Pochettino អស់តំណែងនៅ PSG ដោយសារ Champions League?

អតីតអ្នកចាត់ការទូទៅក្លឹបមាន់ខ្នាយមាស​ Tottenham លោក​ Pochettino បានចូលកាន់តំណែងនៅ PSG ក្នុងនាមជាអ្នកចាត់ការទូទៅក្លឹប PSG នៅខែមករា ឆ្នាំ២០២១ ហើយបានបញ្ចប់ពីតំណែងនេះទៅវិញនៅខែកក្កដា ឆ្នាំ២០២២​ ពោលគឺដឹកនាំត្រឹមតែ ១៨ខែប៉ុណ្ណោះ ខណៈដែលកុងត្រារបស់គាត់ផុតសុពលភាពនៅឆ្នាំ២០២៣។

ថ្មីៗនេះ​ ស្រាប់តែលោក​ Mauricio Pochettino ចេញមកនិយាយជាលើកដំបូងអំពីមួលហេតុនៃការចាកចេញរបស់គាត់ ពី PSG ប្រាប់ Infobae ដោយគាត់បានទទួលស្គាល់ថា Champions League គឺជាមូលហេតុដែលធ្វើឲ្យគាត់បរាជ័យក្នុងការនៅបន្តដឹកនាំក្លឹប PSG។​

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បានពន្យល់ថា សម្រាប់ក្លឹប Parisian មួយនេះ គ្រប់យ៉ាងគឺផ្តោតតែទៅលើ Champions League តែប៉ុណ្ណោះ ដូច្នេះបន្ទាប់ពីត្រូវបាន Real Madrid ទម្លាក់ក្នុងវគ្គ ១៦ក្រុម ពួកគេចាប់ផ្តើមគិតគូររឿងផ្លាស់ប្តូរគ្រូបង្វឹកបាត់ទៅហើយ។

លោក Pochettino បានបន្ថែមទៀតថា PSG ឈ្លក់វង្វេងតែនឹងពាន Champions League តែប៉ុណ្ណោះ​​ ហើយបើទោះបីជាគេឈ្នះពានអ្វីផ្សេងដែលមិនមែនជាពាន Champions League ក៏ដោយ ក៏គេចាត់ទុកថាការបរាជ័យដែរ។

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT