យក​ខុស​ឬ​ត្រូវ? ត្រឹម​បាល់​ចម្ងាយ​ ៥ ម៉ែត្រ Haaland ស៊ុត​អត់​ចូល ដល់​ថ្នាក់​អ្នក​គាំទ្រ​ប្រាប់​ឲ្យ​ចូល​និវត្ត

កាល​ពី​យប់​មិញ​នៅ​ពាន​រង្វាន់ FA Community Shield ក្លឹប Liverpool បាន​សម្ញែង​សាច់ដុំ​យក​ឈ្នះ ៣-១ ទៅ​លើ Man City ហើយ​បន្ទាប់​ចប់​ការ​ប្រកួត ពាក្យ​សរសើរ​និង​រិះគន់ ក៏​កើត​ឡើង​ព្រម​គ្នា​ទៅ​លើ​ក្រុម​ទាំង​ពីរ។ មតិ​ជា​ច្រើន បាន​លើក​ឡើង​ស្រដៀង​គ្នា អំពី​ការ​សាទរ​ដល់​គុណភាព Darwin Nunez តែ​ប្រេះ​ទ្រូង​អ្នក​គាំទ្រ City ជុំវិញ​ទម្រង់​លេង​របស់​គ្រាប់​ពេជ្រ Haaland។

ម្ចាស់​អាវ​លេខ ៩ ថ្មី​នៅ City ឈរ​ជើង​ពេញ ៩០ នាទី​លើ​ទីលាន ក៏​ប៉ុន្តែ​ទទួល​បាន​ឱកាស​ប៉ះ​បាល់​តែ ៨ លើក​គត់ ខណៈ​ការ​ស៊ុត​មាន​ដល់ ៣ លើក តែ​មិន​អាច​បញ្ចប់​ទី​រក​បាន​គ្រាប់​បាល់។ យុវជន​វ័យ ២២ ឆ្នាំ ហាក់​ត្រូវ​បាន​ជញ្ជាំង​យក្ស Virgil van Dijk និង Joel Matip តាម​កៀប​ជាប់ ពោល​មិន​អាច​រក​ចន្លោះ​ស៊ុត​ពេញ​ជើង​ងាយៗ​ដូច​កាល​នៅ​ក្របខ័ណ្ឌ Bundesliga ឡើយ។

នៅ​ចង្វាក់​កាល​ពី​តង់​ទី ១ ការ​ក្រុស​ចូល​ដ៏​ស្អាត​របស់​ខ្សែ​ការពារ Joao Cancelo បែរ​ជា Haaland មិន​អាច​ធ្វើ​អ្វី​ចេញ ហើយ​ត្រឹម​លើក​ជើង​ព្យាយាម​ទទួល​យក​មិន​បាន​ល្អ នាំ​ឲ្យ​ខូច​បាល់​ហោះ​ទៅ​លើ។ សាច់​បាល់​នេះ បើ​យើង​សារ​មើល​ម្តង​ហើយ​ម្តង​ទៀត គួរ​ណា​តែ Haaland លោត​តែត​បញ្ចប់​ទី​យក​តែ​ម្តង ព្រោះ​ទាំង​កម្ពស់​បាល់ និង​ឱកាស គឺ​សមាមាត្រ​គ្នា​ល្អ​ណាស់។

មួយ​ផ្សេង​ទៀត គេ​ចាប់​អារម្មណ៍​ខ្លាំង នៅ​ឱកាស​មុខ​ទី ចម្ងាយ ៥ ម៉ែត្រ កំឡុង​នាទី ៩៦ កៀក​នឹង​បញ្ចប់​ការ​ប្រកួត​ គឺ Phil Foden ជា​អ្នក​ស៊ុត​កាច់​ចង្កេះ​នៅ​ក្រៅ​ប្រអប់ ហើយ Adrian ជា​អ្នកចាំទី ផ្តួល​ខ្លួន​ទប់​បាល់​នោះ​មិន​បាន​ល្អ នាំ​ឲ្យ​ក្រឡក​ធ្លាក់​ដល់​ជើង​ Haaland តែ​បែរ​ខ្សែ​ប្រយុទ្ធ​ន័រវែស ស៊ុត​បាញ់​ហោះ​ទៅ​លើ ប៉ះ​បង្គោល​ទី​ខ្ទាត​ចេញ​ទៅ​ក្រៅ។ បាល់​នេះ​ហើយ ដែល​អ្នក​គាំទ្រ​ធ្វើ​ការ​ប្រដូច Haaland ទៅ​នឹង Timo Werner ពេល​ទើប​ផ្លាស់​មក Chelsea ថ្មីថ្មោង ក៏​តែងតែ​បំផ្លាញ​ឱកាស​បាល់​មុខ​ទី​ជា​រឿយៗ​ផង​ដែរ។

មតិ​លើ​បណ្តាញ​សង្គម Twitter ពី​អ្នក​គាំទ្រ​ម្នាក់​សរសេរ​ថា៖ “City គួរ​តែ​ប្តូរ Haaland ចេញ​តាំង​ពី​ចប់​តង់​ទី​មួយ”។ មតិ​ផ្សេង​ទៀត​ថា៖ “នេះ​កំពុង​បង្ហាញ​ច្បាស់​ណាស់ កីឡាករ​មិន​អាច​សម្រប​នឹង​ប្រព័ន្ធ​របស់​ Guardiola បាន​ឡើយ មើល​តែ​ការ​ប៉ះ​បាល់​របស់​គេ​ចុះ”។ មតិ​ចុងក្រោយ​មួយ ក៏​សង្កត់​ធ្ងន់៖ “នេះ​កេរ​ឈ្មោះ​គេ​ធ្លាប់​សាង​កន្លង​មក ត្រូវ​មក​បញ្ចប់​ត្រឹម​ប្រកួត​នេះ​ហើយ យក​ល្អ Haaland គួរ​តែ​ចូល​និវត្ត​ទៅ”។


តែ​យ៉ាង​ណា​ក៏​មាន​មតិ​លើក​ទឹក​ចិត្ត​ផ្សេង​ទៀត​ដែរ ដោយ​ព្យាយាម​ពន្យល់​ថា វា​ត្រឹម​ជា​ប្រកួត​ដំបូង ហើយ​កីឡាករ​ចាំ​បាច់​ណាស់ គឺ​ត្រូវ​ការ​ពេលវេលា​ដើម្បី​សម្រប​ឲ្យ​ត្រូវ​នឹង​ចង្វាក់​លេង​របស់​ក្រុម​ទាំង​មូល។

ក៏​ប៉ុន្តែ​បើ​យើង​ធ្វើ​ការ​ធៀប​ទៅ​ចំណូល​ថ្មី​ដូច​គ្នា គឺ Darwin Nunez របស់ Liverpool លទ្ធផល​សម្រេច​ចេញ​មក គឺ​ខុស​គ្នា​ឆ្ងាយ ដោយ​ថា​ចង្វាក់​លេង​របស់​កីឡាករ​អ៊ុយរុយហ្គាយ មើល​ទៅ​ហាក់​រស់រវើក និង​ស៊ីចង្វាក់​គ្នា​ជាង ទាំង​ការ​រក​គ្រាប់​បាល់​ក៏​បាន​ច្រើន​ផង​ដែរ បើ​ធៀប​នឹង​កីឡាករ​ន័រវែស ដែល​ការ​លេង​រាង​នៅ​ភ្លាត់​ច្រើន។ ចុះ​សម្រាប់​មតិ​យោបល់​គ្នា​យើង​វិញ គិត​ឃើញ​បែប​ណា​ដែរ ជុំវិញ​ទម្រង់​លេង​របស់​កូន​ប្រុស​បង្កើត​លោក Alf-Inge Haaland កាល​ពី​យប់​មិញ?

បញ្ជាក់​ថា ប្រកួត​បន្ទាប់​របស់ City ត្រូវ​បើក​ឆាក​ជុំ​ទី ១ PL ទល់​ញញួរ​ធំ West Ham ខណៈ Liverpool ជាប់​ភារកិច្ច​បិទ​ប្រកួត​មិត្តភាព​ទល់ Strasbourg នៅ​យប់​នេះ​សិន មុន​ការ​ចាប់ផ្តើម​រដូវ​កាល​ថ្មី ចូល​ជួប​ម្ចាស់ផ្ទះ Fulham នៅ​វេលា​ម៉ោង ០៦:៣០ នាទី​ល្ងាច ថ្ងៃ​សៅរ៍ ទី ០៦ សីហា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS SPORT៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT