition Kickboxing Match រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន RWS។

នេះ​ជា​ការ​ណាត់​ជួប​អ្នក​វាយ​ក្បាច់​គុណ​ចម្រុះ MMA របស់​ប្រទេស​ជប៉ុន គឺ​កីឡាករ​វ័យ​ក្មេង Kota Miura នៅ​ឯ​សង្វៀន Rajadamnern Boxing Stadium ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ នា​វេលា​ម៉ោង ០៧:០០ នាទី​យប់ ថ្ងៃ​សុក្រ ទី ១៩ សីហា ឆ្នាំ ២០២២។ តម្លៃ​សំបុត្រ​ចូល​ទស្សនា ថ្លៃ​ចន្លោះ​ពី ១ ០០០ ទៅ ៦ ០០០ បាត ឬ​ប្រហែល​ ២៥ ទៅ​ ១៦៥ ដុល្លារ។ បញ្ជាក់​ថា ច្បាប់​នៃ​ការ​ប្រកួត Kickboxing គឺ​តម្រូវ​ឲ្យ​ប្រើ​កណ្តាប់​ដៃ និង​ជើង តែ​មិន​អនុញ្ញាត​ប្រើប្រាស់​កែង​នោះ​ទេ។

អ្នក​ប្រដាល់​មួយ​ថៃ វ័យ ៤០ ឆ្នាំ បាន​ខកខាន​ការ​ឡើង​សង្វៀន​មួយ​នោះ អស់​រយៈ​ពេល ១៨ ឆ្នាំ​មក​ហើយ រី​ឯ​ការ​ប៉ះ​គ្នា​ខាង​មុខ ក៏​បង្កើត​ការ​ចាប់​អារម្មណ៍​ខ្លាំង ព្រោះ​គូ​បដិបក្ខ​មិន​ត្រឹម​តែ​មាន​គុណភាព​លើ​សង្វៀន ទៀត​សោត​រូប​សម្រស់​ក៏​ឆក់​យក​អស់​បេះដូង​នារី​ជា​ច្រើន​ផង​ដែរ។

Kota Miura ឬ​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ជា “Kings Junior” ទើប​តែ​មាន​វ័យ ២០ ឆ្នាំ​ប៉ុណ្ណោះ ហើយ​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង នៅ​កម្មវិធី RIZIN.33 កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​ទៅ រួច​បាន​បង្កើត​លទ្ធផល​យក​ឈ្នះ​ទៅ​លើ​អ្នក​វាយ​គុណ​ចម្រុះ Yushi Sakura ត្រឹម​ទឹក​ទី ១។

យុវជន​កើត​នៅ​ឆ្នាំ ២០០២ រូប​នេះ មាន​កម្ពស់ ១,៧៥ និង​ទម្ងន់​ខ្លួន ៦៥ គីឡូក្រាម។ មាន​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ពី​ក្រោយ​អត្តសញ្ញាណ អ្នក​វាយ​គុណ​ចម្រុះ MMA ខាង​លើ ត្រង់​ថា ​ឪពុក​បង្កើត​របស់​គេ ជា​កីឡាករ​បាល់ទាត់​ដែល​មាន​វ័យ​ចំណាស់​បំផុត​ក្នុង​លោក ហើយ​ជឿ​ថា​ប្រិយមិត្ត​ភាគ​ច្រើន ប្រាកដ​ជា​ស្គាល់ នោះ​គឺ​កីឡាករ​ជប៉ុន Kazuyoshi Miura។

ជា​ការ​ដើរ​ខុស​គន្លង​ឪពុក ដោយ​កូន​ប្រុស​ពៅ​ខាង​លើ បាន​ចាប់ផ្ដើម​ស្រលាញ់​ចូលចិត្ត​ទស្សនា​ការ​ប្រកួត​លើ​សង្វៀន តាំង​ពី​នៅ​រៀន​កម្រិត​មធ្យម​សិក្សា ហើយ​ធំ​បន្តិច ក៏​សុំ​ឪពុក​ទៅ​ចូល​ហ្វឹកហាត់​នៅ​ក្លឹប​ក្បាច់​គុណ​មួយ មុន​វិវត្ត​ខ្លួន​ក្លាយ​ជា​អ្នក​អាជីព MMA ទល់​សព្វថ្ងៃ។ នៅ​ពេល​ចុង​ក្រោយ កេរ្តិ៍ឈ្មោះ Kota បាន​សាយភាយ​ក្នុង​ប្រទេស​ជប៉ុន ក៏​ដូច​ជា​ទូទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រៅ​តំបន់ ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​លើ​រូបរាង​កាយ​ដ៏​សង្ហារ និង​ស្នាម​ញញឹម​ថ្ពក់​យក​បេះដូង​នារីៗ បើ​ទោះ​បី​ពួក​គេ​ខ្លះ​មិន​ជា​អ្នក​ស្នេហា​វិស័យ​កីឡា​មួយ​នេះ​ក៏​ដោយ។

ចុងក្រោយ​នាំ​ឲ្យ​ស្គាល់​ឪពុក​របស់ Kota បន្តិច នោះ​គឺ​អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ជប៉ុន លោក Kazuyoshi ដែល​ជាមួយ​ក្រុម​សាំមូរ៉ៃ​ខៀវ លោក​បាន​ចូល​និវត្ត​យូរ​ហើយ តែ​ការ​លេង​ឲ្យ​ក្លឹប នៅ​បន្ត​ទល់​សព្វថ្ងៃ​ជាមួយ​ក្លឹប Suzuka Point Getters ស្ថិត​ក្នុង​ក្របខ័ណ្ឌ​កម្រិត​ទី ៤ របស់​ជប៉ុន។ អ្វី​ដែល​ភ្ញាក់ផ្អើល​ខ្លាំង បុរស​ម្នាក់​នេះ មាន​វ័យ ៥៥ ឆ្នាំ​ទៅ​ហើយ ពោល​បាន​ជាប់​ឈ្មោះ​នៅ​កំណត់ត្រា​កីឡាករ​បាល់ទាត់​អាជីព មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​លោក៕

ប្រភព៖ បរទេស​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT